មេដឹកនាំបារំាង និងជប៉ុនព្រមព្រៀងគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិសុខរវាងប្រទេសទាំងពីរ

បារាំង៖ មេដឹកនំាជប៉ុន និងបារាំងបានឯកភាពរឹតបន្តឹងកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយនឹងគោលបំណងនៃការបង្កើតតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលបើកចំហ និងបើកទូលាយ។ ការព្រមព្រៀងគ្នានេះ ធ្វើឡើងក្នុងជំនួបពិភាក្សារវាងប្រធានាធិបតីបារាំងលោក អែមម៉ានុយអ៊ែល ម៉ាក្រុង និងនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីន ហ្សូអាបេ នៅទីក្រុងប៉ារីស ក្នុងថ្ងៃពុធសប្តាហ៍នេះ។ លោក ម៉ាក្រុង និងលោក អាបេ ថែមទាំងអះអាងរួមគ្នាអំពីសារៈសំខាន់ ក្នុងការអនុវត្តយ៉ាងពេញលេញនូវទណ្ឌកម្មទៅលើកូរ៉េខាងជើង ដោយផ្អែកលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីត្រួសត្រាយផ្លូវសម្រាប់រំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ក៏ដូចជាការដោះស្រាយបញ្ហាចាប់ពង្រត់ជនជាតិជប៉ុនដោយកូរ៉េខាងជើង។ បន្ថែមលើនេះ មេដឹកនាំទាំងពីរក៏បានព្រមព្រៀងធ្វើការងាររួមគ្នា ដើម្បីរារាំងកូរ៉េខាងជើងពីការគេចវេសពីការដាក់ទណ្ឌកម្មផងដែរ។ មួយវិញទៀត លោក អាបេ ក៏បានសន្យាដែរថា នឹងយកបញ្ហានៃការសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងពេលដំណាលគ្នា និងការកែតម្រូវគម្លាតសេដ្ឋកិច្ចមកពិភាក្សានៅក្នុងកិច្ចប្រជុំកំពូល G20 ដែលប្រទេសជប៉ុននឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំក្រោយនេះ។ មេដឹកនាំទាំងពីរថែមទាំងបានអះអាងទៀតថា បារំាង និងជប៉ុន នឹងធ្វើការងាររួមគ្នាដើម្បីនាំយកបញ្ហាមួយនេះយកមកពិភាក្សាបន្ថែមទៀត ខណៈដែលប្រទេសបារាំងនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល G7 នៅឆ្នំា២០១៩ខាងមុខ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner