រយៈពេល10 ខែឆ្នាំ2020នេះ ចំនួនអ្នកដំណើរតាមផ្លូវអាកាសចេញចូលកម្ពុជា មានការធ្លាក់ចុះយ៉ាងគំហុក

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បាន បញ្ជាក់ពីរបាយការណ៍ផលប៉ះពាល់នៃកូវីដ-19 លើវិស័យអាកាសចរស៊ីវិលកម្ពុជាថា រយៈពេល10 ខែឆ្នាំ2020នេះ អ្នកដំណើរតាមផ្លូវអាកាសចេញចូលកម្ពុជា មានចំនួន 2099 812នាក់ ធ្លាក់ចុះ78% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ2019 មានរហូតដល់ 9 689 934នាក់។

របាយការណ៍បានបញ្ជាក់ថា ក្នុងរយៈពេល10ខែ ឆ្នាំ2020អាកាសយាន ដ្ឋានអន្តរជាតិ ទាំង 3របស់កម្ពុជា ទទួលអ្នកដំណើរធ្លាក់ចុះយ៉ាងគំហុក ដោយជំងឺកូវីដ-19។ ក្នុងនោះរួមមាន៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទទួលអ្នកដំណើរបាន1 271 245នាក់ ធ្លាក់ចុះ 74%, អាកាសយានដ្ឋានអន្តរជាតិសៀមរាប ទទួលអ្នកដំណើរ618 459នាក់ ធ្លាក់ចុះ81% និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ទទួលអ្នកដំណើរចំនួន 210 108នាក់ ធ្លាក់ចុះ86%។

រូបភាព៖ ភាពស្ងប់ស្ងាត់នៅអាកាសយានដ្ឋានអន្តរជតិ_ភ្នំពេញ

ដោយឡែកផលប៉ះពាល់ជាសកលដែលបណ្តាលមកពីជំងឺកូវីដ-19ដល់វិស័យអាកាសចរណ៍ ស៊ីវិល ទេសចរណ៍ ពាណិជ្ជកម្ម សេដ្ឋកិច្ចក៏បានធ្លាក់ចុះផងដែររួមមាន៖ ចរាចរណ៍អ្នកដំណើរតាមផ្លូវអាកាស៖ការធ្លាក់ចុះជាសកលនៃចំនួនអ្នកដំណើរតាមផ្លូវអាកាស(ទាំងអន្តរជាតិ និងក្នុងស្រុក ) ពី59%ទៅ 60%ក្នុងឆ្នាំ 2020 បើធៀបទៅនឹងឆ្នាំ 2019 (byICAO)។

អាកាសយានដ្ឋាន៖ការប៉ាន់ស្មាននៃការខាតបង់ប្រមាណជាង 60 %ទៅ 61%នៃចំនួន ចរាចរណ៍ អ្នក ដំណើរ ឬច្រើនជាង 104.5 ពាន់លានដុល្លារនៃចំណូលអាកាសយានដ្ឋានក្នុងឆ្នាំ 2020 បើធាតុទៅ នឹង សកម្មភាពអាជីវកម្មធម្មតា(byACI)។
ក្រុមហ៊ុនអាកាសចរណ៍៖ការធ្លាក់ចុះ 54.7 % នៃចំណូលអ្នកដំណើរ-គីឡូម៉ែត្រ(PRKSRevenue Passenger Kilometres ទាំងអន្តរជាតិ និងក្នុងស្រុក) នៅឆ្នាំ 2020 បើធៀបទៅនឹងឆ្នាំ 2019(by IATA)។

វិស័យទេសចរណ៍៖ការធ្លាក់ចុះនៃចំណូលទេសចរណ៍អន្តរជាតិ 910 ដុល្លារទៅ 1,170 ពាន់លាន ដុល្លារ នៅឆ្នាំ 2020 ធៀបទៅនឹងចំណូលដែលទទួលបានចំនួន 1,5 លានដុល្លារ(Trillion)ក្នុងឆ្នាំ 2019 ជា មួយនឹងការរឹតបន្តឹង100%នៃការធ្វើដំណើរទូទាំងពិភពលោក(byUNWTO) ។

ពាណិជ្ជកម្ម៖ការធ្លាក់ចុះនៃការធ្វើពាណិជ្ជកម្មទំនិញទូទាំងពិភពលោក 9.2 %ក្នុងឆ្នាំ 2020 ធៀបនឹងឆ្នាំ 2019 (byWTO) ។ សេដ្ឋកិច្ចសកល៖ការព្យាករធ្លាក់ចុះចំនួនពី -4.4% ទៅ -5.2% នៃផលិតផលសរុបពិភពលោក world GDP នៅឆ្នាំ 2020 ធន់ធ្ងរជាងវិបត្តិហិរញ្ញវត្ថុនៅឆ្នាំ 2008-2009 ទៅទៀត(byIMFand WB)។

សូមបញ្ជាក់ថា កាលពីឆ្នាំ2019 កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសចេញ-ចូល ជាង11លាននាក់មកពី បណ្ដាគ្រប់ប្រទេសនានាលើសកលលោកជាមួយនឹងអត្រាកំណើន13%។ កម្ពុជាមានអាកាសយានដ្ឋានអន្តរជាតិ តាមស្តង់ដារអន្តរជាតិចំនួន3 និងបានទទួលការវិនិយោគ អាកាសយានដ្ឋានអន្តរជាតិថ្មីពីរបន្ថែមទៀត៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner