អាជ្ញាធរខណ្ឌឫស្សីកែវបន្តយុទ្ធនាការរៀបចំសណ្ដាប់ធ្នាប់ ចាប់ពីខាងជើងស្ពានជ្រោយចង្វារ មកទល់ស្ពានព្រែកព្នៅ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ក្រោយមានការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លើវិធានការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវសាធារណៈ ក្នុងរាជធានីភ្នំពេញ តំណាងលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ បានដឹកនាំមន្ត្រីការិយាល័យជុំនាញពាក់ព័ន្ធ កម្លាំងសមត្ថកិច្ចសណ្ដាប់ធ្នាប់ និងអាជ្ញាធរសង្កាត់ ភូមិ បានចាប់ផ្ដើមប្រតិបត្តិការក្ដៅក្នុងការចុះរៀបចំសណ្ដាប់ធ្នាប់ ចាប់ពីខាងជើងស្ពានជ្រោយចង្វារ ត្រង់ចំណុចកែងស្តុបផ្លូវលេខ៦៨ តាមបណ្ដោយផ្លូវជាតិលេខ៥ រហូតមកទល់គល់ស្ពានព្រែកព្នៅ (ហៅស្ពានលោកឧកញ៉ា លី យ៉ុងផាត់) ក្នុងភូមិសាស្ត្រខណ្ឌ បានយ៉ាងល្អប្រសើរ បន្ទាប់ពីមានការចូលរួមសហការ និងយល់បញ្ហាផ្លូវច្បាប់បានច្រើន ពីសំណាក់ប្រជាពលរដ្ឋ និងប្រជាអាជីវករលក់ដូរផ្សេងៗ។

លោកបានបញ្ជាក់ថា ក្នុងយុទ្ធនាការ ក្រៅពីការចុះរៀបចំសណ្ដាប់ធ្នាប់នៅផ្នែកខាងលើឲ្យមានរបៀបរៀបរយបាន គឺអាស្រ័យទៅលើមានការចូលរួមសហការពីប្រជាពលរដ្ឋ និងប្រជាអាជីវករយល់ដឹងច្រើន ពីបញ្ហាប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈ ដោយក្នុងនោះមានទាំងអាជ្ញាធរ មន្ត្រីការិយាល័យជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ នៅតែបន្តវិធានការអនុវត្ត ដើម្បីឲ្យមានប្រសិទ្ធភាព នៅតាមគោលដៅសំខាន់ៗមួយចំនួនទៀត មានដូចជា ត្រង់ចំណុចបរិវេណផ្សារសាំហាន់ ផ្សារងិនអាន ក្នុងសង្កាត់ទួលសង្កែទី១ និងផ្សារឯករាជ្យ តាមបណ្ដោយផ្លូវលេខ៥៩៨ (ហៅផ្លូវ ជា សុផារ៉ា) ក្នុងសង្កាត់ទួលសង្កែទី២ ក្នុងការពង្រីកវិសាលភាពនៃការអនុវត្តច្បាប់ ស្ដីពីផ្លូវថ្នល់ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ច្បាប់ស្ដីពីការគ្រប់គ្រង និងលិខិតបទដ្ឋានគតិយុត្តនានា ឈានទៅរករក្សាបានសណ្ដាប់ធ្នាប់របៀបរៀបរយតាមដងផ្លូវ សម្រួលលំហូរចរាចរណ៍ លើកកម្ពស់សោភ័ណភាពទីក្រុង តាមសេចក្ដីណែនាំយ៉ាងម៉ឺងម៉ាត់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner