អង្គភាពស៊ីម៉ាក់ និងអង្គការ អាប៉ូប៉ូ ចុះកិច្ចព្រមព្រៀងសហការគ្នារយៈពេលមួយឆ្នាំដោយប្រើសត្វកណ្ដុរហិតមីន
ចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ រវាង អង្គភាពស៊ីម៉ាក់ និងអង្គការ អាប៉ូប៉ូ លើគម្រោងសមាហរណកម្មកណ្តុរហិតមីន ជាមួយការបោសសម្អាតមីនរបស់អង្គភាពស៊ីម៉ាក់ សម្រាប់រយ:ពេល១ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី១មករា ឆ្នាំ២០២១ ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ ពិធីចុះហត្ថលេខានោះ បានធ្វើឡើងនៅរសៀលថ្ងៃ១០ធ្នូឆ្នាំ២០២០ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ។
កណ្តុរហិតដែលស្ថិតក្នុងគម្រោងកិច្ចសហប្រតិបត្តិការ ស៊ីម៉ាក់ និងអង្គការ អាប៉ូប៉ូ មានចំនួន២៤ក្បាល ហើយបាននិងកំពុងប្រតិបត្តិការនៅកងឯកភាពកំចាត់មីនទី៤ ខេត្តសៀមរាប និងកងឯកភាពកំចាត់មីនទី៦ ខេត្តព្រះវិហារ។ កាលពីពេលថ្មីៗកន្លងទៅនេះ កណ្តុរហិតដែលស្ថិតក្នុងគម្រោងកិច្ចសហប្រតិបត្តិការ ស៊ីម៉ាក់ និងអង្គការ អាប៉ូប៉ូ បានទទួលមេដៃមាសពីអង្គការសប្បុរសធម៌សត្វនៃប្រទេសអង់គ្លេស។
បើតាមអគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ស៊ីម៉ាក់ បានថ្លែងថា ទោះបីជាពិភពលោកទាំងមូលកំពុងរងការគំរាមកំហែងដោយសារជម្ងឺកូវីដ១៩ក៏ដោយនិយាយជារួម និយាយដោយឡែកនៅកម្ពុជាជាពិសេសទីក្រុងភ្នំពេញកំពុងតែរឹងបន្តឹងវិធានការការពារការរីករាលដាលជម្ងឺកូវីត១៩ក្នុងសហគមន៍ ប៉ុន្តែទឹកចិត្តដៃគូអភិវឌ្ឍន៍នៅតែបន្តជួយគាំទ្រដល់សកម្មភាពមនុស្សធម៌ក្នុងសង្គមកម្ពុជានៃវិស័យសកម្មភាពកំចាត់មីន៕កឹម ទៀង