មេប៉ូលិសថៃ៖ ករណីបាញ់សម្លាប់លោក លិម គិមយ៉ា ជាជម្លោះផ្ទាល់ខ្លួន មិនពាក់ព័ន្ធនឹងរឿងនយោបាយ និងកម្រិតប្រទេសទេ

ក្រុមមេប៉ូលិសថៃបានកោះប្រជុំមួយកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ លើកឡើងពីករណីបាញ់សម្លាប់អតីតតំណាងរាស្ត្រគណបក្សប្រឆាំងនៅកម្ពុជា លោក លិម គិមយ៉ា ថា ជាជម្លោះផ្ទាល់ខ្លួន មិនពាក់ព័ន្ធនឹងរឿងនយោបាយ និងកម្រិតប្រទេសទេ ហើយបានបញ្ជាក់ថា ប៉ូលិសធ្វើការ មិនព្យាយាមផ្គាប់ចិត្តអ្នកណាម្នាក់ឡើយ។

ទាក់ទិននឹងការវិវឌ្ឍរឿងឃាតកម្មលើលោក លិម គិមយ៉ា អតីតសមាជិកសភាបក្សប្រឆាំងខ្មែរ នាយឧត្តមសេនីយ៍ គិទីរ៉ាត់ មានប្រសាសន៍ថា លោកបានទទួលរបាយការណ៍ថា ក្រោយកើតហេតុសមត្ថកិច្ចបានកំណត់មុខសញ្ញាជនដៃដល់បានក្នុងរយៈពេលប៉ុន្មានម៉ោង យើងអាចចាប់ជនបង្កបាន២នាក់ មកផ្តន្ទាទោសតាមច្បាប់។ បច្ចុប្បន្នកំពុងសម្របសម្រួលជាមួយភាគីកម្ពុជា ដើម្បីតាមចាប់ជនសង្ស័យ២នាក់ទៀត ដែលរត់គេចខ្លួន មកផ្តន្ទាទោសតាមច្បាប់។ ប៉ូលិសថៃលើកក្នុងអង្គប្រជុំថា យើងដឹង ហេតុការណ៍នេះកើតឡើង ចេញពីជម្លោះផ្ទាល់ខ្លួនរវាងនិយោជក និងអ្នកស្លាប់។ ទោះយ៉ាងណាត្រូវបានគេបញ្ជាក់ថា មិនត្រូវបានរកឃើញថាពាក់ព័ន្ធនឹងនយោបាយជាតិនោះទេ។

នាយឧត្តមសេនីយ៍ គិទីរ៉ាត់ បញ្ជាក់ថា “និយាយលើកនេះ ក្នុងនាមជាអគ្គស្នងការនគរបាលជាតិ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនការពារ ឬនិយាយដើម្បីផ្គាប់ចិត្តនរណាម្នាក់នោះទេ ប៉ុន្តែវិធីស៊ើបអង្កេតបានចេញមកបែបនេះ» ។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានគូសបញ្ជាក់ឱ្យដឹងថា ករណីឃាតកម្មលើលោក លិម គិមយ៉ា ជាសំណុំរឿងកើតឡើងនៅប្រទេសថៃ ហើយធ្វើការស្រាវជ្រាវស៊ើបអង្កេតដោយនគរបាលថៃ។ ការវាយតម្លៃរបស់មេប៉ូលិសថៃ បានន័យថា គេមានភស្តុតាងគ្រប់គ្រាន់ ផ្អែកទៅលើអង្គហេតុ និងអង្គច្បាប់។ ដូច្នេះ ការវាយតម្លៃរបស់គេ សុធតែមានភស្តុតាងហើយ ទើបគេវាយតម្លៃថា មិនពាក់ព័ន្ធនឹងរឿងនយោបាយ និងកម្រិតប្រទេសទេ។ ឯកឧត្តមបានឱ្យដឹងទៀតថា ជាទូទៅ មុននឹងធ្វើការសន្និដ្ឋាន សមត្ថកិច្ចគឺត្រូវតែមានហេតុផលច្បាស់លាស់អ៊ីចឹងហើយ យើងក៏អបអរសាទរចំពោះការវាយតម្លៃប្រកបដោយសុភវិនិច្ឆ័យរបស់ប៉ូលិសថៃដែរ៕
ដោយ៖ពលជ័យ

ads banner