អភិបាលខេត្តរតនគិរី ដឹកនាំក្រុមការងារជំនាញ​ចុះពិនិត្យផលប៉ះពាល់ពលរដ្ឋរស់នៅជុំវិញបឹងកន្សែង

រតនគិរី : នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានដឹកនាំក្រុម​ការងារជំនាញ​ពាក់ព័ន្ធ ចុះពិនិត្យជាក់ស្តែងអំពីផល ប៉ះពាល់លើប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងកន្សែង ក្រុងបានលុង ក្នុងគម្រោងកែ​លម្អរ​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជុំវិញបឹងនេះ។

ជាលទ្ធផលមានពលរដ្ឋសរុបចំនួន៤៥គ្រួសារដែលត្រូវប៉ះពាល់ក្នុងគម្រោងនេះក្នុងកម្រិតជាក់ ស្តែង(ប៉ះរបង តូប និងសំយ៉ាបផ្ទះដែលសាងសង់លើដីចំណីផ្លូវ) ក្នុងនោះមានពលរដ្ឋ៤៤គ្រួសារសារទរចំពោះគម្រោងនេះ ដោយព្រមសហការ និងចូលរួមជាមួយអាជ្ញាធរខេត្តដោយស្ម័គ្រចិត្ត រុះរើសំណង់ តូប សំយ៉ាបផ្ទះចេញពីចំណីផ្លូវ ដើម្បីទុកលទ្ធភាព​ជូនអាជ្ញាធរ​សាងសង់ហេដ្ឋារចនាសម្ព័ន្ធ។ ទន្ទឹមគ្នានេះ មានម្ចាស់សណ្ឋាគារ ០១ទីតាំង (សណ្ឋាគារទែរ៉ូ) បានជំទាស់មិនព្រមសហការ ជាមួយអាជ្ញាធរ និងធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិតទាក់ទងទៅ នឹងការស្ម័គ្រចិត្តរបស់ពលរដ្ឋទាំង៤៤គ្រួសារ និងស្នើអាជ្ញាធរពង្វាងផលប៉ះពាល់លើកម្មសិទ្ធិរបស់គាត់(លោកស្រី ខៃ ចិន្តា ម្ចាស់សណ្ឋាគារ)។ 

ក្រោយការចុះសម្របសម្រួល ពន្យល់លម្អិតអំពីទស្សនវិស័យ និងគម្រោងអភិវឌ្ឍន៍របស់ខេត្ត ព្រមទាំងកំណត់​ផលប៉ះពាល់​ជាក់ស្តែង លោកស្រី ខៃ ចិន្តា បានព្រមទទួលយក និងសហការជាមួយអាជ្ញាធរខេត្ត ប៉ុន្តែទាមទារនូវការសងសំណង​លើផលប៉ះពាល់​មួយចំនួន(ប៉ះពាល់ផ្នែកខ្លះនៃរបងសណ្ឋាគារ)។

ដោយឡែកក្រោយពីមានការបង្ហោះលើគណនី ហ្វេសប៊ុក របស់លោកស្រី Chenda Clais ម្ចាស់ភោជនីយដ្ឋាន ទែរូ (Terres Rouges) កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ ដែលមានសំណេរថា «នាងខ្ញុំមិនជំទាស់​នឹងគំរោងពង្រីកផ្លូវទេ។ ប៉ុន្តែគំរោងនេះកើតក្រោយការវិនិយោគរបស់ខ្ញុំ។ ហេតុដូចនេះហើយ​គណកម្មការខេត្ត​ រតនៈគិរីគួរតែធ្វើផ្លូវវៀងបញ្ជៀសគេចអោយផុតរបងសណ្ឋាគារ។ ទែរូ សាងសង់លើផ្ទៃដីសរុប១១៧៥៤មែ់ត្រការេ មានប្លង់រឹង៥ក្បាលដី រួមទាំងច្បាប់អនុញ្ញាតិបើកអាជីវកម្មស្របច្បាប់។ ម្យាងទៀតបើពង្រីកផ្លូវទៅខាងមាត់បឹង នឹងមិនប៉ះពាល់ដល់ប្រជាពលរដ្ឋទេ។ ប្រជាជនរងគ្រោះទាំង៤៥គ្រួសារចង់ទាមទារតវ៉ាដែរ តែពួកគាត់មានការភ័យខ្លាច។ បានត្រឹមតែស្រក់ទឹកភ្នែក បង្ខំចិត្តយល់ព្រមទាំងក្តុកក្តួល ព្រោះគ្មានលទ្ធភាព បព្ចេាញយោបល់បាន….»

ឆ្លើយតបនឹងការបង្ហោះព័ត៌មានរបស់គណីហ្វេសប៊ុកខាងលើនេះ លោក ងិន ណែល អភិបាលក្រុងបានលុងបានអោយដឹងថា ខេត្តមានផែនការច្បាស់លាស់ណាស់ក្នុងការអភិវឌ្ឍន៍ពង្រីកផ្លូវជុំវិញបឹងកន្សែងនេះ។ ហើយមុននឹងធ្វើការឈូសឆាយពង្រីក រដ្ឋបាលក្រុងបានលុងបានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋចំនួន៤៥គ្រួសារដែលមានលំនៅជុំវិញបឹងអោយរុះរើ សំយាប ឫរបងដែលសាងសង់ចូលចំណីផ្លូវដោយទុករយៈពេល៣០ថ្ងៃ។

លោកអភិបាលក្រុងបន្តថា ក្រោយជូនដំណឹងគឺប្រជាពលរដ្ឋនៅជុំវិញបឹងបានសហការល្អជាមួយជាមួគណៈកម្មការខេត្ត ក៏ដូចជាមួយរដ្ឋបាលក្រុង។ ដោយឡែកតែម្ចាស់សណ្ឋាគារទែរូដែល មានលោកស្រី ខៃ ចិន្តា ជាម្ចាស់មិនព្រមសហ​ការរុះរើរបង​សណ្ឋាគារ ដែលសាងសង់ចូលចំណីផ្លូវសាធារណៈរបស់រដ្ឋ។ លោកថាឥឡូវរដ្ឋបាលក្រុង​បានលុងបានចេញ​សេចក្តីជូនដំណឹង ដល់លោកស្រី ខៃ ចិន្តា ជាម្ចាស់សណ្ឋាគារដោយទុកពេលរយៈ១៥ទៀត គិតចាប់ពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ អោយរុះរើរបង រឺសំណង់ដែលរងផលប៉ពាល់ចេញ។ បើផុតឱសានវាទហើយម្ចាស់សណ្ឋាគារទែរូមិនរុះរើទៀត រដ្ឋបាលក្រុងនឹងមានវិធានការចុះរុះរើដោយ មិនទទួលខុសត្រូវសំណង់ដែលរងផលប៉ះពាល់ដាច់ខាត ហើយម្ចាស់សំណង់ត្រូវរ៉ាប់រងចំណាយក្នុងការរុះរើថែមទៀតផង៕ដោយ គតិ យុត្ត

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner