សម្តេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍១០ចំណុចដល់កងទ័ពទាំងអស់ដើម្បីធានាថា សង្គមកម្ពុជាមានសន្តិភាព ទោះក្នុងកាលៈទេសៈណាក៏ដោយ មិនត្រូវឲ្យនរណាបំផ្លាញសន្តិភាពបាននោះឡើយ

អត្ថបទដោយ៖
Kien Sereyvuth

ក្នុងពិធីអបអរសាទរខួប២០ឆ្នាំថ្ងៃកំណើតកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃព្រហស្បតិ៍ត ៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដាក់ចេញនូវអនុសាសន៍១០ចំណុចដល់មន្ត្រីយោធាទាំងអស់ ដើម្បីធានាថា សង្គមកម្ពុជាមានសន្តិភាព ទោះក្នុងកាលៈទេសៈណាក៏ដោយ មិនត្រូវឲ្យនរណាបំផ្លាញសន្តិភាពបាននោះឡើយ។

អនុសាសន៍១០ចំណុចរបស់សម្តេចតេជោ រួមមាន៖

១)ត្រៀមខ្លួនជាស្រេចការពារអធិបតេយ្យភាពជាតិ។

២)រួមជាមួយកម្លាំងផ្សេងទៀតរក្សាសន្តិភាព ស្ថិរភាពនយោបាយ ចូលរួមនយោបាយភូមិឃុំមានសុវត្ថិភាព ដោយតម្លៃណាក៏ដោយ មិនត្រូវឲ្យគេបំផ្លាញសន្តិភាពដែលយើងរកបានដោយលំបាកនោះទេ។

៣)ប្រឆាំងភេរវកម្ម វាយកម្ទេចចោលឲ្យទាន់នូវឧបាយកលបដិវត្តន៍ពណ៌។

៤)សុំឲ្យកងទ័ពតាំងអស់ ជួយកម្លាំងផ្សេងទៀត ជួយប្រជាជនក្នុងគ្រោះមហន្តរាយ។

៥)គាំទ្រកម្លាំងអនុវត្តច្បាប់ធានាការពារព្រៃឈើ ជលផល និងធនធានដទៃទៀត។

៦)គាំទ្រការប្រមូលថវិកាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទប់ស្កាត់ការរកស៊ីគេចពន្ធ ដាក់ទោសអ្នកដែលរកស៊ីខុស ច្បាប់ និងការពារអ្នករកស៊ីស្របច្បាប់។

៧)ខិតខំពង្រឹងវិន័យកងទ័ព និងពង្រឹងសមត្ថភាពគ្រប់ផ្នែក ខិតខំហូរញើសលើទីហាត់ ប្រសើរជាងការបង្ហូរឈាមលើទីលានប្រយុទ្ធ ខិតខំកាត់ក្បាលពោះចេញ។

៨)យកចិត្តទុកដាក់ថែរក្សាគ្រឿងយុទ្ធោបករណ៍។

៩)យកចិត្តទុកដាក់លើជីវភាពកងទ័ព ជម្រកស្នាក់នៅ ទីកន្លែងនានា ម្ហូបអាហារ ។

១០)កងទ័ពត្រូវដើរតួនាទី កសាងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង កសាងបរិយាកាសល្អជាមួយប្រទេសជិតខាង។

ពិធីអបអរសាទរដែលធ្វើឡើងយ៉ាងមហោឡារឹកនៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនេះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីតំណាងអង្គទូតនានា ព្រមទាំងមន្ត្រីសេនានុព័ន្ធយោធា របស់បណ្តាប្រទេសនានាផងដែរ។ ក្រៅពីនោះនាយទាហាន ពលទាហាន អមដោយយុទ្ធោបករណ៍ទំនើបៗជាច្រើននឹងត្រូវយកមកបង្ហាញផងដែរ។

សូមបញ្ជាក់ថា បន្ទាប់ពីប្រទេសកម្ពុជាបានបិទបញ្ចប់ភ្លើងសង្គ្រាម និងការបែកបាក់ជាតិទាំងស្រុងនៅចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះហើយនោះ។ កងយោធពលខេមរភូមិន្ទក៏ត្រូវបានធ្វើការ កែសម្រួលប្រព័ន្ធគ្រប់គ្រង និងការដឹកនាំផងដែរ។ កងទ័ពជើងគោក ក៏ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៩ ហើយក៏បានកំណត់យកថ្ងៃទី២៤ ខែមករា ជាថ្ងៃកំណើតរបស់ខ្លួន និងប្រារព្ធពិធីអបអរសាទរជារៀងរាល់ឆ្នាំផងដែរ។

ក្នុងពេលបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោកដំបូង កងទ័ពជើងគោក មានអង្គភាពចំណុះច្រើនរហូតដល់១៨កងពលធំ ៥កងពលតូច និង៤វរសេនាធំ ៤វរសេនាតូច ប៉ុន្តែកងទ័ពជើងគោក បានធ្វើការកែទម្រង់ដោយបានកែសម្រួលអង្គភាព មកនៅត្រឹម៨កងពលតូច និង១វរសេនាធំ។ នៅអំឡុងចាប់ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០១៦ ក្រៅពីបង្រួមក្បាលអង្គភាព ក៏មានការបង្កើតអង្គភាពថ្មីមួយចំនួនដូចជា កងឯកភាពការពារព្រំដែន វរសេនាតូចព្រំដែន កងអនុសេនាធំ ស្រុក ជាប់ព្រំដែន និងកែសម្រួលតួនាទី ភារកិច្ចប្តូរឈ្មោះដល់អង្គភាព និងស្ថាប័នជំនាញមួយចំនួនជាបន្តបន្ទាប់ផងដែរ។

នៅឆ្នាំ២០១៨ កងទ័ពជើងគោក មានស្ថាប័នអង្គភាពចំណុះផ្ទាល់បញ្ជាការដ្ឋាន កងទ័ពជើងគោករួមមាន៖ ១៥ការិយាល័យ ៥បញ្ជាការដ្ឋានជំនាញ ១មជ្ឈមណ្ឌល និងមានមណ្ឌលអភិវឌ្ឃន៍ចំនួន១។ កងទ័ពជើងគោក ក៏មានភារកិច្ចគ្រប់គ្រង និងដឹកនាំបញ្ជា៦យោធភូមិភាគ ២កងពលធំអន្តរាគមន៍ ៥ កងពលតូចអន្តរាគមន៍ និង៦កងពលតូច ២៤តំបន់ប្រតិបត្តិការសឹករង ខេត្ត-ក្រុង ១វរសេនាធំ ៦ សាលាពលទាហាន និង៧កងការពារព្រំដែន៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner