រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រាប់មន្ត្រីវាស់វែងដីធ្លី ឱ្យមានលក្ខណៈសុក្រឹត្យ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រាប់មន្ត្រីទាំងអស់ ត្រូវវាស់វែងដីធ្លីឱ្យមានលក្ខណៈសុក្រឹត្យបំផុត។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានអបអរសាទរចំពោះសិក្ខាកាម ដែលបានទទួលការបណ្ដុះបណ្ដាលក្នុងវគ្គនេះ ដែលជាវគ្គបណ្ដុះបណ្ដាលមានលក្ខណៈបច្ចេកទេស ក្នុងការវាស់វែងដីធ្លីឱ្យមានលក្ខណៈសុក្រឹត្យ ដោយប្រើប្រាស់ឧបករណ៍ទំនើប ដើម្បីឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋ។ ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ បានបង្កើតឡើងក្នុងគោលដៅដើម្បីផ្ដល់ចំណេះដឹងបន្ថែម ដល់មន្រ្តីលើការងារវាស់វែង ដោយប្រើប្រាស់ឧបករណ៍ទំនើប ដោយប្រើប្រាស់ប្រព័ន្ធផ្កាយរណប GNSS (Global Navigation Satellite System)

ឧបករណ៍ដែលយកមកបណ្ដុះបណ្ដាលនេះមានម៉ាក SINO-GNSS-G300-PLUS ជាឧបករណ៍ដែលធ្វើការវាស់វែង កំណត់និយាមការនៃចំណុចនៅលើផែនទីយ៉ាងសុក្រឹត្យ តាមរយៈការចាប់យកទិន្នន័យពីផ្កាយរណប។ ឧបករណ៍នេះអាចចាប់យកទិន្នន័យពីផ្កាយរណបរបស់អាមេរិក GPS រុស្សី GLONASS ចិន BeiDOU អឺរ៉ុប GALILEO។ ឯកឧត្តម បញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ មានការផ្ដល់ជូនឧបករណ៍ទំនើបប្រភេទនេះចំនួន ៣៣គ្រឿង ហើយក្រសួងនឹងបន្តសម្របសម្រួលផ្ដល់ជូនឧបករណ៍ទំនើបនេះបន្ថែមទៀត ដើម្បីឆ្លើយតបតាមតម្រូវការក្នុងការវាស់វែងដីជូនប្រជាពលរដ្ឋ។ ដើម្បីជំរុញឱ្យដំណើរការការវាស់វែងដីជូនប្រជាពលរដ្ឋ ប្រកបដោយភាពជោគជ័យ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានស្នើឱ្យអគ្គនាយកដ្ឋានសុរិយោដី មន្ទីរសុរិយោដី នៅតាមបណ្ដារាជធានី-ខេត្ត ចាប់ផ្ដើមការងារដំបូងនេះ គឺត្រូវគូសប្លង់ឱ្យមានមូលដ្ឋានក្នុងការប្រកាសតំបន់វិនិច្ឆ័យ។  ក្នុង១ ខណ្ឌ ឬ១ស្រុក ដាច់ខាតត្រូវតែគូសក្បាលដី ហើយបញ្ចូលប្រព័ន្ធទិន្នន័យ ដោយគូសទៅជាតំបន់សម្រាប់មានមូលដ្ឋានប្រកាសតំបន់វិនិច្ឆ័យ។ នេះមិនមែនជាការលំបាកពេកនោះទេ ដោយសារទីតាំងនោះត្រូវដកហេដ្ឋារចនាសម្ព័ន្ធ និងសំណង់សាធារណៈចេញ នៅពេលបានជាគំនូសប្លង់ព្រាងនេះហើយ ត្រូវរាយការណ៍ជូនប្រធានមន្ទីរ រួចប្រធានមន្ទីរត្រូវធ្វើការសម្របសម្រួលជាមួយមន្ទីរសាធារណការ មន្ទីរអភិវឌ្ឍន៍ជនបទ ដើម្បីធ្វើការផ្ទៀងផ្ទាត់នូវហេដ្ឋារចនាសម្ព័ន្ធ ដែលមានក្នុងមូលដ្ឋាន ឃុំ-សង្កាត់ ដែលជាគោលដៅនៃការប្រកាសតំបន់វិនិច្ឆ័យ ដូចនេះ ការិយាល័យភូមិបាលទាំងអស់ បានគ្រប់គ្រងមូលដ្ឋានដែលខ្លួនបានបម្រើប្រជាពលរដ្ឋ មិនតិចជាង១០ឆ្នាំ។

ការិយាល័យត្រូវធ្វើការសម្របសមម្រួលបន្ថែមទៀត បើសិនមានចំណុចនៅសេសសល់ត្រូវបំពេញបន្ថែម។ នៅពេលបានទម្រង់ជាបឋមបែបនេះហើយ ត្រូវឆ្លងលិខិតម្ដងទៀត ហើយរាល់ការឆ្លងលិខិតម្ដងៗ មិនឱ្យលើសពី១សប្ដាហ៍ ដោយត្រូវមានការចុះហត្ថលេខាពីប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត ហើយត្រូវបញ្ជូនទៅអភិបាលរាជធានី-ខេត្ត ដោយមានចុះហត្ថលេខាបោះត្រា រួចចាត់ទុកនេះជាប្លង់ ដែលអាចមានមូលដ្ឋានប្រកាសតំបន់វិនិច្ឆ័យបាន។ការជំរុញការងារនេះ គឺក្នុងគោលដៅចាប់ពីឆ្នាំ២០១៩ ដល់២០២០ ឬយ៉ាងយូរដល់ឆ្នាំ២០២១ ត្រូវចុះបញ្ជីដីធ្លីនៅទូទាំងប្រទេសឱ្យបានចប់លើ ៧លានក្បាលដី ដោយបច្ចុប្បន្នក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រេចគោលដៅនេះ ៦៨%ហើយ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner