គណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលសៀមរាប អង្គរ អញ្ជើញ ទស្សនកិច្ចសារមន្ទីរតេជោសន្តិភាព

សៀមរាប៖ ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ បានដឹកនាំ​ប្រតិភូរដ្ឋភាគី១៦៤ប្រទេស,តំណាងស្ថានទូតប្រចាំកម្ពុជាអញ្ជើញទស្សនកិច្ចស្វែងយល់សារមន្ទីរតេជោសន្តិភាពសម្រាប់សកម្មភាពមីន ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលសៀមរាបអង្គ ស្តីពីពិភព លោកមួយដែលគ្មានមីន ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នៅខេត្តសៀមរាប។

ដោយមានការចូលរួមពីលោកជំទាវ អេរី អាហ្វីយ៉ា(ERI Arfiya) អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន លោក អានដូ ណាអូគី (ANDO Naoki) អនុប្រធានជាន់ខ្ពស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ជប៉ុននិងឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋា​ភិបាល​ទទួល​បន្ទុក​ជាអគ្គនាយកអង្គភាពស៊ីម៉ាក់ កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំគណៈប្រតិភូដែលមកចូលរួមកិច្ចប្រជុំកំពូល សៀមរាបអង្គរស្តីពីពិភពលោកមួយគ្មានគ្រាប់មីន អញ្ជើញទស្សន កិច្ចសារមន្ទីរតេជោសន្តិភាព ស្ថិតនៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

ក្នុងឱកាសនេះឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល និងជា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានអរគុណ
ដល់រដ្ឋាភិបាល និងប្រជាជនជប៉ុនក្នុងការជួយដល់កម្ពុជាលើវិស័យ កម្ចាត់មីន ។កិច្ចសហការរបស់ប្រទេសជប៉ុនជាមួយកម្ពុជា​មិនត្រឹម តែមានសារៈសំខាន់ក្នុងការជំរុញសកម្មភាពមីនប៉ុណ្ណោះទេ ថែមទាំងក្នុងការជំរុញការអប់រំ និងការតស៊ូមតិដើម្បីសន្តិភាព តាមរយៈគំនិតផ្តួចផ្តើមដូចជាសារមន្ទីរនេះ។ឯកឧត្តមក៏ថ្លែងអំណរគុណចំពោះសហគមន៍អន្តរជាតិ និងរដ្ឋមន្ត្រី គណៈប្រតិភូដ៏​មាន​កិត្តិយស ឯកអគ្គរដ្ឋទូត និងតំណាងនៅទីនេះ សម្រាប់ការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះអនុសញ្ញាអូតាវ៉ា។

លោកជំទាវអនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន មានប្រសាសន៍ថា ប្រទេសជប៉ុនបាននិង​កំពុងធ្វើការលើដំណើរការសកម្មភាពមីន​មនុស្សធម៌ជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងភាគីពាក់ ព័ន្ធតាមរយៈវិធីសាស្រ្ត និងបច្ចេកវិទ្យា “ជប៉ុនទាំងអស់” ។លោក​ជំទាវបន្តថា យើងអាចណែនាំអ្នកអំពីតួនាទីដែលជប៉ុនបានអនុវត្ត រួមជាមួយនឹងកម្ពុជា ក្នុងវិស័យសកម្មភាពមីនមនុស្សធម៌។ ជប៉ុន សង្ឃឹមយ៉ាងមុតមាំថា ព្រឹត្តិការណ៍នាពេលនេះអាចរួម ចំណែកដល់ ការពិភាក្សាក្នុងន័យស្ថាបនានៅក្នុងសន្និសីលើកទី៥ ការត្រួត​ពិនិត្យឡើងវិញនៃអនុសញ្ញាអូតាវ៉ា។

វំណែកឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា បើទោះបីកម្ពុជាបានឆ្លងផុតពីភ្លើង​សង្គ្រាមក៏ដោយ តែសង្រ្គាម មានបន្សល់នូវ គ្រាប់រំសេវមិនទាន់ផ្ទុះជាច្រើន បង្កភាពភ័យខ្លាច ដល់ប្រជាជនកម្ពុជា។ សារមន្ទីរ​តេជោ​សន្តិភាពសម្រាប់សកម្មភាពមីន មិនត្រឹមតែឆ្លុះបញ្ចាំងពីដំណើររបស់ប្រទេសកម្ពុជាពីប្រទេសដែលរងផលប៉ះពាល់ដោយសារមីន​ទៅជាប្រទេសនាំមុខគេលើពិភពលោក ក្នុងសកម្មភាពមីនប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបង្ហាញពីការដោះស្រាយ រួមគ្នាក្នុងបុព្វហេតុ​សកម្មភាពមីនមនុស្សធម៌ និងការអនុវត្តគោល ការណ៍នៃអនុសញ្ញាអូតាវ៉ា និងអាចជំរុញរដ្ឋភាគី រដ្ឋមិនមែនភាគី ដៃគូ និងគ្រប់ភាគី​ពាក់ព័ន្ធទាំងអស់ បន្តធ្វើការរួមគ្នាឆ្ពោះទៅរកគោលដៅ ចុងក្រោយនៃពិភពលោកមួយដែលគ្មានមីន។ ជាពិសេសរួមគ្នា កសាងនូវ​អនាគត​មួយប្រកបដោយសុវត្ថិភាព និងកាន់តែមាន សុវត្ថិភាព សម្រាប់មនុស្សជំនាន់ក្រោយ៕
អត្ថបទនិងរូបភាព៖ ដោយ ប៊ុន រដ្ឋា

ads banner