កូនដំរី”លំផាត់”គិតត្រឹមថ្ងៃទី១០ ខែកុម្ភៈ មានរយៈពេល ២ខែគត់ដែលត្រូវបានគេសង្រ្កោះ ហើយមករស់នៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ
(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ខានស្អែកនេះ «លំផាត់» បានផ្លាស់លំនៅ មកស្នាក់អាស្រ័យនៅ មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ បាន២ខែគត់ ។ នេះបើតាមការលើកឡើងពីសំណាក់មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-08_18-24-53-1024x682.jpg)
បញ្ជាក់តាមបណ្តាញសង្គម ហ្វេសប៊ុកនៅថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២៥នេះ លោក ជំទាវ អ៊ឹម រចនា មន្រ្តីអ្នកនាំពាក្យក្រសួង កសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា៖ តាមរយៈការថែរក្សា និងព្យាបាលយ៉ាងយកចិត្ត ទុកដាក់ពីមន្ត្រីជំនាញរបស់យើង សហការជាមួយអង្គការដៃគូ របួសជើងរបស់លំផាត់ មានសភាពធូរ ស្រាលជាងមុនច្រើន និងឈានទៅជាសះស្បើយទាំងស្រុងនាពេលខាងមុខដ៏ខ្លីនេះ។ មិនដល់ ២ខែ ស្រួលបួលផង លំផាត់ឡើងទម្ងន់ពី ១៣៨គីឡូក្រាម ដល់ ១៧២គីឡូក្រាម ។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-08_18-24-57-1024x682.jpg)
លោកជំទាវបានបន្តឱ្យដឹងថាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមជ្ឈមណ្ឌលសង្គ្រោះសុត្វព្រៃភ្នំតាម៉ៅ សូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ជូនចំពោះថ្នាក់សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា នឹងអ៊ុពូមីងបងប្អូនគ្រប់មជ្ឈដ្ឋាន ដែលអាណិតស្រឡាញ់លំផាត់ និងបានជួយឧបត្ថម្ភថវិកា ទឹក ដោះគោ និងសម្ភារៈបរិក្ខាផ្សេងៗ ដើម្បីសម្រួលដល់ដំណើរការព្យាបាល នឹងការសម្របខ្លួនរបស់លំ ផាត់ ដែលផ្លាស់មករស់នៅកន្លែងថ្មី។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-08_18-25-00-1024x682.jpg)
មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មបានលើកឡើងដែរថា”ការអញ្ជើញទៅទស្សនាលំផាត់ និងសត្វព្រៃដទៃទៀត ដែលកំពុងស្ថិតនៅក្រោមការសង្គ្រោះ ថែរក្សា របស់មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ របស់អីពូមីង ក៏ជាកម្លាំងចិត្តសម្រាប់មន្ត្រីទាំងអស់ និងជា ការគាំទ្រមួយដ៏សំខាន់មិនអាចខ្វះបានសម្រាប់ទ្រទ្រង់ដំណើរការទូទៅរបស់មជ្ឈមណ្ឌលយើង”។
ទាក់ទិនក្នុងរឿងនេះ លោក ជំទាវ អ៊ឹម រចនា បានឱ្យដឹងបន្ថែមថា៖តាមរយៈករណីលំផាត់ ក្រសួងនិងមជ្ឈមណ្ឌល សង្ឃឹមថា ប្រជាពលរដ្ឋទាំងអស់ បានយល់កាន់តែ ច្បាស់អំពីធនធានសត្វព្រៃនៅកម្ពុជា នឹងការប្រឈមមួយចំនួន ដែលទាមទារការយកចិត្តទុកដាក់ និង រួមគ្នាលុបបំបាត់ឲ្យខាងតែបាន ដើម្បីថែរក្សាសត្វព្រៃកម្រនៅកម្ពុជាឲ្យមាននិរន្តរភាពជារៀងដរាប៕
ដោយ ៖ ម៉ាដេប៉ូ
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-08_18-25-03-1024x682.jpg)