កូវីដ៖ ព្រះសង្ឃ២៦អង្គ ត្រូវបានហាមមិនឲ្យនិមន្ដចេញទៅក្រៅជាបណ្ដោះអាសន្ន ដោយសារជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា

អត្ថបទដោយ៖
ធី ដា

សៀមរាប៖ ព្រះគ្រូវិជ័យរង្សី បណ្ឌិត ឡាច លាង ព្រះអនុគណក្រុងសៀមរាប មានថេរៈដិកាថា អាជ្ញាធរខេត្ត និង អនុគណក្រុងសៀមរាប សម្រេចមិនអនុញ្ញាតឲ្យព្រះសង្ឃគ្រប់អង្គគង់នៅវត្តអធ្វា ក្នុងក្រុងសៀមរាប និមន្ដចេញក្រៅ ឬទទួលការនិមន្តទៅសូត្រមន្តក្នុងពិធីផ្សេងៗនៅខាងក្រៅឡើយ បន្ទាប់ពីគ្រួសារដែលមានវិជ្ជមានកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា បានទៅរកលោកយាយចុងភៅក្នុងវត្ត ដើម្បីស្រោចទឹក និង ចងអំបោះដៃ ទៅតាមជំនឿសាសនារបស់ខ្មែរ។

ដោយមើលឃើញពីបញ្ហាប្រឈមនៃការឆ្លងជំងឺកូវីដ ១៩ និងដើម្បីបង្ការទប់ស្កាត់កុំឲ្យមានការរីករាលដាលធ្ងន់ធ្ងរឆ្លងចូលក្នុងសហគមន៍ ទើបរដ្ឋបាលខេត្តសៀមរាប មន្ទីរធម្មការនិងសាសនាខេត្ត សុំផ្អាកព្រះសង្ឃទាំង២៦អង្គ រយៈពេល១៤ថ្ងៃ មិនឱ្យនិមន្តចេញក្រៅ រង់ចាំមានការណែនាំជាថ្មី។ លាង ព្រះអនុគណក្រុងសៀមរាប មានថេរៈដិកាថា បើទោះបីជាបច្ចុប្បន្ននេះ ព្រះសង្ឃគ្រប់អង្គនៅវត្តអធ្វា មិនមានឆ្លងកូវីដ-១៩ក៏ដោយ ក៏ត្រូវអនុវត្តតាមវិធានការនៃការធ្វើចត្តាឡីស័កនៅមួយកន្លែង តាមការណែនាំរបស់អាជ្ញាធរខេត្ត និងមន្ទីរសុខាភិបាលខេត្តផងដែរ។

ព្រះគ្រូវិជ័យរង្សី បណ្ឌិត ឡាច លាង បានសំណូមពរដល់ព្រះសង្ឃនៅតាមវត្តអារាមនានា មិនគួរអនុញ្ញាតឲ្យ ភិក្ខុ សាមណេរ និមន្ដចេញក្រៅ ក្នុងករណីមិនចាំបាច់ ហើយក៏ត្រូវរៀបចំឱ្យមានកន្លែងពិនិត្យសុខភាព ត្រូវមានឧបករណ៍វាស់កំដៅ មានសាប៊ូ ជេលឬអាល់កុលសម្រាប់លាងសំអាតដៃ ត្រូវពាក់ម៉ាស ក្រម៉ា និងត្រូវរក្សាគម្លាតបុគ្គល យ៉ាងតិចឱ្យបាន១,៥០ម៉ែត្រ។ សូមបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃ គឺថ្ងៃទី២៩ដល់ថ្ងៃទី១ធ្នូឆ្នាំ២០២០ សម្រាប់អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ក្នុងខេត្តសៀមរាប មានចំនួន៤៩០ នាក់ ត្រូវបានបានយកសំណាកមកធ្វើតេស្ត៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner