សម្ដេចតេជោ ហ៊ុន សែន អបអរសាទរ ខួបទី១៥ឆ្នាំ ដែលល្ខោនស្រមោលស្បែកធំរបស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជី បេតិកភណ្ឌ ពិភពលោក

ភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុកផ្លូវការ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសអបអរសាទរ ខួបទី១៥ឆ្នាំ ដែល ល្ខោន ស្រមោល ស្បែក ធំរបស់កម្ពុជា ត្រូវបាន ចុះ ក្នុង បញ្ជី បេតិកភណ្ឌ ពិភពលោក ។

សម្ដេចតេជោ បានសរសេលើទំព័រហ្វេសប៊ុកផ្លូវការបន្តថា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ គឺជាខួបទី១៥ឆ្នាំ ដែលល្ខោនស្រមោលស្បែកធំរបស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ របស់អង្គការយូណេស្កូ។

សិល្បៈល្ខោនស្បែកធំ មានប្រវត្តិ និងអាយុកាលជាយូរលង់ណាស់មកហើយលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសកលលោកទទួលស្គាល់ និងឲ្យតម្លៃថា ជាសម្បត្តិមនុស្សជាតិដ៏អស្ចារ្យ និងបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក ខាងបេតិកភណ្ឌបញ្ចេញសំឡេង និងអរូបីយ៍របស់មនុស្សជាតិ ក្នុងឆ្នាំ២០០៥ របស់អង្គការយូណេស្កូ ទៀតផង ដែលនេះ ជាមោទនភាពជាតិមួយ ដ៏ត្រចះត្រចង់មិនអាចកាត់ថ្លៃបាន។

ល្ខោនស្បែកធំ អាចត្រូវបានគេហៅឈ្មោះម្យ៉ាងទៀតថា «ណាំងស្បែកធំ» ហើយវាជាសិល្បៈស្រមោលមួយបែប ដែលប្រើប្រាស់ផ្ទាំងរូបឆ្លាក់ពីស្បែក មកសម្តែងជាឈុតឆាកសាច់រឿង ហើយរូបឆ្លាក់ពីស្បែកទាំងនោះត្រូវគេដាប់ និងឆ្លាក់ជារូបអាទិទេព ដែលភាគច្រើនជារឿងបែបព្រហ្មណ៍សាសនា។ ល្ខោនស្បែកធំ គឺជាសិល្បៈមួយ មានប្រវត្តិនៅពេលព្រហ្ម សាសនាចូលមកទឹកដីខ្មែរ។ កាលពីដើមឡើយ សិល្បៈប្រភេទនេះ ត្រូវបានគេឃើញសម្តែងក្នុងពិធីតែពីរ ឬបីប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយកម្រសម្តែងជាសាធារណៈណាស់។ ពិធីទាំងនោះ មានដូចជាពិធីបុណ្យចូលឆ្នាំខ្មែរ ពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ និងពិធីគ្រងរាជ្យ ឬក្នុងពិធីសក្ការៈរបស់ឥស្សរជនល្បីៗ។

សម្ដេច បញ្ជាក់ថា កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner