ក្រសួងវប្បធម៌និងវិចិត្រសិល្បៈទទួលអំណោយម៉ាស់ចំនួន២ម៉ឺនបន្ទះពីមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំកម្ពុជា

ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈទទួលបានអំណោយម៉ាស់ចំនួន២០០០០បន្ទះពីមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំកម្ពុជា ដែលពិធីប្រគល់និងទទួលនេះធ្វើឡើងកាលពី រសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

លោក ឈាន យានកាង (QUAN YANGANG) ប្រធានមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំកម្ពុជាបានមានប្រសាសន៍ថា ក្នុងស្មារតីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតី  តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជាសកលCOVID-19 មជ្ឈមណ្ឌលវប្បធម៌ចិន បានបរិច្ចាគនូវម៉ាស់ចំនួន២ម៉ឺនបន្ទះ ជូនដល់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលជាដៃគូសហប្រតិបត្តិការយ៉ាងល្អជាមួយគ្នា និងឈរលើទស្សនៈរួមសុខរួមទុក្ខលើក្បូនតែមួយ និងជួយយកអាសារគ្នាទៅវិញទៅមក។

ក្នុងនាមលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវ នេត្រ ភូម៉ារី រដ្ឋលេខាធិការ បានមានប្រសាសន៍ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះទឹកចិត្តដ៏ប្រពៃរបស់មិត្តចិនដែលជានិច្ចកាលតែងបានគាំទ្រដល់កម្ពុជា ដែលជាពិសេសរួមកម្លាំងគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជាសកលCOVID-19។

អំណោយនាពេលនេះគឺជាការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៅក្នុងសហគមន៍នៃព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា។

លោកជំទាវក៏ បានលើកឡើងផងដែរ ពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងស្ថាប័នទាំងពីរ ព្រមទាំងបន្តការលើកទឹកចិត្តដល់កិច្ចសហការជាមួយមជ្ឈមណ្ឌលវប្បធម៌ចិន ប្រចាំកម្ពុជា លើវិស័យនៃការផ្លាស់ប្តូរបទពិសោធន៍ផ្នែកវប្បធម៌ និងបន្តជំរុញកិច្ចសហការ ចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner