ភ្លើងឆេះបំផ្លាញផ្ទះ ១,០០០ខ្នង ក្នុងតំបន់អនាធិបតេយ្យរបស់ហ្វីលីពីន

បរទេស៖ អាជ្ញាធរបាននិយាយថា ផ្ទះប្រហែល ១,០០០ខ្នង ត្រូវបានឆេះ នៅក្នុងគ្រោះអគ្គិភ័យ ដែលបានចាប់ផ្តើមឆាបឆេះ នៅជាន់ទីពីរ នៃផ្ទះមួយខ្នង ក្នុងចំណោមផ្ទះដែលស្ថិតនៅតំបន់អនាធិបតេយ្យ ទាំងនេះ។

អាជ្ញាធរទប់ស្កាត់គ្រោះអគ្គិភ័យ Manila Fire District បាននិយាយថា ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃអាទិត្យ ដោយអណ្តាតភ្លើង និងផ្សែងខ្មៅ យ៉ាងក្រាស់ បានបក់ទៅលើមេឃ។ ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗ អំពីមនុស្សស្លាប់ ឬ អ្នករងរបួស នោះទេ គិតត្រឹមយប់ថ្ងៃអាទិត្យ។ យោងតាមនាយកដ្ឋានពន្លត់អគ្គីភ័យ បានឱ្យដឹងថា សំណង់ទាំងនោះ មានប្រជាជនរស់នៅ ប្រហែល ២,០០០គ្រួសារ។

សេវាពន្លត់អគ្គីភ័យ និងគ្រោះមហន្តរាយ បានដាក់ពង្រាយរថយន្តចំនួន ៣៦ គ្រឿង រួមនឹងទូកពន្លត់អគ្គិភ័យចំនួន ៤ គ្រឿង ខណៈដែលកងកម្លាំងអាកាស ក៏បានបញ្ជូនឧទ្ធម្ភាគចក្រចំនួន ២គ្រឿង ទៅជួយពន្លត់ភ្លើងផងដែរ។

វីដេអូចែកចាយដោយទីភ្នាក់ងារគ្រោះមហន្តរាយរបស់ទីក្រុង បានបង្ហាញថា ផ្ទះទាំងនេះស្ថិតនៅក្នុងភូមិ Isla Puting Bato នៃទីក្រុងម៉ានីល។ អ្នកភូមិឈ្មោះ Leonila Abiertas អាយុ៦៥ ឆ្នាំដែលបានបាត់បង់ទ្រព្យសម្បត្តិស្ទើរតែទាំងអស់បានស្រែកយំប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា «ខ្ញុំពិតជាមិនដឹងថា តើខ្ញុំអាចចាប់ផ្តើមជីវិតម្តងទៀត ដោយរបៀបណានោះទេ បន្ទាប់ពីភ្លើងឆេះ»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner