ក្រសួងប្រៃសណីយ៍ជួបប្រជុំទ្វេភាគីជាមួយតំណាងក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ដើម្បីពិគ្រោះយោបល់លើសេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីបញ្ញាសិប្បនិម្មិត
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានជួបប្រជុំទ្វេភាគីជាមួយតំណាងក្រសួងសុខាភិបាល ដឹកនាំដោយ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ដើម្បីពិភាក្សានិងស្នើសុំផ្តល់ធាតុចូលលើសេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីបញ្ញាសិប្បនិម្មិត នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

នារសៀលថ្ងៃដដែលនេះ ឯកឧត្ដមរដ្ឋលេខាធិការ បានបន្តជួបប្រជុំជាមួយតំណាងក្រសួងទេសចរណ៍ ដឹកនាំដោយ លោក ចែម រ៉ាណែល អគ្គនាយករងក្រសួងទេសចរណ៍។

ក្នុងកិច្ចប្រជុំទាំងពីរ ក្រុមការងារក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានជម្រាបជូនតំណាងក្រសួងទាំងពីរអំពីមូលហេតុនិងសាវតារនៃការរៀបចំសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិនេះ ព្រមទាំងបានធ្វើបទបង្ហាញអំពីខ្លឹមសារសេចក្ដីព្រាងជូនតំណាងក្រសួង។

តំណាងក្រសួងទាំងពីរបានគាំទ្រការរៀបចំសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិនេះ និងបានផ្ដល់ព័ត៌មានសំខាន់ៗជាច្រើនអំពីអាទិភាពតាមវិស័យនិងសក្ដានុពលនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិតនៅតាមវិស័យរៀងៗខ្លួន។ តំណាងក្រសួងនិងពិភាក្សាបន្តផ្ទៃក្នុងក្រសួង ហើយនឹងផ្ដល់ធាតុចូលជាលាយលក្ខណ៍អក្សរមកក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីធ្វើឱ្យសេចក្តីព្រាងនេះកាន់តែមានភាពគ្រប់ជ្រុងជ្រោយនិងទិសដៅកាន់តែច្បាស់លាស់សម្រាប់ប្រែក្លាយចក្ខុវិស័យជាការពិតនិងកសាងប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិតដ៏រស់រវើក សំដៅចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា៕
ដោយ ៖ ង៉ាន់ ទិត្យ

