មន្ត្រីនគរបាលចរាចរណ៍ម្នាក់នៅខណ្ឌច្បារអំពៅ ដែលកំពុងធ្លាក់ខ្លួនឈឺជាទម្ងន់ ទទួលបានថវិកាពី សប្បុរសជន ដើម្បីបន្តព្យាបាលជំងឺ នៅឯប្រទេសថៃ

ក្រុមគ្រួសាររបស់លោកអនុសេនីយ៍ឯក រស់ ហ៊ន នាយរងផ្នែកសណ្តាប់ធ្នាប់ និងចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានទទួលអំណោយជាថវិកាពីសប្បុរសជននានា នៅអធិការ ដ្ឋាននគរបាលខណ្ឌច្បារអំពៅ នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ដោយមានការសម្របសម្រួលពី លោក បេង ដាណារ៉ា ស្នងការរងនគរបាលរាជធានីភ្នំពេញ លោក ម៉ៅ សឿត អធិការនគរបាលខណ្ឌ ច្បារអំពៅ រួមនឹងតំណាងសប្បុរសជនផងដែរ ។

មន្ត្រីនគរបាលចរាចរណ៍ខណ្ឌច្បារអំពៅ លោកអនុសេនីយ៍ឯក រស់ ហ៊ន ដែលបងប្អូនប្រជាពលរដ្ឋជាអ្នកដំណើរទូទៅ តែងតែឃើញលោកមានវត្តមាននៅលើដងផ្លូវតាំងពីព្រលឹមរហូតដល់ពេល យប់ មិនថាពេលភ្លៀងធ្លាក់ រលឹមឬថ្ងៃក្តៅ, ដើម្បីសម្រួលការធ្វើដំណើរ ដល់រថយន្ត និងម៉ូតូ ដែលកកស្ទះ ដោយនៅនឹងមាត់របស់លោកមានកញ្ចែដែលលោកតែងតែផ្លុំ និង ដំបងបញ្ជាចរាចរណ៍មួយ នៅពេលឈរសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើដំណើរទៅមក ពិសេស ដើម្បីបញ្ចៀស នូវការកកស្ទះចរាចរណ៍ជាដើម នៅចំណុចស្តុបច្បារអំពៅ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងខណ្ឌច្បារអំពៅនោះ បច្ចុប្បន្ន លោកកំពុងធ្លាក់ខ្លួនឈឺជាទម្ងន់ ទើបបានជាសប្បុរសជន នានា បានសម្រេចជួយជាថវិកា ដើម្បី សម្រាលការលំបាក ក្នុងការព្យាបាលជំងឺ ដែលលោក ត្រូវបាន ដឹកទៅព្យាបាលបន្ត នៅឯប្រទេសថៃ ។

ក្នុងឱកាសទទួលថវិកាជាការឧបត្ថម្ភពីសប្បុរសជននេះ ក្រុមគ្រួសាររបស់លោកអនុសេនីយ៍ឯក រស់ ហ៊ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនទាំងអស់ ដែលបានផ្ដល់ជាថវិកា ដើម្បីបន្តការព្យាបាលជំងឺរបស់លោក រស់ ហ៊ន បន្តទៀត។

ជាមួយនេះ ក្រុមគ្រួសាររបស់លោកអនុសេនីយ៍ឯក រស់ ហ៊ន ក៏បានថ្លែងអំណរគុណដល់ឯ,ឧ ស្នងការនគរបាលរាជធានីភ្នំពេញ, ស្នងការរង, លោកអធិការ, អធិការរងនគរបាល និងមន្ត្រីនគរបាល ខណ្ឌច្បារអំពៅទាំងអស់ ដែលបានជួយជ្រោមជ្រែង និងយកចិត្តទុកដាក់ ក៏ដូចជា បានសួរសុខទុក្ខ លោកអនុសេនីយ៍ឯក រស់ ហ៊ន ដែលកំពុងមានជំងឺជាទម្ងន់ និងកំពុងបន្តការព្យាបាលនៅឯប្រទេសថៃ នេះផងដែរ ។

បើតាមក្រុមគ្រួសាររបស់លោក រស់ ហ៊ន បានអោយដឹងថា ដំបូងឡើយ លោកសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ។ ក្រោយមកដោយសារអាការះមិនធូរស្បើយ ក៏បានបញ្ចូនមកផ្ទះបណ្តោះ អាសន្ន ស្ថិតនៅភូមិឬស្សីស្រស់ ក្នុងសង្កាត់និរោធ ដើម្បីរៀបចំឯកសារអោយបានគ្រប់គ្រាន់ជាមុនសិន មុនធ្វើការចំណាកប្រទេសទៅកាន់ប្រទេសថៃ ដើម្បីព្យាបាលជម្ងឺបន្តទៀត ៕ ដោយ ប៊ុនធី និងវណ្ណ លុក

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner