ពលកម្មកុមារសម័យខ្មែរក្រហម “១៧ មេសា ១៩៧៥-៦ មករា ១៩៧៩”

យើងដឹងហើយថាកុមារគឺជាកោសិកាដ៏ចាំបាច់ និងមានតម្លៃបំផុតមួយក្នុងដំណើរការអភិវឌ្ឍន៍កម្ពុជា និងសកលលោកទាំងមូលនាពេលអនាគត។ ដូច្នេះហើយ កុមារត្រូវទទួលបាននូវសិទ្ធិអាទិភាពជាចាំបាច់ក្នុងកិច្ចគាំពារពីសំណាក់មជ្ឈដ្ឋានជុំវិញដោយខានពុំបាន។ ប៉ុន្តែផ្ទុយនឹងស្មារតីខាងលើនេះ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យឆ្នាំ ១៩៧៥-១៩៧៩ កុមារបែរជាត្រូវបានបំពេញដោយគំនិតដែលប្រាសចាក់ពីសីលធម៌ និងទទួលបានតែការប្រល័យទៅវិញ។ ក្នុងរបបខ្មែរក្រហម កុមារត្រូវបានគេសង្កេតឃើញថាត្រូវបានបាត់បង់សិទ្ធិធំទាំង៤របស់ខ្លួន រួមមានដូចជា÷សិទិ្ធរស់រានមានជីវិត សិទ្ធិទទួលបានការការពារ សិទ្ធិក្នុងការបញ្ចេញមតិ និងសិទ្ធិក្នុងការអភិវឌ្ឍន៍ ក្នុងនោះកុមារជាច្រើនត្រូវបានប្រើឱ្យធ្វើការងារហួសកម្លាំង ដោយកុមារខ្លះត្រូវបានស្លាប់ដោយកង្វះអាហារបរិភោគ និងខ្លះទៀតត្រូវបានយកទៅសម្លាប់ក្រោមហេតុផលក្បត់អង្គការ។ លើសពីនេះទៀត សិទ្ធិទទួលបានការការពារ ក៏កុមារពុំទទួលបានផងដែរ ព្រោះកុមារភាគច្រើនត្រូវបានបំបែកចេញពីឪពុកម្តាយតាំងពីតូច ដោយម្តាយឪពុកត្រូវជម្លៀសយកទៅធ្វើការនៅតាមសហករណ៍ឆ្ងាយៗដើម្បីបម្រើមហិច្ឆតា មហាលោតផ្លោះ មហាអស្ចារ្យ របស់ខ្មែរក្រហម។ កុមាររស់នៅដោយខ្វះភាពកក់ក្តៅពីឪពុកម្តាយ ខ្វះការថែទាំ ខ្វះការការពារ ព្រោះឪពុកម្តាយពុំមានសិទ្ធិមើលថែរក្សា និងការពារកូនៗរបស់ខ្លួនឡើយ ដោយហេតុថា សូម្បីតែសិទ្ធិរស់រានរបស់ខ្លួនដែលជាឪពុកម្តាយក៏ពុំមានផង បើពួកគាត់ធ្វើការងារប្រហែសតែបន្តិច ពួកគាត់នឹងត្រូវអង្កការយកទៅរៀនសូត្រ និងសម្លាប់ក្រោមហេតុផលថា “ទុកមិនចំណេញ ដកចេញក៏មិនខាត”។ បើឪពុកម្តាយត្រូវបានអង្គការយកទៅសម្លាប់ កូនៗ ញាតិមិត្តបងប្អូនក៏មិនប្រាកដថារួចខ្លួនដែរ ដោយកុមារខ្លះត្រូវបានសម្លាប់តាមក្រោយបន្ទាប់ពីឪពុកម្តាយ ក្រោមគោលការណ៍ “ជីកស្មៅ ត្រូវជីកទាំងឫស”។ យ៉ាងណាមិញ កុមារក៏ត្រូវបានអង្គការចាត់តាំងឱ្យទៅរៀនសូត្រក្រោមប្រព័ន្ធអប់រំរបស់បក្សដើម្បីបណ្តុះមនោគមវិជ្ជា និងគំនិតបដិវត្តន៍ ក្នុងចក្ខុវិស័យជម្រុញកុមារឱ្យចូលបម្រើក្នុងជួរកងទ័ព ចលនាតស៊ូ ឬចលនាបដិវត្តន៍ធំៗរបស់អង្គការ ដោយកុមារខ្លះត្រូវបានតែងតាំងជាកម្មាភិបាលទទួលបន្ទុកមើលការងាររបស់មនុស្សធំនៅក្នុងសហករណ៍។ ខ្មែរក្រហមចាត់ទុកកូនក្មេងដូចជាក្រដាស់ស ដោយយល់ឃើញថាក្មេងជាមនុស្សស្មោះត្រង់ និងងាយក្នុងការបញ្ចូលមនោគមវិជ្ជា បម្រើគោលនយោបាយបក្ស។

ការងារក្រៅពីនេះមាន : ដើររើសអាចម៍គោ កាប់ទន្ទ្រានខែត្រ ប្រមូលលាមកមនុស្សយកទៅធ្វើជី និងដឹកជញ្ជូនអាវុធទៅសមរភូមិ។ល។ មនុស្សដែលមានវ័យចាប់ពី ១៤ឆ្នាំឡើង (កុមារវ័យជំទង់) ត្រូវធ្វើការងារធ្ងន់ និងលំបាក។ កុមារទាំងនេះមានការងារដូចជា ជីកប្រឡាយ ឬអាងស្ដុកទឹក លើកទំនប់ កាប់ឈើធ្វើផ្ទះ រានដីធ្វើស្រែចម្ការ និងដាំស្រូវ។ ប្រជាជនទាំងអស់ធ្វើការលើសពី ១២ម៉ោងក្នុងមួយថ្ងៃ ព្រមទាំងគ្មានថ្ងៃសម្រាកឡើយ។ រីឯអាហារក៏ទទួលទានពុំបានគ្រប់គ្រាន់។ ជួនកាលគេធ្វើការដល់ពាក់កណ្ដាលយប់ថែមទៀត បើសិនជាខែភ្លឺ។ ពេលខ្លះគេអុជភ្លើងបំភ្លឺវាលស្រែហើយធ្វើការបន្ត។ អ្នកដែលហ៊ានតវ៉ានឹងការងារនេះត្រូវគេចោតថាជាខ្មាំងត្រូវយកទៅអប់រំ។

ការប្រព្រឹត្តបែបនេះគឺផ្ទុយពីមាត្រា ១២ នៃរដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យដែលមានសេចក្ដីជាអាទិ៍ថា៖
-ប្រជាជនគ្រប់រូប មានសិទ្ធិជីវភាពពេញទីខាងសម្ភារៈ ខាងស្មារតី និងខាងវប្បធម៌ ដែលត្រូវបានកែប្រែឲ្យរីកចម្រើនកាន់តែខ្ពស់ឡើងជានិច្ច។ ប្រជាជនកម្ពុជាគ្រប់រូបសុទ្ធតែត្រូវធានាអះអាងខាងជីវភាពទាំងអស់។
-កម្មករគ្រប់រូបជាម្ចាស់រោងចក្រ។
-កសិករគ្រប់រូបជាម្ចាស់ស្រែចម្ការ។
-ពលករផ្សេងទៀតមានសិទ្ធិមានការងារធ្វើទាំងអស់។
-ភាពគ្មានការងារធ្វើមិនមានដាច់ខាតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។

https://www.facebook.com/blackcrowkh/posts/148141457067484

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner