លោក Trump ថា នឹងនិយាយជាមួយលោក Xi ចុងសប្តាហ៍នេះ
មូស្គូ ៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃចន្ទថា រូបលោកនឹងធ្វើកិច្ចពិភាក្សាជាមួយប្រមុខដឹកនាំចិន លោក ស៊ី ជីនពីង ឆាប់ៗនេះ ក្រោយទំនាក់ទំនងរវាងអាមេរិក និងចិន ត្រូវបានកែលម្អឡើងវិញ បន្ទាប់ពីមានកិច្ចព្រមព្រៀងមួយ សំដៅកាត់បន្ថយពន្ធទៅវិញទៅមករយៈពេល ៩០ថ្ងៃ។
លោកប្រធានាធិបតី ត្រាំ បានគូសបញ្ជាក់ថា ម្សិលមិញ យើងបានកំណត់ទំនាក់ទំនងទ្វេភាគីឡើងវិញជាមួយចិន បន្ទាប់ពីការចរចាប្រកបដោយផលិតភាពនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ការចរចានោះគឺល្អណាស់ ហើយខ្ញុំនឹងនិយាយទៅកាន់លោកប្រធានាធិបតី ស៊ី ប្រហែលជានៅចុងសប្តាហ៍នេះ។
អាមេរិក និងចិនបានព្រមព្រៀងគ្នាកាត់បន្ថយការតំឡើងពន្ធទៅវិញទៅមក សម្រាប់រយៈពេល ៩០ថ្ងៃ មកនៅត្រឹម ១១៥ភាគរយដូចគ្នា ក្នុងនោះ ពន្ធដែលចិនដាក់លើអាមេរិកធ្លាក់ចុះ ១០% ពីពន្ធដំបូង១២៥% ខណៈដែលពន្ធរបស់អាមេរិកលើប្រទេសចិន ធ្លាក់ចុះ៣០% ពីកម្រិតពីមុន ដែលមាន១៤៥% នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន cnbc កាលពីថ្ងៃចន្ទ។
ការឯកភាពគ្នានេះ ត្រូវបានសម្រេច បន្ទាប់ពីមន្ត្រីតំណាងពាណិជ្ជកម្មអាមេរិក និងចិន បានជួបពិភាក្សាគ្នានៅក្នុងប្រទេសស្វីស កាលពីចុងសប្តាហ៍។ យ៉ាងណាមិញ ទាំងភាគីចិន និងអាមេរិក បាននិយាយថា ពួកគេនឹងបន្តការពិភាក្សា ផ្តោតលើគោលនយោបាយសេដ្ឋកិច្ច និងពាណិជ្ជកម្មបន្ថែមទៀត៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា