ក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុន កូកា-កូឡា កម្ពុជា សហការរៀបចំពិធីប្រគល់ធុងបែកចែកសំរាមជូនដល់សាលារៀននៅខេត្តព្រះសីហនុ

អត្ថបទដោយ៖
Kien Sereyvuth

ព្រះសីហនុ៖ ក្រសួងបរិស្ថាន  ក្រសួងអប់រំ យុវជន និងកីឡា  និង ក្រុមហ៊ុនកូកា-កូឡា កម្ពុជាសហការរៀបចំពិធីប្រគល់ធុងបែងចែកសំរាមចំនួន៥០ធុង មានចំនួនសរុប ១៣០ ប្រឡោះ  ជូនដល់សាលារៀនចំនួន១០ នៅក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ដែលពិធីនេះធ្វើឡើងក្រោមអធិបតីភាពរបស់ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ។

កិច្ចសហការនេះ  ធ្វើឡើងក្នុងគោលបំណង ដើម្បីបញ្ជ្រាបការយល់ដឹងពីការគ្រប់គ្រងសំណល់រឹងនៅតាមសាលារៀន  ជាពិសេសផ្តោតសំខាន់លើការបែងចែកសំណល់កែច្នៃ  មិនអាចកែច្នៃ និងសំណល់សរីរាង្គ  ក៏ដូចជាការបំផុសស្មារតីស្រលាញ់បរិស្ថាននៅជុំវិញខ្លួនរបស់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សីផងដែរ ។ ការមានទម្លាប់ល្អនៅសាលាលរៀន សិស្សានុសិស្សអាចយកទៅផ្សព្វផ្សាយ និងអនុវត្តល្អនៅគេហដ្ឋានរបស់ពួកគេ ។ លោក មាស វុត្ថា នាយកផ្នែកលក់ប្រចាំប្រទេស នៃក្រុមហ៊ុនកូកា-កូឡាកម្ពុជា បានមានប្រសាសន៍ថា កិច្ចសហការនាថ្ងៃនេះ គឺជាផ្នែកមួយនៃការជួយគាំទ្រគម្រោងជាសកលរបស់កូកា-កូឡា ដែលមានឈ្មោះថា «ពិភពលោកគ្មានសំរាម»  ដែលអនុវត្តតាមសរសរស្តម្ភ ៣ គឺ «រចនា» «ប្រមូលកែច្នៃ» និង «ចាប់ដៃគូសហការ» ។ 

លោកបន្តថា  ក្រុមហ៊ុនកំពុងព្យាយាមគ្រប់សកម្មភាពដើម្បីសម្រេចឱ្យបានក្នុងឆ្នាំ២០៣០ នូវគោលដៅ «ប្រមូល» ឱ្យបាន ៥០% នៃចំនួនសំបកវេចខ្ចប់សរុបដែលយើងបានប្រើប្រាស់ យកទៅកែច្នៃឡើងវិញ ។  ជាសាក្ខីភាពនៃការសម្រេចបាននូវមួយជំហានទៀតរបស់ក្រុមហ៊ុនចំពោះគោលដៅជាសាកលរបស់យើង  ក្នុងឆ្នាំ២០២០នេះ  យើងនឹងចេញលក់ទឹកពិសាដាសានីចំនុះ ៣៥០ មីលីលីត្រ ដែលសំបកដបវេចខ្ចប់ទឹកពិសាចំណុះនេះ  ផលិតពីប្លាស្ទិកកែច្នៃរួច ១០០% ឬហៅថា «rPET» ដោយអនុលោមតាមស្តង់ដារអូស្ត្រាលី និងកាណាដា ។

ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន ក៏បានថ្លែងចំពោះកិច្ចសហការនេះថា ការគ្រប់គ្រងសំណល់ និងបរិស្ថាន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល  គឺជាកាតព្វកិច្ចរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់  រួមទាំងវិស័យឯកជន និងប្រជាពលរដ្ឋគ្រប់រូបផងដែរ ។ ក្នុងន័យនេះ  ការចូលរួមរបស់វិស័យឯកជនក្នុងកិច្ចគាំពារបរិស្ថាន គឺជាទង្វើដ៏ប្រពៃដែលឆ្លុះបញ្ចាំងពីការសាមគ្គីរបស់វិស័យឯកជនចំពោះបរិស្ថានកម្ពុជា ។ ឯកឧត្តមជឿជាក់ថា  កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល  ដោយមានការចូលរួមពីវិស័យឯកជន   ជាពិសេសការយល់ដឹងពីការគ្រប់គ្រងសំណល់រឹងរបស់សិស្សានុសិស្ស ប្រជាពលរដ្ឋ នឹងធ្វើឱ្យបរិស្ថានកម្ពុជាមានភាពប្រសើរឡើង ។

ក្រោមគម្រោងជាសកល «ពិភពលោកគ្មានសំរាម» គិតចាប់ពីចុងឆ្នាំ២០១៨ រហូតមកដល់ត្រឹមថ្ងៃនេះ  ក្រុមហ៊ុនកូកា-កូឡា និងដៃគូសហការទាំងអស់បានរួមគ្នាផ្តល់ធុងបែកចែកសំរាមជាង៨០០ធុង និងសារបំផុសស្មារតីស្រលាញ់បរិស្ថានរាប់រយផ្ទាំង ជូនដល់សាលារៀន និងសហគមន៍នៅទូទាំងប្រទេស ។  បន្ទាប់ពីកម្មវិធីថ្ងៃនេះ  នៅមានធុងសំរាមចំនួនជាង២០០ទៀតកំពុងតែផលិតទុកសម្រាប់ផ្តល់ជូនសាលារៀន និងសហគមន៍ក្នុងឆ្នាំ២០២០នេះ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner