ពិធីបើកវគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាល យោធាចារ្យជំនាន់ទី២ បំពេញក្របខណ្ឌសាលាពលទាហាន ចំណុះយោធភូមិភាគឆ្នាំ ២០២០

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ តំណាងអោយ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា៖ ការងារហ្វឹកហ្វឺនបានដើរតួនាទី ជាយុទ្ធសាស្ត្រយ៉ាងសំខាន់ក្នុងការពង្រឹងខឿនការពារជាតិ តាមរយៈការផ្ដល់ចំណេះដឹង និងពុទ្ធិដល់កងទ័ពជាពិសេសយោធិនវ័យក្មេងដែលជាអ្នកបន្តវេនជំនាន់ក្រោយ ។

ឯកឧត្តម បានថ្លែង ដូចនេះក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលយោធាចារ្យជំនាន់ទី ២ បំពេញក្របខណ្ឌសាលាពលទាហានចំណុះយោធភូមិភាគឆ្នាំ២០២០ នៅមូលដ្ឋានកងយោពលខេមរភូមិន្ទតេសែន ភ្នំធំម្រះព្រៅ កងពលតូចលេខ ៧០ នាព្រឹកថ្ងៃទី ១៥ ខែមិថុនាឆ្នាំ ២០២០នេះ។ ក្នុងពិធីបើកវគ្គនេះមានការចូលរួមពី ឧត្តមសេនីយ៍ឯក អួន សារឿន មេបញ្ជាការរងកងទ័ពជើងគោក និងឧត្តមសេនីយ៍ឯក ចៅ ភារិទ្ធ អគ្គនាយករង អគ្គនាយកដ្ឋានសំភារៈបច្ចេកទេសក្រសួងការពារជាតិ និង នាយទាហានកងទ័ពជើងគោកជាច្រើនរូបទៀត ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ូ សុភា នាយសេនាធិការរង កងទ័ពជើងគោក និងជានាយការិយាល័យហ្វឹកហ្វឺនកងទ័ពជើងគោក បានអានរបាយការណ៍បើកវគ្គដោយគូសបញ្ជាក់ថា ៖ ដោយបានពិនិត្យឃើញនៅតាមបណ្ដាសាលាហ្វឹកហ្វឺនទាំង៧ ចំណុះកងទ័ពជើងគោក ខ្វះយោធាចារ្យ ក្នុងការហ្វឹកហ្វឺនដល់យោធិន ទើបថ្ងៃនេះ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោកបានជ្រើសរើសយកនាយទាហានដែលបានសិក្សាក្នុង និងក្រៅប្រទេសដែលមានរយៈពេល៤ឆ្នាំឡើងទៅ មកបណ្តុះបណ្តាលឲ្យក្លាយជាយោធាចារ្យ សំរាប់បំពេញក្របខណ្ឌឲ្យបណ្តាសាលាពលទាហានចំណុះយោធភូមិភាគទាំង៦ នាពេលនេះ ។

ឯកឧត្តមបានបញ្ជាក់ទៀតថា៖ វគ្គបណ្ដុះបណ្ដាលយោធាចារ្យជំនាន់ទី ២ បំពេញក្របខណ្ឌសាលាពលទាហានចំណុះយោធភូមិភាគឆ្នាំ២០២០សិក្សាមានរយៈពេល ១២០ថ្ងៃ ចាប់ពីថ្ងៃទី ១៥ ខែមិថុនារហូតដល់ថ្ងៃទី ១៥ ខែតុលាឆ្នាំ ២០២០ ។ វគ្គនេះមានសិក្ខាកាមចូលរួមរៀនសូត្រចំនួន ១៧០ នាក់ យោធាចារ្យ ២៨ នាក់ ដែលក្នុងនោះមានយោធាចារ្យមកពីសាលានាយទាហានសកម្មចំនួន ១០ នាក់ វិទ្យាស្ថានទ័ពជើងគោក ១០ នាក់ គ្រូមកពីការិយាល័យហ្វឹកហ្វឺនចំនួន ៥ នាក់ និងគ្រូមកពីការិយាល័យទី៥ ចំនួន ៣ នាក់ ។ ខ្លឹមសាររបស់វគ្គបណ្តុះបណ្តាលរួមមាន ៖ ថ្នាក់យុទ្ធវិធីថ្មើរជើង ថ្នាក់ស៊ើបការណ៍ថ្មើរជើង ថ្នាក់បច្ចេកទេសថ្មើរជើង ថ្នាក់ឋានលេខា ថ្នាក់អប់រំចិត្តសាស្ត្រ លំហាត់របៀប អប់រំកាយនិងកីឡា ។

