ACUចុះMOUជាមួយនិងអង្គការ CRSTOដើម្បីជាគំរូក្នុងការចូលរួមប្រយុទ្ធប្រឆាំងនិងអំពើពុករលួយនៅកម្ពុជា
ភ្នំពេញ៖ ដើម្បីជាគំរូដល់អង្គការមិនមែនរដ្ឋាភិបាលក្នុងការចូលរួមប្រយុទ្ធប្រឆាំងនិងអំពើពុករលួយ កាលពីពេលកន្លងទៅនេះ អង្គភាពប្រឆាំងអំពើពុករលួយនៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ជាមួយនិងអង្គការជឿជាក់លើសិស្សជនបទកម្ពុជា ហៅកាត់ថា (CRSTO)។
លោក សេន ណាក់ ប្រធានអង្គការជឿជាក់លើសិស្សជនបទកម្ពុជា បានឱ្យដឹងថា ការសម្រេចចិត្តចុះអនុស្សារណៈ ជាមួយនិងអង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយ ដោយសារតែ អង្គការចង់ពង្រឹងកិច្ចសហប្រតិបត្តិការ ហើយនិងការប្តេជ្ញាចិត្តបន្តទៅទៀត។ លោកបន្តថា កន្លងមកអង្គបានធ្វើការប្រកបដោយតម្លាភាព ភាពត្រឹមត្រូវ នៅក្នុងអង្គភាពទាំងផ្ទៃក្នុងការងារ និងពីខាងក្រៅ ចាប់តាំងពីអង្គការផ្តើមបេសកកម្មការងាររបស់ខ្លួន។
លោកប្រធានអង្គការរូបនេះបន្តថា ថា « អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ចង់ពង្រឹងគោលជំហរមួយ សំរាប់ក្រុមការងារ ទៅលើការដឹកនាំ និងការគ្រប់គ្រងអង្គការ តាមរយៈការប្តេជ្ញាចិត្តធ្វើការប្រកបដោយតម្លាភាព ភាពត្រឹមត្រូវ គ្មានអំពើពុករលួយ ពោលគឺគ្រប់ថវិការ កាក់សេន គឺត្រូវតែបញ្ចូលទៅក្នុងគម្រោង ការអភិវឌ្ឍការអប់រំរបស់ក្មេងៗ យុវជន និងគម្រោងនានា រប់សអង្គការ»។
លោកគួសបញ្ជាក់បន្តថា អង្គការ ( CRST) បច្ចុប្បន្ននេះ មានការត្រួតពិនិត្យដ៏ត្រឹមត្រូវពីខាងសាវនករ ស្តង់ដា ដែលបានស្ម័គ្រចិត្តចូលរួមត្រូតពិនិត្យនៅក្រៅប្រទេស ទាក់ទងជាមួយនិងគោលការណ៍ចំណាយចំណូលរបស់អង្គភាពទាំងស្រុងគឺត្រូវបានត្រួតពិនិត្យប្រចាំឆ្នាំ ដើម្បីប្រាកដថា ទឹកប្រាក់ដែលបានផ្តល់ជូនដល់អង្គការគឺត្រូវបានប្រើប្រាស់ដោយភាពត្រឹមត្រូវ។
លោកប្រធានអង្គការរូបនេះ បានបន្តថា ទន្ទឹមនិងកិច្ចសហប្រតិបត្តិការនេះ អង្គការក៏ទទួលបានការណែនាំ បង្ហាត់បង្ហាញបន្ថែមពីអង្គភាពប្រឆាំងអំពើពុករលួយ ទាក់ទងជាមួយនិងរបៀបនៃការធ្វើការ ហើយនិងការអនុវត្តន៍ផ្សេងៗធ្វើយ៉ាងណាឱ្យមានតម្លាភាព និងភាពត្រឹមត្រូវ។
គួរបញ្ជាក់ថា អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ហៅកាត់ថា ( CRSTO) គឺជាអង្គការតំបូងគេ ដែលបានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយអង្គភាពប្រយុទ្ធប្រឆាំងនិងអំពើពុករលួយ ។អង្គការនេះគឺ ជាអង្គការមិនមែនរដ្ឋាភិបាល ដែលត្រូវបានបង្កើត និងឧបត្ថម្ភដោយគ្រួសារផាលធី (The Palti Family) មកពីទីក្រុងមែលប៊ន ប្រទេសអូស្រ្តាលី ហើយបានចុះបញ្ជីក្នងក្រសួងមហាផ្ទៃ នៅឆ្នាំ២០១១។ បេសកកម្ម និងសកម្មភាពរបស់អង្គការគឺឧបត្ថម្ភទៅលើការអប់រំ ការថែរក្សាសុខភាព និងសុខភាពមាត់ធ្មេញ បំណិនជីវិត្ត និងប្រាក់ឧបត្ថម្ភលើការរស់នៅប្រចាំថ្ងៃរបស់សិស្ស។ សិស្សដែលទទួលបានការឧបត្ថម្ភក្នុងការសិក្សា គឺជាសមាជិកគ្រួសាររបស់អង្គការ ដែលមានប្រព័ន្ធទ្រទ្រង់ គាំពារ និងរៀនតាមរយៈ ការអនុវត្តដោយខ្លួនឯង៕