ចេកទុំ១ផ្លែ លក់បានតម្លៃជាង៦លានដុល្លារអាមេរិក
បរទេស ៖ ចេកទុំ១ផ្លែបិទជាប់នឹងជញ្ជាំងពណ៌ស ដែលគេចាត់ទុកថា ជាស្នាដៃសិល្បៈអស្ចារ្យមួយ ត្រូវបានលក់ នៅក្នុងការដេញថ្លៃ នៅក្រុមហ៊ុនអង់គ្លេស Sotheby’s មានទីស្នាក់ការ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុងតម្លៃ ៦លាន២៤ម៉ឺនដុល្លារអាមេរិក ដោយផ្តើមតម្លៃដំបូង ចេញពី៨០ម៉ឺនដុល្លារ។
សិល្បករអ៊ីតាលី លោក Maurizio Cattelan ដែលជាអ្នកច្នៃ បានដាក់ឈ្មោះថា ចេក «Comedian» ឬ ជាភាសាខ្មែរ «តារាកប្លែង» ដោយគ្រាន់តែ ជាចេកមួយផ្លែ ត្រូវបានផ្អិបជាប់នឹងជញ្ជាំង ជាមួយនឹងបន្ទះក្រដាសពណ៌ប្រាក់ ប្រវែង ១៦០ សង់ទីម៉ែត្រ ពីរជាន់។
លោក David Galperin ប្រធានផ្នែកសិល្បៈសហសម័យរបស់ Sotheby’s ប្រចាំទ្វីបអាមេរិក បាននិយាយថា «វាគឺជាពិព័រណ៍សិល្បៈដំបូងបង្អស់ ដែលលោក Cattelan បានច្នៃចេញ ក្នុងរយៈពេល១៥ឆ្នាំ ទាក់ទាញចំណាប់អារម្មណ៍ពិភពលោកភ្លាមៗ។
បើតាម Sotheby’s បានបង្ហាញថា លោក Justin Sun ជាអ្នកចូលចិត្តប្រមូលស្នាដៃសិល្បៈ និងជាស្ថាបនិកនៃវេទិការូបិយប័ណ្ណគ្រីបតូ បានទទួលទិញ ក្នុងតម្លៃនេះ។ លោក Sun បាននិយាយថា «នេះមិនមែនគ្រាន់តែជាស្នាដៃសិល្បៈទេ វាតំណាងឱ្យបាតុភូតវប្បធម៌ ដែលភ្ជាប់ពិភពសិល្បៈ Memes និងសហគមន៍ cryptocurrency ។ ខ្ញុំជឿថា ការណ៍នេះ នឹងជំរុញឱ្យមានការគិត និងការពិភាក្សាបន្ថែមទៀត នៅពេលអនាគត ហើយនឹងក្លាយជាផ្នែកមួយ នៃប្រវត្តិសាស្ត្រ»។ លោក Sun បាននិយាយ អំឡុងការដេញថ្លៃ កាលពីថ្ងៃពុធទៀតថា លោកក៏មានគម្រោងបរិភោគផ្លែចេក នេះដែរ។
យ៉ាងណាមិញ ចេកបិទជាប់នឹងជញ្ជាំង ធ្លាប់ត្រូវបានលក់បានតម្លៃ ១២ម៉ឺនដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ បង្កឲ្យប្រព័ន្ធផ្សព្វផ្សាយសង្គមចលាចល និងមានការជជែកដេញដោល ពីអាយុ អំពីអត្ថន័យ នៃសិល្បៈបែបនេះ៕
ប្រភពពី CNN ប្រែសម្រួល៖ សារ៉ាត