ថ្លៃងក្នុងពិធីបើកវគ្គ ឯកឧត្តម ម៉ៅ សុផាន់បានបញ្ជាក់ថា ៖ ចក្ខុវិស័យដ៏ច្បាស់លាស់ និងវែងឆ្ងាយរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី បាននាំមកនូវសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាមានសព្វថ្ងៃតាមការតាមរយៈការអនុវត្ត ដោយជោគជ័យនៃនយោបាយឈ្នះ ឈ្នះដែលបាននាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ៥០០ ឆ្នាំរបស់កម្ពុជា។ ឯកឧត្តមបានបន្តថា ៖ សន្តិភាពបានផ្ដល់នូវសាធុការពរ យ៉ាងអនេកដល់ជាតិ និងប្រជាជនកម្ពុជា ដូចនេះយើងទាំងអស់គ្នាត្រូវខិតខំចូលរួមរែក នូវអំរែកដ៏ធ្ងន់នេះ ដើម្បីបន្ត មរតកសន្តិភាពនេះឲ្យបានថិតឋេរគង់វង្សដល់កូនចៅជំនាន់ក្រោយ ។

សូមអរគុណសន្តិភាពដែលយើងមានសព្វថ្ងៃ សូមអរគុណអ្នករកសន្តិភាព និងសូមចូលរួមពិភាក្សាសន្តិភាពកុំអោយបាត់បង់។
ឯកឧត្តម ម៉ៅ សុផាន់ បានបញ្ជាក់បន្ថែមថា៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកបាន នឹងកំពុងចូលរួមជាមួយថ្នាក់ដឹកនាំកងទ័ពជើងគោក អគ្គបញ្ជាការ ក្រសួងការពារជាតិដើម្បីពិភាក្សារកគន្លឹះជាយុទ្ធសាស្រ្តក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅក្នុងវិស័យកងទ័ព ដែលកំណែទម្រង់នេះ នឹងជាការរួមចំណែកមួយនៃកំណែទម្រង់ជាច្រើនទៀតរបស់រាជរដ្ឋាភិបាល ។

ឯកឧត្តម បានសំដែងនូវសេចក្ដីសង្ឃឹម និងជឿជាក់ថា ៖ ក្រោយពេលដែលបានបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះ អស់លោកជាសិក្ខាកាមនឹងក្លាយទៅជាយោធាចារ្យដែលមានតួនាទីផ្ដល់ពុទ្ធិ និងចំណេះដឹងដល់យុទ្ធជនទ័ពថ្មើរជើងនៅតាមបណ្ដាកងឯកភាព និង យោធភូមិភាគទាំង៦ ឲ្យមានសមត្ថភាព ស្ទាត់ជំនាញ និងទេពកោសល្យប្រយុទ្ធខ្ពស់ដើម្បីរ៉ាប់រងភារកិច្ចការពារជាតិមាតុភូមិអង្គរ នៃយើងអោយបានគង់វង្សជារៀងរហូត។

នៅក្នុងពិធីបើកវគ្គនោះដែរ ឯកឧត្តមម៉ៅ សុផាន់ក៏បានពាំនាំអំណោយរបស់ ឯកឧត្តម ហ៊ុន         ម៉ាណែតផ្ដល់ជូនដល់វគ្គបណ្តុះបណ្តាល មានថវិកាចំនួន ៥ លានរៀល កុំព្យូទ័រយូរដៃ ៤ គ្រឿង ក្រៅពីនេះមានម៉ាស៊ីនព្រីនធ័រ ម៉ាស៊ីនចាក់ស្លាយ ។ ដោយលែកយោធាចារ្យ និងសិក្ខាកាមក្នុងម្នាក់ទទួលបានកាបូបមួយ និងសម្ភារសិក្សា គ្រឿងឧបភោគបរិភោគមួយចំនួនធំទៀតវគ្គផងដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner