ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក សុង សារ៉ន បានបញ្ជាក់អំពីការនាំចេញអង្កររបស់កម្ពុជា ក្នុងបរិបទកូវីដ១៩

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក សុង សារ៉ន បានថ្លែងថា «អង្កររបស់កម្ពុជា បាននិងកំពុងបន្តរីកចម្រើនក្នុងទិសដៅមួយត្រឹមត្រូវ ហើយនឹងឈានដល់ការនាំចេញជាផ្លូវការ ១លានតោន ក្នុងផលិតកម្មប្រកបដោយនិរន្តរភាព និងផ្តល់ផលសេដ្ឋកិច្ចសង្គម ដល់សហគមន៍នៅក្នុងខ្សែសង្វាក់តម្លៃទាំងអស់។

លោកបានបន្តថា ឆ្នាំ ២០២០ គឺជាពេលវេលាដ៏លំបាកបំផុត ដែលដំណើររបស់យើងត្រូវបានរងផលប៉ះពាល់ដោយការយកពន្ធរបស់សហភាពអឺរ៉ុប លើអង្ករនាំចេញរបស់កម្ពុជា ក្នុងឆ្នាំ២០១៩ វិបត្តិកូវីដ១៩ គ្រោះធម្មជាតិ ដូចជាគ្រោះរាំងស្ងួត និងទឹកជំនន់ និងវិបត្តិការដឹកជញ្ជូនទំនិញតាមកប៉ាល់ ក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២០។ កម្ពុជាគឺជាប្រទេសនាំចេញអង្ករមួយ ដែលប្រកបដោយមោទនភាព ក្នុងការដែលបានផ្គត់ផ្គង់ និងធានានូវសន្តិសុខស្បៀងទៅដល់ប្រទេសក្នុងតំបន់ ក៏ដូចជាសកលលោក។​

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក សុង សារ៉ន បានអោយដឹងទៀតថា ក្នុងស្ថានភាពដ៏លំបាកនេះ យើងអាចនាំចេញអង្ករបានក្នុងរង្វង់ ៧០ម៉ឺនតោន ដែលគិតជាទឹកប្រាក់ទទួលបានជាង ៤៧០ លានដុល្លារអាមេរិក ដែលក្នុងនោះភាគច្រើន (៨0%) ជាអង្ករក្រអូប ដោយហេតុថា ការទទួលស្គាល់នូវគុណភាពអង្កររបស់កម្ពុជាមានការកើនឡើង នៅគ្រប់ទីផ្សារ ជាពិសេសប្រទេសចិន រួមមានហុងកុង និង ហ្គាបុង និងអូស្រ្តាលី។ សមិទ្ធផលទាំងនេះទទួលបានពីការខិតខំប្រឹងប្រែង របស់ក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និងសមាជិកស.អ.ក ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយដៃគូអភិវឌ្ឍន៍ ដូចជា វិទ្យាស្ថានស្រាវជ្រាវស្រូវអង្ករអន្តរជាតិ (IRRI) រដ្ឋាភិបាលអូស្រ្តាលីតាមរយៈកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្ម កម្ពុជា-អូស្រ្តាលី (CAVAC) កិច្ចសហប្រតិបត្តិការកម្ពុជា-អាឡឺម៉ង់ (GIZ) វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍកសិកម្មកម្ពុជា (CARDI) មន្ទីរពិសោធន៍ Eurofin Lab និងអន្តរក្រសួងផ្សេងទៀត ពីអាជ្ញាធរមូលដ្ឋាន រហូតដល់ថ្នាក់ជាតិ ជាពិសេសជាមួយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នៅឆ្នាំ ២០២១ វ៉ាក់សាំងកូវីដ១៩ នឹងត្រូវបានរំពឹងទុកថា អាចជួយសង្គ្រោះអាយុជីវិត និងធ្វើឱ្យមានភាពប្រក្រតីឡើងវិញ និងការស្តារឡើងវិញ នៃសេដ្ឋកិច្ចរបស់យើង ហើយយើងនឹងបន្តដំណើរដើម្បីជំរុញ និងនាំចេញអង្ករដែលមានគុណភាពខ្ពស់របស់យើង។ ស.អ.ក នឹងដាក់ចេញនូវការសម្ពោធ ម៉ាកអង្ករក្រអូបគុណភាពខ្ពស់របស់យើង គឺម្លិះអង្គរ នៅប្រទេសចិន និងអឺរ៉ុប និងប្រភេទសែនក្រអូប០១ សម្រាប់ដាក់លក់នៅលើទីផ្សារ នៅពាក់កណ្តាលឆ្នាំ ២០២១។ អង្ករសែនក្រអូប០១ គឺជាប្រភេទអង្ករថ្មី ដែលមានគុណភាពខ្ពស់ រសជាតិឆ្ងាញ់ ទន់ ដែលជាសមិទ្ធផលរបស់ CARDI ក្នុងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្ម កម្ពុជា អូស្រ្តាលី (កាវ៉ាក់) និង ស.អ.ក ក្នុងកិច្ចការស្រាវជ្រាវនិងអភិវឌ្ឍន៍ ក្នុងឆ្នាំ២០១៨ ៕

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner