សិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការងារនៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០១៨ និងទិសដៅអនុវត្តបន្តឆ្នាំ២០១៩

អត្ថបទដោយ៖
Kien Sereyvuth

នៅរដ្ឋបាលសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ មានបើកសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការងារនៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០១៨ និងទិសដៅអនុវត្តបន្តឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ពិន ប្រាកដ អភិបាលរងខេត្ត។ លោក ពិន ប្រាកដ បានធ្វើការកោតសរសើរពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនរបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងរយៈពេលមួយឆ្នាំនេះ ដើមី្បលើកកម្ពស់នូវការយល់ដឹងពីតម្រូវការរបស់ស្ត្រី និងកុមារ ព្រមទាំងបង្កើនភាពអង់អាចដល់ស្ត្រីក្នុងក្របខណ្ឌ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ។

លោកបានបន្តទៀតថា ការអនុវត្តតួនាទីភារកិច្ចទទួលបានជោគជ័យ និងមានប្រសិទ្ធភាព ក៏ដោយមានកិច្ចគាំទ្រសហការល្អរបស់ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល។ លោកគូសបញ្ជាក់ថា អង្គសិក្ខាសាលានេះ នឹងឆ្លុះបញ្ចាំងនូវវឌ្ឍនភាព ក្នុងការបោះជំហានទៅមុខលើការអនុវត្តតួនាទី ភារកិច្ចរបស់គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រីនិងកុមារ ដើមី្បសម្របសម្រួល ផ្តល់យោបល់ដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តអនុវត្តតួនាទី ភារកិច្ចចាប់តាំងពីអាណត្តិទី១រហូតដល់បច្ចុប្បន្ននេះ ក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងគោលនយោបាយ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមផែនការអភិវឌ្ឍន៍ខេត្ត និងកម្មវិធីវិនិយោគខេត្តបីឆ្នាំរំកិល។

លោក ពិន ប្រាកដ មានការជឿជាក់យ៉ាងមុតមាំថា អង្គសិក្ខាសាលានេះ ពិតជាទទួលបាននូវព័ត៌មានថ្មីៗ បន្ថែមទៀត អំពីបទពិសោធន៍ ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងនីតិវិធីដោះស្រាយបញ្ហាទាំងនោះ ដើម្បីឆ្លើយតបទៅនឹងសមភាពយេនឌ័រ ស្រី្ត យុវវ័យ កុមារ និង ជនងាយរងគ្រោះ នៅមូលដ្ឋានបានល្អប្រសើរ ព្រមទាំងជាមូលដ្ឋានសម្រាប់លើកជាយោបល់ និងអនុសាសន៍ ជូនក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំសង្កាត់ ក្នុងការផ្តល់ការគាំទ្រដល់ការពង្រឹងភាពអង់អាចដល់ស្ត្រីជាអ្នកដឹកនាំ និងជំរុញឲ្យការងារពាក់ព័ន្ធលើកកម្ពស់សមភាពយេនឌ័រ ស្រី្ត យុវវ័យ កុមារ និងជនងាយរងគ្រោះ ដើម្បីឈានឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍន៍សហសវត្ស និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកស្ត្រីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ សង្គម ស្ត្រីជាមាតានៃពិភពលោក រីឯយុវវ័យនិងកុមារគឺជាទំពាំងស្នងប្ញសី្ស៕ ដោយៈ ម៉ី សុខារិទ្ធ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner