ព្រះមហាក្សត្រ និងសម្តេចម៉ែប្រោសព្រះរាជទានព្រះរាជទ្រព្យ១លានដុល្លា ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ចូលរួមចំណែកទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីត-១៩
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថសីហនុ នៅព្រឹកថ្ងៃទី១០ធ្នូ២០២០នេះ ព្រះអង្គទាំងទ្វេ សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន លោកសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសហការី ចូលក្រាបថ្វាយបង្គំគាល់។
ក្នុងឱកាសនោះ ព្រះករុណាព្រះមហាក្សត្រ បានប្រោសប្រទានព្រះរាជទ្រព្យចំនួន៥០ម៉ឺនដុល្លារអាមេរិក និង សម្តេចព្រះមហាក្សត្រី បានប្រោសប្រទានព្រះរាជទ្រព្យ ចំនួន ៥០ម៉ឺនដុល្លារអាមេរិក ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការទិញវ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅយប់ថ្ងៃទី៧ធ្នូឆ្នាំ២០២០ បានប្រកាសថា សម្ដេចគ្រោងនឹងទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ចំនួន១លានដូស្ត ដែលអាចចាក់បានមនុស្ស៥០ម៉ឺននាក់។ អ្នកដែលត្រូវចាក់មុនគេ គឺអ្នកដែលប្រឈមខ្ពស់ គឺគ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធ និងកម្មប្រមូលសម្រាមជាដើម។
ក្រោយការប្រកាសនោះ គេសង្កេតឃើញសប្បុរសជន បានស្មគ្រ័ចិត្តចូលជាថវិការបស់ខ្លួនជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទិញវ៉ាក់សាំង ដែលគិតរហូតមកដល់ល្ងាចថ្ងៃទី៩ធ្នូ ទទួលបានជាង៣៦លាន៨សែនដុល្លារអាមេរិក៕