អភិបាលខេត្តបាត់ដំបង ជួបសំណេះសំណាលជាមួយក្រុមគ្រូបង្វឹក កីឡាករ កីឡាការិនីតេក្វាន់ដូ មកពី “ក្លិបតេក្វាន់ដូបាត់ដំបង” (BTClub.) ដែលទទួលបាននូវមេដាយជ័យលាភីចំនួន៦ពីប្រទេសម៉ាឡេសុី

អត្ថបទដោយ៖
Kien Sereyvuth

នារសៀលថ្ងៃទី១៨ ខែតុលាម្សិលមិញ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង បានអនុញ្ញាតឲ្យថ្នាក់ដឹកនាំនៃក្លិបតេក្វាន់ដូបាត់ដំបង “BT. Club” ដែលជាគ្រូបង្វឹក ជាកីឡាករ កីឡាការិនី ចូលជួបសម្តែងការគួរសម និងដើម្បីបានជួបសំណេះសំណាលជាមួយនឹងម្ចាស់ជ័យលាភីតេក្វាន់ដូនៅឯប្រទេសម៉ាឡេស៊ីកន្លងមក  ចំនួន១៣រូប ដែលទើបតែនឹងត្រឡប់ មកពីប្រកួត នៅ ប្រទេសម៉ាឡេសុី កាលពីខែសីហា ២០១៨ កន្លងមកនេះ។ ជំនួប និងសំណេះសំណាលនេះ ត្រូវបានធ្វើឡើងនាសាលប្រជុំVIP របស់សាលាខេត្តបាត់ដំបង។ គួររំលឹកផងដែរ ថា កាលពីថ្ងៃទី ០៩-១៣ ខែសីហា ឆ្នាំ២០១៨ “ក្លិបតេក្វាន់ដូបាត់ដំបង” បានដឹកនាំប្រតិភូកីឡាករ កីឡាការិនី ចំនួន១៣រូប ក្នុងនោះរួមមាន ប្រធានប្រតិភូ០១រូប គ្រូបង្វឹក១រូប គ្រូជំនួយ០៣រូប និង កីឡាករ កីឡាការនី សរុបចំនួន០៨រូប ដើម្បីទៅចូលរួមប្រកួតកីឡាតេក្វាន់ដូ ” ក្នុងកម្មវិធី 3 Gewinn Malaysia Open InternationalTaekwondo Championshi p2018 នៅប្រទេស ម៉ាឡេសុី ហើយក្នុងនោះលទ្ធផល កីឡាករ កីឡាការនីនៃក្លិបតេក្វាន់ដូបាត់ដំបង ទទួលបាននោះរួមមាន មេដាយ៦គ្រឿង (មេដាយមាសចំនួន០២គ្រឿង មេដាយប្រាក់ចំនួន៣គ្រឿង និងមេដាយសំរិទ្ធិចំនួន១គ្រឿង)។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមគ្រូបង្វឹកតេក្វាន់ដូបាត់ដំបង ដែលបានធ្វើការហ្វឹកហាត់ ជូនដល់កីឡាករ កីឡាការិនី ព្រមទាំង បានដឹកនាំទៅចូលរួមប្រកួតនៅក្រៅប្រទេសដោយទទួបានជោគជ័យដ៏ត្រចះត្រចង់។ ព្រមទាំងបាននាំមកនូវមេដាយដែលជាជ័យលាភីក្នុងការប្រកួត និងជាកិត្តិយស សម្រាប់ប្រទេសជាតិ  ព្រម ទាំងខេត្តបាត់ដំបងផងដែរ។ ឯកឧត្តម បានវាយតម្លៃខ្ពស់ពីការខិខំប្រឹងប្រែងទាំងគ្រូបង្វឹក កីឡាករ កីឡាការិនី ដោយបានផ្តាំផ្ញើ និងផ្តល់នូវការលើកទឹកចិត្តកីឡាករ កីឡាការនី សូមឲ្យបន្ត នូវ ការខិតខំប្រឹងប្រែង ធ្វើការហ្វឹកហាត់ បន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាព និងទទួលបានជោគជ័យនៅវគ្គក្រោយៗទៀត។ ជាពិសេសក្នុងការប្រកួតកីឡាស៊ីហ្គេមនាឆ្នាំ២០២៣ ខាងមុខនេះ។ ជាមួយគ្នានេះ ឯកឧត្តម បានផ្តល់ជូនលិខិតសរសើរ និងថវិកាឧបត្ថម្ភដល់គ្រូបង្វឹក កីឡាករ កីឡាការនី ទាំង១៣នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា២០ម៉ឺនរៀលផងដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner