កីឡាករប្រណាំង Class C កើនឡើងទាំងការចូលរួម ទាំងបច្ចេកទេសបញ្ជារថយន្ត និងក្រុមជាង

(ព្រះសីហនុ)៖ ព្រឹត្តិការណ៍ប្រណាំងរថយន្ត off-Road អន្តរជាតិ នៅខេត្តព្រះសីហនុ នាឆ្នាំ២០២៤នេះ លោក វង្ស គឹមហួត ប្រធានគណៈកម្មការរៀបចំបច្ចេកទេស និងទីលានប្រណាំង បានបង្ហាញការចាប់អារម្មណ៍ចំពោះការចូលរួមប្រកួតក្នុង Class C ដែលមានកីឡាករថ្មីៗចូលប្រកួតច្រើនជាងលើកមុន ហើយក៏បានសរសើរចំពោះសមត្ថភាព បច្ចេកទេស និងការយល់ដឹងពីលក្ខខន្តិកៈប្រកួតបានច្រើនជាងមុនរបស់ក្រុមកីឡាករទាំង៣ Class នេះ។

លោក វង្ស គឹមហួត បានបញ្ជាក់ថា ដំណើរការរៀបចំនិងការប្រកួត off-Road អន្តរជាតិនៅខេត្តព្រះសីហនុ ក្នុងថ្ងៃទី១ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានប្រព្រឹត្តទៅយ៉ាងរលូនតាមការគ្រោងទុក ក្នុងនោះទឹកដៃក្រុមកីឡាករដែលប្រកួតក្នុង Class A និង Class B ក៏សុទ្ធតែបានបង្កើននូវសមត្ថភាព បច្ចេកទេស និងការយល់ពីលក្ខខន្តិកៈបានច្រើនជាងមុន។ ប្រធានគណៈកម្មការរៀបចំបច្ចេកទេសរូបនេះ ក៏ចាប់អារម្មណ៍ចំពោះការចូលរួមប្រកួតក្នុង Class C ដែលមានចំនួនច្រើនជាងឆ្នាំមុនៗ អ្នកថ្មីៗក៏បានចូលរួមប្រកួតនឹងគេ ហើយក៏មានទាំងកីឡាការនីចូលរួមច្រើនជាងមុនទៀតផងដែរ ដែលនេះជាវឌ្ឍនភាពថ្មីមួយទៀតសម្រាប់វិស័យកីឡាយានយន្តនៅកម្ពុជា។

លោក វង្ស គឹមហួត ដែលជាកីឡាប្រណាំងយានយន្តដ៏ឆ្នើមរបស់កម្ពុជាមួយរូបនោះ បានបន្តទៀតថា ក្រុមកីឡាករមកប្រកួតលើកនេះ មានទឹកដីល្អជាងមុន ការកែច្នៃគ្រឿងម៉ាស៉ីនរថយន្តក៏កាន់តែរឹងមាំនិងត្រឹមត្រូវជាងមុន រីឯក្រុមនីមួយៗមានទាំងក្រុមជាងរៀងៗខ្លួន ដែលរង់ចាំជួសជុលរថយន្ត នៅពេលរងការខូតខាតក្នុងពេលប្រកួតនេះ សក្តិសមជាក្រុមកីឡាករប្រណាំងយានយន្តអាជីព ពីព្រោះកន្លងមក កីឡាករខ្លះមិនមានក្រុមជាងផ្ទាល់ខ្លួននោះឡើយ។

លោក វង្ស គឹមហួត បន្ថែមថា អ្វីដែលគួរឱ្យចាប់អារម្មណ៍ ក្នុងថ្ងៃដំបូងនេះ កុ្រមរថយន្តនៅក្នុង Class A (Hard core) បានជួបឧបសគ្គដ៏មហាលំបាកៗ ដែលធ្វើឱ្យរថយន្តប្រណាំងទាំងឡាយ ខ្លះដួលបះផ្ងារកង់ បោលបោកនឹងភ្នំ ឈ្មុលថ្ម មុជក្បាលនឹងដី ខៃដីហុយទ្រលោម ខ្លះដាច់ក្រឡេ បែកធុងទឹក ហៀរប្រេងម៉ាស៉ីន ខ្លះទៀតខូតខាតផ្នែកខ្លះនៃគ្រឿងម៉ាស៉ីនជាដើម ពោលគឺបង្ហាញពីភាពពុះពរស្វិតស្វាញក្នុងការប្រណាំងរថយន្ត off-Road នេះ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងរថយន្ត off-Road អន្តរជាតិខេត្តព្រះសីហនុ ឆ្នាំ២០២៤ គឺមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ដែលមានការចូលរួមប្រកួតពីសំណាក់ក្រុមកីឡាករកម្ពុជា ថៃ វៀតណាម ឡាវ ឥណ្ឌូណេស៉ី ចិន រុស្ស៉ី ជាដើម ដោយក្នុងនោះមានរថយន្តចូលរួមប្រកួតសរុប៥១គ្រឿង ហើយបើគិតទាំង Driver, co-Driver, ក្រុមការងារជំនួយ និងក្រុមជាងជួសជុលផងនោះ គឺមានចំនួនប្រមាណ៧៥០នាក់។ ចំពោះថ្ងៃស្អែក នឹងធ្វើការប្រណាំង Class A ចំនួន៤ដំណាក់កាល , Class B ចំនួន២ដំណាក់កាល និង Class C (Overland) ចំនួន២ដំណាក់កាល ៕

អត្ថបទ-រូបភាព ៖ លោក ចាន់ វិចិត្រ និងសែម បូរិន

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner