ឥណ្ឌាបំបែកកំណត់ត្រាដ៏អាក្រក់ថ្មីមួយទៀត ក្រោយបន្តរកឃើញអ្នកឆ្លង COVID-19 ច្រើនជាង១ម៉ឺនករណីថ្មីទៀតក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ

អត្ថបទដោយ៖
Kien Sereyvuth

ឥណ្ឌា៖ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃព្រហស្បត្តិ៍នេះ បានរាយការណ៍ពីអ្នកឆ្លងជម្ងឺ COVID-19 ចំនួន១ម៉ឺន៩៥៦ករណី និងអ្នកស្លាប់ថ្មីៗចំនួន៣៩៦នាក់ បន្ថែមទៀតក្នុងរយៈពេលត្រឹមតែ២៤ម៉ោងប៉ុណ្ណោះនៅទូទាំងប្រទេស នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០។

ឆ្លើយតបនឹងវិបត្តិវីរុសនេះ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានប្រកាសដាក់ចេញវិធានការបិទទ្វារប្រទេស ចាប់តាំងពីថ្ងៃទី២៥ ខែមីនាមកម្ល៉េះ ដើម្បីទប់ទល់ការឆ្លងរាលដាល COVID-19 ហើយការបន្តបិទនៅតំណាក់កាលទី៥ ទើបតែត្រូវបានប្រកាសកាលពីថ្ងៃទី០១ ខែមិថុនា ។ យ៉ាងណាមិញ ស្ថានការណ៍ COVID-19 នៅក្នុងប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេបំផុតលំដាប់ទី២ លើលោកមួយនេះ ហាក់មិនទាន់ធូរស្រាយនៅឡើយទេ និងកាន់តែកើនឡើងថែមទៀត ។

សូមជម្រាបថា ឥណ្ឌាស្ថិតនៅលំដាប់ទី៤ ជាប្រទេសមានករណីឆ្លងមេរោគ COVID-19 ច្រើនជាងគេនៅលើពិភពលោក ដោយគិតត្រឹមថ្ងៃទី១២ ខែមិថុនានេះ ឥណ្ឌាមានអ្នកឆ្លងសរុប២៩ម៉ឺន៨ពាន់២៨៣ករណី ក្នុងនោះមានអ្នកស្លាប់សរុប៨ពាន់៥០១នាក់ និងអ្នកជាសះស្បើយឡើងវិញសរុប១៤ម៉ឺន៧ពាន់១៩៥នាក់ ខណៈអ្នកជម្ងឺសកម្ម ឬកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសរុប១៤ម៉ឺន៧ពាន់១៩៥នាក់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner