ស្ថានឯកអគ្គរាជទូតកម្ពុជា សហការជាមួយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន រៀបចំពិព័រណ៍ម្ហូបអាហារកម្ពុជា “Cambodia Food Show” ដើម្បីផ្សព្វផ្សាយលើកកម្ពស់ការទូតម្ហូបអាហារខ្មែរ និងជំរុញទីផ្សារផលិតផលខ្មែរក្នុងប្រទេសជប៉ុន

(ជប៉ុន)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន សហការជាមួយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន បានរៀបចំពិព័រណ៍ម្ហូបអាហារកម្ពុជា “Cambodia Food Show” ក្នុងគោលបំណងផ្សព្វផ្សាយនិងពង្រីកការយល់ដឹងជាអន្តរជាតិអំពីវប្បធម៌ម្ហូបអាហារខ្មែរដ៏សម្បូរបែប និងកេរ្តិ៍ដំណែលនៃការធ្វើម្ហូបរាប់ពាន់ឆ្នាំរាប់មិនអស់ ជាមួយនឹងការបង្ហាញអំពីការធ្វើម្ហូប ពិព័រណ៍ផលិតផលខ្មែរ និងសិក្ខាសាលាផ្សព្វផ្សាយអំពីវប្បធម៌ ទេសចរណ៍ និងសកម្មភាពពាណិជ្ជកម្មកម្ពុជា ក្នុងទិសដៅចូលរួមលើកកម្ពស់ការទូតម្ហូបអាហារខ្មែរ និងជំរុញទីផ្សារផលិតផលខ្មែរក្នុងប្រទេសជប៉ុន ក្រោមយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច ជាមួយនឹងការបង្កើតនូវបណ្ដាញធុរកិច្ចពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត រវាងកម្ពុជានិងជប៉ុន ដៃគូពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការផ្សេងៗនាពេលអនាគត ។

ពិព័រណ៍ម្ហូបបអាហារកម្ពុជា បាននាំភ្ញៀវជប៉ុនឱ្យស្គាល់នូវសៀវភៅមុខម្ហូប “The Taste of Angkor” ដែលជាស្នាដៃរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងបានឈ្នះពានរង្វាន់សៀវភៅធ្វើម្ហូបអាហារ Gourmand Cookbook Awards ពីរប្រភេទគឺ “Best Asian Cuisine Book” ពីរឆ្នាំជាប់គ្នា និង “Heads of State Food” ។ បច្ចុប្បន្ននេះ កម្រងរូបមន្តក្នុងសៀវភៅធ្វើម្ហូបនេះ ប្រែក្លាយប្រពៃណីខ្មែររាប់ពាន់ឆ្នាំទៅជារូបមន្តជាក់ស្តែង ដើម្បីធ្វើមុខម្ហូបដែលយើងចូលចិត្តបំផុត ហើយវាក៏បង្ហាញពីទ្រព្យសម្បត្តិនៃមរតកម្ហូបខ្មែរដ៏មានតម្លៃសម្រាប់ចែករំលែកដល់មិត្តភ័ក្តិទូទាំងពិភពលោក។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា បានសម្ដែងនូវអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ដែលតែងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងជប៉ុន ជាពិសេសការបន្តគាំទ្រ និងសហការរៀបចំនូវព្រឹត្តិការណ៍ដ៏សំខាន់នេះ ។

ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការជំរុញការទូតម្ហូបអាហារខ្មែរ និងផលិតផលខ្មែរ ក្នុងឱកាសនេះ ជាមួយនឹងការជំរុញឱ្យម្ចាស់ក្រុមហ៊ុន និងតំណាងក្រុមហ៊ុនដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ ទាញយកអត្ថប្រយោជន៍ពីព្រឹត្តិការណ៍នេះ ដើម្បីឈានទៅដល់ការដាក់ទុនវិនិយោគនៅកម្ពុជា ក៏ដូចជាទៅទស្សនានៅកម្ពុជា នាពេលខាងមុខឆាប់ៗនេះ ។

គួរបញ្ជាក់ផងដែរថា ៖ តាមរយៈព្រឹត្តិការណ៍នេះដែរ ភ្ញៀវទាំងអស់ទទួលបាននូវបទពិសោធន៍សំខាន់ៗជាក់ស្ដែង រួមមានជាអាទិ៍៖

-ស្គាល់នូវផលិតផលសក្ដានុពលខ្មែរជាច្រើនមុខ ជាពិសេសអង្ករ គ្រាប់ស្វាយចន្ទីរ ម្រេចកំពត ជ្រក់ម្រេច ដំណាប់ស្វាយ ទឹកស្វាយ ស្ករត្នោត ស្រាសខ្មែរ ស្រាបៀរអង្គរ ក្រម៉ាខ្មែរ ។ល។ ដែលត្រូវបានចូលរួមតាំងបង្ហាញពីក្រុមហ៊ុនជប៉ុន ដែលនាំចូល និងចែកចាយលក់ផលិតផលខ្មែរនៅប្រទេសជប៉ុន ចំនួន ៩ក្រុមហ៊ុន។

-ស្វែងយល់ពីសក្តានុពលវប្បធម៌ខ្មែរ ទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា តាមរយៈសិក្ខាសាលាផ្សព្វផ្សាយអំពីវិស័យកសិ-ម្ហូបអាហាររបស់កម្ពុជា វប្បធម៌ ទេសចរណ៍ ព្រមទាំងករណីសិក្សានៃភាពជាដៃគូពាណិជ្ជកម្មកម្ពុជា-ជប៉ុន ដែលទទួលបានជោគជ័យក្នុងអាជីវកម្មម្ហូបអាហារ។

-ទស្សនាអំពីរបៀបចម្អិនម្ហូបអាហារខ្មែរ (Cooking Demonstration) រួមមាន អាម៉ុកត្រី ឡូកឡាក់សាច់គោ ញាំស្វាយខ្ចីស្កាឡបុ ដែលធ្វើផ្ទាល៎ដោយចុងភៅខ្មែរដ៏ល្បីមកពីភោជនីយដ្ឋានលម្អង ខេត្តសៀមរាប និងបានចម្អិនម្ហូបមួយចំនួនទៀតផងដែរសម្រាប់ភ្ញៀវភ្លក់រស់ជាតិ រួមមាន ញាំត្រយ៉ូងចេកសាច់មាន់ សម្លម្ជូរត្រយ៉ូងចេកសាច់មាន់ ឆាមាន់គល់ស្លឹកគ្រៃ ញាំតាំងហ៊ុន ឆាត្រប់សាច់ជ្រូក និងសង់ខ្យាល្ពៅ ។ ចំណែកឯស្ថានទូតក៏បានរៀបចំ ម្ហូបអាហារមួយចំនួនផងដែរ រួមមាន៖ នំបញ្ចុកសម្លខ្មែរ សម្លកកូរសាច់ជ្រូក សាច់គោអាំង នំអន្សម នំគម និងបង្អែមខ្មែរ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner