ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា ស៊ីម៉ាក់នឹងបន្តបេសកកម្មរំដោះមីន នៅលើផ្ទៃដីឲ្យសម្រេចបានជោគជ័យទៅតាមផែនការរបស់រាជរដ្ឋាភិបាលនៅត្រឹមឆ្នាំ២០២៥

ក្នុងពិធីសំណេះសំណាលរបស់ថ្នាក់ដឹកនាំស៊ីម៉ាក់ ឯកឧត្តម ហេង រតនា បានជម្រាបជូនឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការមីន គ្រាប់មិនទាន់ផ្ទុះ និងការងារវិស្វកម្មនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ថា មន្ត្រីរបស់ស៊ីម៉ាក់មានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការរំដោះផ្ទៃដីដែលមានគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះឲ្យអស់នៅមុនឆ្នាំ២០២៥។ សម្រាប់ក្រោយឆ្នាំ២០២៥ ស៊ីម៉ាក់កំពុងរៀបចំផែនការមន្ត្រីជំនាញទាំងនោះអាចក្លាយទៅជាអ្នកជំនាញសម្រាប់ធ្វើការបណ្តុះបណ្តាលជំនាញនេះបន្តទៅកាន់ប្រទេសដទៃ និងក្នុង ស្រុកផងដែរ។ ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានកត់សម្គាល់ថា គ្រាប់បែកដែលត្រូវបានបន្សល់ទុកពីសង្គ្រាមមាន៤ប្រភេទ ដែលនៅតែបង្កហានិភ័យដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ។ ក្នុងនោះមានគ្រាប់បែក និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ គ្រាប់បែកចង្កោម គ្រាប់បែកគីមី និងគ្រាប់ មីនប្រឆាំងមនុស្ស។ បច្ចុប្បន្នស៊ីម៉ាក់មានមធ្យោបាយ និងជំនាញសំខាន់ៗចំនួន៥ក្នុងការដោះមីន រួមមានការប្រើប្រាស់កម្លាំងមនុស្ស គ្រឿងចក្រ សុនខ កណ្តុរ គ្រឿងចក្រ និងដោះមីននៅក្រោមទឹកទៀតផង។ ប៉ុន្តែជំនាញនៃការដោះមីន ក្រោមទឹកបច្ចុប្បន្ន ស៊ីម៉ាក់នៅមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ទាំងធនធានមនុស្ស និងថវិកា ដើម្បីធ្វើការដោះនោះទេ ព្រោះត្រូវការថវិកាច្រើន។
 
អគ្គនាយកស៊ីម៉ាក់បានបញ្ជាក់ដែរថា គិតចាប់ពីបើកប្រតិបត្តិការជាង២០ឆ្នាំកន្លងមកនេះ ស៊ីម៉ាក់បានធ្វើការកម្ទេចគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ រហូតដល់២,៧លានគ្រាប់ ពោលប្រមាណ៧០ភាគរយនៃគ្រាប់មីនដែលបន្សល់ទុក និង៥៣ភាគរយនៃចំនួនផ្ទៃដីសរុប ដែលមានគ្រាប់មីន។ ដោយឡែកសម្រាប់ប្រតិបត្តិការរយៈពេល៩ខែមកនេះ ស៊ីម៉ាក់រំដោះផ្ទៃដីបានជាង៦០គីឡូម៉ែត្រក្រឡា ក្នុងផែនការ១២០គមក្រឡា និងបានរកឃើញគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាង៣ម៉ឺនគ្រាប់។

ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងនូវការកោតសរសើរដល់កម្លាំងស៊ីម៉ាក់ដែលសម្រេចបាននូវបេសកកម្មដ៏លំបាក ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាជន។ ឯកឧត្តម បានបន្តជំរុញស្ថាប័នស៊ីម៉ាក់ បន្តបេសកកម្មមួយនេះឲ្យល្អប្រសើរ ទន្ទឹមនឹងការរំដោះមីន ក៏ត្រូវមានការអភិវឌ្ឍនៅតាមជនបទ អមដោយសាលារៀន ផ្លូវថ្នល់ អណ្តូងទឹកជូនប្រជាពលរដ្ឋ។ ឯកឧត្តម បានអះអាងថា កម្លាំងស៊ីម៉ាក់ នឹងមិនត្រូវបានរំសាយនោះទេ ទោះក្រោយបញ្ចប់បេសកកម្មរបស់ខ្លួននៅក្រោយឆ្នាំ២០២៥ក្តី។ ស៊ីម៉ាក់ អាចនឹងរៀបចំបង្កើតឲ្យមានជាវិទ្យាស្ថានដោះមីនកម្រិតជាតិមួយនាពេលអនាគត ដើម្បីផ្ទេរចំណេះដឹងទាំង នោះទៅជំនាន់ក្រោយ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner