អភិបាលខេត្តស្ទឹងត្រែងជំរុញឲ្យមន្ត្រីជំនាញពាក់ព័ន្ធបន្តផ្តល់សេវាសុខភាព និងសេវាសាធារណៈនានា ជូនអតីតយុទ្ធជន ជនពិការ និងប្រជាពលរដ្ឋក្រីក្រ ប្រកបដោយប្រសិទ្ធភាពខ្ពស់

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តស្ទឹងត្រែង៖ ការជំរុញទៅដល់ស្ថាប័ន អង្គភាព និងសមត្ថកិច្ចពាក់ព័ន្ធ របស់អភិបាលខេត្តស្ទឹងត្រែង លោកម៉ុម សារឿន នោះ គឺធ្វើឡើងក្នុងឧិកាសប្រគល់ប័ណ្ណបេឡាជាតិ របបសន្តិសុខសង្គម «បសស» ជូនដល់អតីតយុទ្ធជន ជនពិការ និងពលរដ្ឋក្រីក្រប្រមាណ២៥០នាក់ នៅក្នុងអង្គភាពទីបញ្ជាការនៃយោធភូមិភាគ១ ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ។ ពិធីប្រគល់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម «បសស»នោះផងទៀត បានធ្វើឡើងក្រោមវត្តមានមេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគ១ លោកឧត្តមសេនីយ៍ឯក ហួត ឈាង អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន ក្រោមកិច្ចស្វាគមន៍ ពីមេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងស្ទឹងត្រែង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន អ្នកមុខអ្នកការ និងមន្ត្រីរាជការជុំវិញខេត្ត ដ៏ច្រើនកុះករផងទៀត។

ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន មានប្រសាសន៍រាយការណ៍អំពីស្ថានភាពគ្រប់គ្រងអតីតយុទ្ធជន នៅក្នុងខេត្តថា សមាគមអតីតយុទ្ធជន ខេត្ត បានធ្វើបច្ចុប្បន្នភាព និងរកឃើញអតីតយុទ្ធជនចំនួន១០០៣នាក់ កំពុងទទួលបានរបបធានាពីបេឡាជាតិរបបសន្តិសុខសង្គម ក្នុងនោះជនពិការ៨៣នាក់ អ្នកចូលនិវត្តន៍៦១៧នាក់ អ្នកបាត់ បង់សមត្ថភាព ២៣នាក់ ជនពលី១៧៨នាក់ និងជនមរណៈ ១០២នាក់។ លោកថា សមាគមមានសមាជិក សរុប ៨២៣នាក់ ក្នុងនោះជនពិការ ៨២នាក់ ជនចូលនិវត្តន៍ ៥៨២នាក់ អ្នកបាត់បង់ សមត្ថភាព ២៣នាក់ ជនពលី ១០១នាក់ ជនមរណៈ ៣៥នាក់ និងមានអ្នករស់នៅក្នុងបន្ទុកចំនួន ១ពាន់ ៣៤៧នាក់។ លោកឧត្តមសេនីយ៍ទោបានបញ្ជាក់ថា លទ្ធផលនៃការធ្វើបច្ចុប្បន្នភាព នៅទូទាំងខេត្តស្ទឹងត្រែង សមាគមបានរកឃើញ ជនទីទ័លក្រលំបាក៣គ្រួសារ ជនក្រីក្រ ២គ្រួសារ អ្នកអត់មានផ្ទះ ២៤នាក់ អ្នកអត់មានដី និងផ្ទះ ៦៤នាក់ និងអ្នករស់នៅលើដីសាធារណៈ ៥គ្រួសារ។ ហើយសមាគមអតីតយុទ្ធជនខេត្ត បានកសាងផ្ទះជូនអតីតយុទ្ធជន ចំនួន៥៥ខ្នង នៅក្នុងក្រុងស្ទឹងត្រែង និងបានបើកប្រាក់មរណៈសង្គ្រោះ៩ខែ ក្នុងឆ្នាំ២០១៨នេះ ចំនួន១៨សព ក្នុងនោះថវិការបស់សម្តេចតេជោ ៤សព ថវិកាប្រចាំខែ ប្រាក់មរណៈសង្គ្រោះ «បមស» ចំនួន៥លាន ២សែន ៩ម៉ឺន ២០០០រៀល អតីតយុទ្ធជន ស្លាប់៣នាក់ក្នុង១ខែ និង សមាគមបាន សហការចុះបើកប្រាក់ធានារ៉ាប់រងសង្គម បាន១៤សព។ ចំពោះអតីតយុទ្ធជន ដែលត្រូវទទួលបានប័ណ្ណបេឡាជាតិ របបសន្តិសុខសង្គម «បសស» មានចំនួន៧២៣នាក់ ប៉ុន្តែ មាន២៥០នាក់ ដែលទើបទទួលបានប័ណ្ណយកទៅប្រើប្រាស់ជាលើកដំបូង។

អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន លោកបានថ្លែងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់សមាគមអតីតយុទ្ធជន កម្ពុជាខេត្ត នាពេលកន្លងមក និងនៅគ្រាបច្ចុប្បន្ន។ លោកអភិបាលខេត្តបានជំរុញឲ្យមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងមន្ទីរសុខាភិបាលខេត្ត ត្រូវយកចិត្តទុកដាក់ ផ្តល់ សេវាសុខភាព និងសេវាសាធារណៈនានា ជូនអតីតយុទ្ធជន ជនពិការ និងប្រជាពលរដ្ឋក្រីក្រ ប្រកបដោយសមធម៌ និងប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែល បានកំណត់។ លោកក៏បានជំរុញថែមទៀត ទៅដល់ស្ថាប័នអង្គភាព  និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវពិនិត្យករណី រំលោភយកដីសម្បទានសង្គមកិច្ច របស់អតីតយុទ្ធជន ពីជនខិលខូច នៅក្នុងសង្កាត់ សាមគ្គី ក្រុងស្ទឹងត្រែង ជាពិសេស អភិបាលក្រុង និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត ត្រូវតែចុះទៅពិនិត្យដីនោះជាបន្ទាន់។ លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់អតីតយុទ្ធជន ទាំងអស់ ក្រោយពីទទួលបានប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គមនៅថ្ងៃនេះ សូមបងប្អូនអតីតយុទ្ធជន និងជនពិការទាំងអស់ យកទៅប្រើប្រាស់ ដើម្បីទទួលបានអត្ថប្រយោជន៍ ដូចជា ការពិនិត្យ និងការព្យាបាលជំងឺ ដោយមិនបាច់បង់ប្រាក់ នៅតាមមន្ទីរពេទ្យរដ្ឋ មណ្ឌលសុខភាព និងគ្លីនិចឯកជននានា ដែលជាដៃគូរបស់បេឡាជាតិរបបសន្តិសុខសង្គម។ មួយវិញទៀត ការិយាល័យបេឡាជាតិរបបសន្តិសុខសង្គម សាខាខេត្តស្ទឹងត្រែង ត្រូវយកចិត្តទុកដាក់សម្របសម្រួល ដល់បងប្អូនអតីតយុទ្ធជន និងជនពិការទាំងអស់ ដែលជួបបញ្ហាក្នុងការប្រើប្រាស់សេវា ធានារ៉ាប់រងសុខភាពពីប័ណ្ណបេឡាជាតិ របបសន្តិសុខសង្គម «បសស» នេះ ជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ ដែលជាសមត្ថកិច្ចទទួលខុសត្រូវ ឲ្យបានល្អប្រសើរបំផុត៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner