NEA បន្តរៀបចំវេទិកា ការងារដោយនាំយកឱកាសការងារថ្មី​បន្ថែមទៀតចំនួនជាង ១៥០០កន្លែង សម្រាប់យុវជន

(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃ​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ​សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ សន្តិសុខ​​សង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ដោយនាំយកក្រុមហ៊ុនធំៗចំនួន១០ ដើម្បីផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន១៥៣៦ កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកកំពុង​ស្វែងរក​ការងារធ្វើ ។

ក្រុមហ៊ុនធំៗទាំង១០ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះ​មានដូចជា៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជេកស៍ (ខេមបូឌា) ម.ក, ក្រុមហ៊ុន ត្រាំ ហ្វីតនេស ឯ.ក , ក្រុមហ៊ុនហ្គោលហ្វាយនេន​សល់​គ្លូប៊លអ៊ិនវេសម៉ិន, ក្រុមហ៊ុន ក្រៀលកម្ពុជា, ក្រុមហ៊ុន Mengly J Quach Education Plc, ក្រុមហ៊ុន ហ៊ួស៊ីន អ៊ិនធើណេសិនណល ស្គូល(ខេមបូឌា), ក្រុមហ៊ុន ICE Electronics ,គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី, ក្រុមហ៊ុន អាយឃែរ ល៉ីស៊ីង, ក្រុមហ៊ុន មីស្ទីន (ខេមបូឌា) MISTINE (CAMBODIA), ក្រុមហ៊ុន អេ ជី ប៊ី ខនសាល់ធីង ឯ.ក។

លោក ហេម ប៊ុណ្ណារិទ្ធិ មន្ត្រីជ្រើសរើសបុគ្គលិកជាន់ខ្ពស់ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK លើកឡើងថា AMK នឹងនាំយកនូវឱកាសការងារជាច្រើនមុខតំណែងនៅថ្ងៃទី២៧ ខាងមុខនេះ ដែលក្នុងនោះមានទាំងត្រូវការបទពិសោធន៍ និងមិនត្រូវការបទពិសោធន៍។

មន្ត្រីជ្រើសរើសបុគ្គលិកជាន់ខ្ពស់រូបនេះ ក៏បានអំពាវ​នាវ​ដល់​យុវជន សិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ សូមយកប្រវត្តិរូបសង្ខេប (CV) ដើម្បី​ដាក់​ពាក្យ និងសម្ភាសផ្ទាល់ជាមួយ AMK និងតំណាងក្រុម​ហ៊ុន​ដទៃទៀតបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងារ​រាជធានីភ្នំពេញរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨ ៦៦ ៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner