សហព័ន្ធស្រូវអង្ករកម្ពុជាបង្ហាញអង្ករក្រអូបប្រណីតរបស់កម្ពុជា“ម្លិះអង្គរ” ដែលធ្លាប់បានទទួលពានរង្វាន់អង្ករល្អបំផុតលើពិភពលោកចំនួន៤ដង ក្នុងសន្និសីទស្រូវអង្ករពិភពលោកលើកទី១២ ឆ្នាំ២០២០

អត្ថបទដោយ៖
ធី ដា

លោកស្រី គឹម ស្រីរ័ត្ន អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) និងជាប្រធានគណៈកម្មាធិការប្រតិបត្តិទទួលបន្ទុកផ្នែកទីផ្សារ និងជំរុញការនាំចេញ របស់សហពន្ធ័ នៅថ្ងៃទី២ធ្នូឆ្នាំ២០២០ បានចូលរួមផ្តល់បទបង្ហាញអំពីវិស័យស្រូវអង្ករកម្ពុជា នៅក្នុងសន្និសីទស្រូវអង្ករពិភពលោកលើកទី១២ ដែលធ្វើឡើងតាមរយៈអនឡាញ។ សន្និសីទស្រូវអង្ករពិភពលោក ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដែលជាព្រឹត្តិការណ៍ជួបជុំនិងការប្រមូលផ្តុំនូវអ្នកពាក់ព័ន្ធនៅក្នុងការធ្វើពាណិជ្ជកម្មស្រូវអង្ករកម្រិតពិភពលោក ហើយដោយឡែក នៅក្នុងឆ្នាំ២០២០នេះ ដោយសារតែមានការរីករាលដាលនូវវិបត្តិកូវីដ១៩ សន្និសីទស្រូវអង្ករពិភពលោកលើកទី១២ ក៏ត្រូវបានរៀបចំឡើងតាមរយៈវេទិកាអនឡាញដំបូងបំផុត។

ក្នុងសន្និសីទនោះលោកស្រី គឹម ស្រីរ័ត្ន បានធ្វើបទបង្ហាញជារួមអំពីបច្ចុប្បន្នភាពនៃវិស័យស្រូវអង្ករកម្ពុជាដែលរួមបញ្ចូល ផលិតកម្មស្រូវ និងវឌ្ឍនភាពនៃការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោក ដែលគិតមកត្រឹមខែវិច្ឆិកា ឆ្នាំ២០២០នេះ ការនាំចេញក្នុងរយៈពេល១១ខែ បានកើនឡើងជិត១៧% ដែលគិតជាបរិមាណសរុបមានចំនួន៦០ម៉ឺន១ពាន់៤៥ តោន និងគិតជាទឹកប្រាក់ទទួលបាន៤១៥លានដុល្លារសហរដ្ឋអាមេរិក។ ជាមួយគ្នានោះដែរ លោកស្រី អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានរំលេចអំពីលក្ខណៈពិសេសរបស់អង្ករក្រអូបប្រណីតរបស់កម្ពុជា “ម្លិះអង្គរ” និងធ្លាប់បានទទួលពានរង្វាន់អង្ករល្អបំផុតលើពិភពលោកចំនួន៤ដងរួចមកហើយ ពីសន្និសីទស្រូវអង្ករពិភពលោក កាលពីឆ្នាំ២០១២, ឆ្នាំ២០១៣, ឆ្នាំ២០១៤ និង ឆ្នាំ២០១៨។

លោកស្រីអនុប្រធាន ក៏បានលើកបង្ហាញអំពីការយកចិត្តទុករបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយពង្រឹង និងទ្រទ្រង់វិស័យនេះ តាមរយៈការផ្តល់ឥណទានដល់រោងម៉ាស៊ីនស្រូវក្នុងអត្រាពិសេស ដើម្បីជាទុនបង្វិលទិញស្រូវ និងទុនរយៈពេលមធ្យម និងវែង សម្រាប់សាងសង់ឡសម្ងួត និងឃ្លាំងស្តុកស្រូវ ដែលកម្មវិធីនេះបានអនុវត្តដោយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។

គួរបញ្ជាក់ផងដែរថា សហព័ន្ធស្រូវអង្ករកម្ពុជា ក្រោមការគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី បានចូលរួមផ្សព្វផ្សាយអំពីម៉ាក “ម្លិះអង្គរ” របស់កម្ពុជា នៅលើទីផ្សារសកលលោក តាមរយៈការចូលរួមសហការឧបត្ថម្ភសន្និសីទស្រូវអង្ករពិភពលោកលើកទី១២។ គោលបំណងនៃការចូលរួមឧបត្ថម្ភនោះគឺ ដើម្បីលើកស្ទួយនិងផ្សព្វផ្សាយអំពីវិស័យវឌ្ឍនភាពនិងការអភិវឌ្ឍរបស់វិស័យស្រូវអង្ករកម្ពុជា ក្នុងយុគសម័យថ្មី៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner