នាយករដ្ឋមន្ត្រី ប្រកាសរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ទ្រង់ទ្រាយធំក្នុងខេត្តសៀមរាប

(សៀមរាប)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាណាចក្រកម្ពុជា បានប្រកាស រៀបចំព្រឹត្តិការណ៍ អង្គរសង្ក្រាន្តទ្រង់ទ្រាយធំឡើងវិញ នៅខេត្តសៀមរាប ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ។ សម្ដេចបវរធិបតី បានថ្លែងដូច្នេះ ក្នុងពិធីប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ ជូននិស្សិតជ័យលាភីចំនួន ១ ៥១៨ អង្គ/នាក់ នៃសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្រាប់ប្រជាពលរដ្ឋថា សូមនាំគ្នា​ជួយគាំទ្រ ដើម្បីឱ្យកម្មវិធី មានភាពអធឹបអធម ដើម្បី​ទាក់ម៉ូយទេសចរណ៍ មកលេងខេត្តសៀមរាប កាន់តែច្រើន ។

សម្តេចបវរធិបតី មានប្រសាសន៍ថា ខែមេសា ឆ្នាំនេះ គឺយើង​រៀបចំអង្គរសង្ក្រាន្តធំ នៅខេត្តសៀមរាបនេះ ម្ដងទៀត ។ ចឹង​សូមត្រៀម ដើម្បីធ្វើឱ្យសង្ក្រាន្ត អង្គរ របស់យើងឆ្នាំនេះ កាន់តែសប្បាយ ទាក់ម៉ូយឱ្យបានច្រើន ។

សូមរំលឹកថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ត្រូវបានផ្ដួចផ្ដើម រៀបចំ​ឡើង ជាផ្ទាំងទស្សនីយភាព វប្បធម៌ទ្រង់ទ្រាយធំ ជាលើកដំ​បូង នៅក្នុងឆ្នាំ២០១៣ លើទឹកដីអង្គរ នៃខេត្តសៀមរាប រៀប​ចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុង​គោលបំណងប្រមូលផ្តុំយុវជន និងសាធារណជន ដើម្បីអបអរ​សាទរពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមហាគ្រួសារ​ខ្មែរ​តែមួយ រម្លឹក និងធ្វើឱ្យរស់រវើកឡើង នៃមរតកបេតិកភណ្ឌ​អរូបីខ្មែរ ចូលរួមថែរក្សា និងអភិវឌ្ឍន៍ វប្បធម៌ជាតិ និងលើក​ស្ទួយកិត្យានុភាពជាតិ លើឆាកអន្តរជាតិ ផ្តល់ឱកាសដល់​យុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបាន​សិក្សា​អំពីកិត្តិនាម ភាពចម្រុះនៃវប្បធម៌ អរិយធម៌ ប្រពៃណី និងសាសនា ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner