ទៅលេងបាត់ដំបង១ថ្ងៃពេញ មិនឲ្យខាតជើង និងពេល គួរទៅណាខ្លះ? | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទៅលេងបាត់ដំបង១ថ្ងៃពេញ មិនឲ្យខាតជើង និងពេល គួរទៅណាខ្លះ?

ទៅលេងបាត់ដំបង១ថ្ងៃពេញ មិនឲ្យខាតជើង និងពេល គួរទៅណាខ្លះ?

 «ឱ…បាត់ដំបងបណ្តូលចិត្តអើយ!!!»

Advertisement

            នរណាខ្លះមិនធ្លាប់បានទៅដល់ទឹកដីខេត្តបាត់ដំបង? ឬក៏ធ្លាប់ទៅដែរ តែដូចជាមិនសូវបានដើរលេងអីច្រើនហ្នឹងគេ…ថ្ងៃនេះ យើងមកស្គាល់កន្លែងដើរកម្សាន្តពិសេសៗ ដែលមិនគួររំលងនៅក្នុងទឹកដីនៃខេត្តដ៏ស្រស់ស្អាតមួយនេះជាមួយគ្នាណា៎! ចង់និយាយថា…ខាងក្រោមនេះ ជាបទពិសោធន៍នៃការដើរលេងតាមបែបមិនសូវឲ្យខាតពេលដែលមានតិចរបស់ខ្ញុំ និងពួកម៉ាក ដែលចូលចិត្តដើរមើលដើរឃើញ ^^

          ក្រោយពីព្រឹក ដើរលេងនៅផ្សារណាត់

            បើបានភ្ញាក់ពីព្រឹកតិច ក៏ល្អម្យ៉ាង (កុំឲ្យខាតពេលនោះអី ^^) ហើយអាចចូលទៅលេងផ្សារណាត់បាន។ ទីនេះ ជាផ្សារបែបប្រចាំស្រុកប្រចាំតំបន់ ដែលយើងអាចដើរលេងមើលអាហារតំបន់ ដើរថតរូបក៏ស្អាតដែរនៅហ្នឹង។ សំខាន់ គឺថា…មានទីតាំងនៅកណ្តាលក្រុងតែម្តង ហើយមិនពិបាករកទេ។ អូ៎! ប្រហែលជាឃើញស្លាកឈ្មោះគេដាក់«ផ្សារធំបាត់ដំបង» តែម្ចាស់ស្រុកភាគច្រើនហៅថា «ផ្សារណាត់» អញ្ចឹងហើយ បើរកអត់ឃើញអី អាចសាកសួរឈ្មោះហ្នឹងបាន…

          ញ៉ាំអាហារពេលព្រឹកនៅភោជីយដ្ឋាន«មីគាវផ្ទះ៣ល្វែង»

            និយាយទៅ…បើសិនជាអាច មិនគួររំលងអាហារនៅហាងនេះឡើយ ព្រោះថានរណាៗក៏ស្គាល់ ហើយទៅញ៉ាំនៅហ្នឹងដែរ ដោយសារតែរសជាតិដ៏សែនឈ្ងុយឆ្ងាញ់ និងជាប់ចិត្តរបស់មីគាវនៅទីនោះ។ ម្ហូបដែលខ្ញុំចូលចិត្តជាងគេ គឺ«មីគាវសាច់ទា»…បើបានទៅដល់ កុំភ្លេចឈាងចូលទៅភ្លក្សផងណា៎

          ជិះឡូរី នៅជើងភ្នំបាណន់

            ថ្វីត្បិតថានៅរាងឆ្ងាយពីក្រុងបន្តិច តែពេលទៅដល់ ធានាថាមិនខកចិត្តឡើយ។ ពេលទៅដល់ជើងភ្នំ នឹងឃើញមានស្លាកសញ្ញាបង្ហាញផ្លូវជិះទៅកន្លែងជិះឡូរីហើយណា៎ (អូ! ចង់ប្រាប់ឲ្យហើយថា ឡូរីនៅហ្នឹង ជាឡូរីសិប្បនិម្មិតទេ គឺបានន័យថា ជិះនៅលើផ្លូវរទេះភ្លើងដែលគេសង់ឡើងសម្រាប់តែឡូរីហ្នឹងទេ។ ប្រភេទពិតៗ ដែលជិះនៅលើផ្លូវរទេះភ្លើងមែនទែន គឺនៅកន្លែងមួយទៀត)។ ក្រោយពីទិញសំបុត្រ ហើយឡើងជិះបានហើយ បើសិនមានឡូរីទំនេរ ^^ ហើយពេលជិះទៅដល់ចំណតដែលត្រូវចុះសម្រាក មុននឹងត្រឡប់មកវិញ នឹងបានឃើញកន្លែងថតរូបជាច្រើន ដែលនៅជាប់នឹងភ្នំតែម្តង។ លក្ខណៈថា…អ៊ែមៗហ្មងហា៎!!!

បើឃ្លានហើយ អាចញ៉ាំបានថ្ងៃត្រង់នៅនឹងជើងភ្នំក៏បាន គេមានរមនីយដ្ឋាន ជាកញ្ចុះៗនៅលើទឹក ​ក្រោមម្លប់ឈើត្រឈឹមត្រឈៃផងដែរ។

          ចូលលេងចំការទំពាំងបាយជូរ និងសួនផ្កា

            ប្រាកដជាធ្លាប់លឺហើយ…ចំការទំពាំងបាយជូរបាណន់នោះ។ ថ្មីៗនេះ គេក៏បានបន្ថែមនូវភាពទាក់ទាញជាកន្លែងថតរូបដ៏សម្បូរបែបទៀតណា៎ ទៅដល់ គឺថាមានទាំង ទឹកទំពាំងបាយជូរស្រស់ៗ ស្រាឈ្ងុយៗ ព្រមទាំងប្លង់ថតរូបកប់ៗមិនចេះតិចទៀត។

          ចំណាយពេលរសៀលនៅផ្លូវ ២ធ្នូ

            ជាពិសេសនៅក្បែរសាលាចិន គឺថាមានទាំងវិចិត្រសាលសិល្បៈ សិល្បៈគំនូរតាមជញ្ជាំង និងហាងអាហារសម្រន់ឆ្ងាញ់ៗ។ អូ! ហើយអ្វីដែលរឹតតែពិសេសនោះ គឺម្តុំហ្នឹង ភាគច្រើនជាអាគារពីបុរាណ ហើយសូម្បីតែផ្លាកសញ្ញាអាជីវកម្មភាគច្រើនក៏នៅប្រើជាលក្ខណៈគំនូរដូចជំនាន់ពីមុនដែរ។ ម្យ៉ាងទៀត រ៉ារទេះភ្លើងក៏នៅជិតហ្នឹងដែរ បើចង់ថតរូបលេងអី អាចជិះទៅបាន…

          មើលប្រចៀវ នៅជើងភ្នំសំពៅ

            អត់ម៉េចបាន មើលថ្ងៃលិច អមនឹងដំណើរហើរខ្វែងខ្វាត់របស់ហ្វូងប្រចៀវ នៅភ្នំសំពៅហ្នឹង!!! មើលរបាំប្រចៀវបណ្តើរ ញ៉ាំទឹកត្រជាក់ៗបណ្តើរ ជាក្តីសុខបែបសាមញ្ញ តែមានន័យណាស់។

          ដើរលេងតាមដងស្ទឹងសង្កែ

            ដើរលេងលំហែ ទេសភាពនាស្ទឹងសង្កែ មើលពីជីវភាពនៃប្រជាជនតំបន់ពេលល្ងាចរបស់គេម្តងមើល៎…ហើយក៏អាចសាកភ្លក្សអាហារបែបstreet food ដែលមានលក់នៅតាមរទេះ និងតូបៗនៅក្បែរហ្នឹងផងក៏ម្យ៉ាងដែរ ^^

            យ៉ាងណាដែរ? គម្រោងខាងលើនេះ? បើមានអ្នកស្គាល់កន្លែងណាស្អាត ក្រៅពីនេះ កុំភ្លេចចែករំលែកបន្ថែមផងណា៎!!!

AMS

AMS

អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា