ផ្លែស្វាយស្រស់ពីកម្ពុជាចាប់ផ្តើមដឹកជញ្ជូនទៅកាន់ប្រទេសចិនហើយ

យោងតាមទំព័រហ្វេសប៊ុករបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន នៅថ្ងៃទី៣ធ្នូនេះ បានឲ្យដឹងថា ការចាប់ផ្តើមដឹកជញ្ជូនផ្លែស្វាយស្រស់ពីកម្ពុជាទៅកានើប្រទេសចិនត្រូវបានចាប់ផ្តើមហើយ ដោយក្រុមហ៊ុន ហ៊ុនទី នៅកម្ពុជា។ លោកថា ក្រុមហ៊ុន ហ៊ុនទី បានចាប់ផ្តើមបោះទុនវិនិយោគ លើការអភិវឌ្ឍវិស័យកសិកម្ម ការលាងសំអាត ការវេចខ្ចប់ ការបង្កើតឃ្លាំងស្តុកត្រជាក់ និងការនាំចេញ ផលិតផលកសិកម្មនៅកម្ពុជា កាលពីឆ្នាំ២០១៧ ។

មកទល់ថ្ងៃទី២ធ្នូឆ្នាំ២០២០ ក្រុមហ៊ុនបានសាកល្បងដឹកជញ្ជូនស្វាយស្រស់មួយ Container ដោយត្រូវដឹកជញ្ជូនឆ្លងកាត់ប្រទេសវៀតណាមទៅកាន់ប្រទេសចិន។ តាមការបញ្ជាក់របស់ក្រុមហ៊ុននាពេលព្រឹកថ្ងៃទី៣ធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ក្រោយពីបញ្ចប់នៃការសាងសង់ និងដំឡើងឧបករណ៍សម្លាប់សមាសភាពចង្រៃដូចជាពងរុយជាដើម នៅក្នុងផ្លែស្វាយរួចរាល់មក ក្រុមហ៊ុនបានចាប់ផ្តើមដឹកជញ្ជូនស្វាយពីចំការមកសំអាត និងវេចខ្ចប់ ដោយបានចាប់ផ្តើមបណ្តុះបណ្តាលកម្មករចំនួន៧០នាក់ ជាបឋម ដោយត្រូវប្រើប្រាស់រយៈពេល៣ថ្ងៃ ដើម្បីដាក់បញ្ចូលទៅក្នុងមួយContainer ។

ក្រុមហ៊ុនបានបង្ហាញក្តីសង្ឃឹមថា ក្រោយពីទទួលបានបទពិសោធន៍ពីការលាងសំអាត និងវិចខ្ចប់ក្នុងរយៈពេល៣ថ្ងៃកន្លងមក នឹងជួយដល់ក្រុមហ៊ុនបង្កើនល្បឿននៃការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិននាពេលខាងមុខ។ សូមពញ្ជាក់ថា ពិធីសាររវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គរដ្ឋបាលគយចិន ស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិនត្រូវបានចុះហត្ថលេខានៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០។ ដោយឡែក ចំពោះវឌ្ឍនភាពនៃការអនុវត្តពិធីសារនោះ អគ្គនាយកដ្ឋានកសិកម្ម បានទទួលពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់កម្ពុជាទៅកាន់ប្រទេសចិន ចំនួន៤៨ក្រុមហ៊ុន/ម្ចាស់ចម្ការ/សហគមន៍កសិកម្ម។

ដំណាក់កាលទី១ អគ្គនាយកដ្ឋានកសិកម្មបានចាត់មន្រ្តីជំនាញចុះពិនិត្យ វាយតម្លៃលើកសិដ្ឋានដែលមានសក្តានុពលខ្ពស់ និងស្របតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសចិនចំនួន៥ និងទីតាំងវេចខ្ចប់ដែលបានសាងសង់រួចរាល់ចំនួន១ និងបានផ្ញើជូន GACC កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០។ ដើម្បីបំពេញតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យឱ្យបានល្អ សម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន អគ្គនាយកដ្ឋានកសិកម្ម បាននិងកំពុងអនុវត្តសកម្មភាពមួយចំនួននៅតាមទីតាំងចម្ការដែលបានដាក់ពាក្យស្នើសុំ ឱ្យបំពេញបាននូវលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសចិន។

សកម្មភាពទាំងនោះរួមមាន (១) បណ្តុះបណ្តាលបច្ចេកទេសស្តីពីការអនុវត្តកសិកម្មល្អ (២) បណ្តុះបណ្តាលបច្ចេកទេសស្តីពីការគ្រប់គ្រងសមាសភាពចង្រៃ (៣) បណ្តុះបណ្តាលបច្ចេកទេសស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់នាំចេញផ្លែស្វាយស្រស់ (៤) អង្កេតតាមដាននិងរៀបចំប្រព័ន្ធព្យាករណ៍សមាសភាពចង្រៃនៅតាមចម្ការដែលបានចុះបញ្ជីនាំចេញ និង(៥) ត្រួតពិនិត្យ គុណភាព និងសុវត្ថិភាពដំណាំស្វាយ។ បន្ទាប់ពីសកម្មភាពទាំង៥ខាងលើ បានដំណើរការចប់សព្វគ្រប់ ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម នឹងវាយតម្លៃចម្ការស្វាយដើម្បីចុះបញ្ជីកសិដ្ឋានការអនុវត្តកសិកម្មល្អ និងចុះបញ្ជីជាកសិដ្ឋានសម្រាប់នាំចេញស្វាយទៅកាន់ប្រទេសចិន រួចផ្ញើជូនភាគីចិនដើម្បីពិនិត្យ និងវាយតម្លៃបញ្ចប់ចុងក្រោយ។ គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ មានក្រុមហ៊ុនចំនួន៤ ដែលបាននិងកំពុងប្រតិបត្តិការសាងសង់ទីតាំងវេចខ្ចប់ដោយមានបំពាក់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់កម្ចាត់ពងរុយចោះផ្លែស្វាយដែលក្នុងនោះរួមមាន៖

១- ក្រុមហ៊ុនបឹងកេតផ្លេនធីង & អ៊ិនដាសស្ទៀល ឯ.ក មានទីតាំងនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បាននិងកំពុងតម្លើងម៉ាស៊ីន Hot Water Treatment ដែលគ្រោងនឹងបញ្ចប់នៅអំឡុងខែធ្នូ ឆ្នាំ២០២០នេះ។ ២- ក្រុមហ៊ុន បាមីន អេហ្រ្គីខលឈ័រ ហាយ-ថេក ឌីវេឡុបម៉ិន ឯ.ក មានទីតាំងនៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បាននិងកំពុងតម្លើងម៉ាស៊ីន Vapor Heat Treatment ដែលគ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំ២០២០នេះ, ៣- ក្រុមហ៊ុន Long Wo Agriculture (Cambodia) Co., Ltd មានទីតាំងនៅភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បាននិងកំពុងដឹកសម្ភារៈពីប្រទេសចិនមកសាងសង់ ដែលគ្រោងនឹងបញ្ចប់នៅដើមឆ្នាំ២០២១ និង ៤- ក្រុមហ៊ុន អាល់ ហ្សាហ្ស៊ីលេន ហ្វ៊ូដ ភីធីអ៊ី (ម្ចាស់ក្រុមហ៊ុន HUNTY CO., LTD)មានទីតាំងនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បាននិងកំពុងតម្លើងម៉ាស៊ីន Hot Water Treatment គ្រោងនឹងបញ្ចប់នៅអំឡុងខែធ្នូ ឆ្នាំ២០២០ ខាងមុខ។ ដោយឡែក ក្រុមហ៊ុនចំនួន៧ផ្សេងទៀត ដែលមានផែនការបំពាក់ឧបករណ៍ និងសម្ភារៈឱ្យបានមុនដំណាច់ឆ្នាំ២០២០ បានផ្អាកបណ្តោះអាសន្ន ដោយសារវិបត្តិជំងឺ Covid 19៕ កឹម ទៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner