សម្ដេចតេជោ៖ ថ្ងៃនេះកម្ពុជា ផ្ដល់ម៉ាសជាង២លាន និងបរិក្ខារពេទ្យមួយចំនួនទៅកាន់ប្រទេសនេប៉ាល់

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជនប្រទេសនេប៉ាល់ រួមមានម៉ាសចំនួនជាង២លាន និងបរិក្ខារពេទ្យចំនួន១២មុខទៀត ត្រូវបានដឹកជញ្ជូនតាមយន្តហោះពិសេសចេញពីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសនេប៉ាល់ហើយនៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ក្រោមការដឹកនាំដោយឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អមដោយ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមទាំងមន្រ្តីមួយចំនួនទៀត។

នេះជាលើកទី៤ ដែលកម្ពុជាយើង បានចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ នៅបណ្ដាប្រទេសជាមិត្ដ ដោយកាលពីពេលថ្មីៗនេះ គឺបានផ្តល់ម៉ាសចំនួនជាង២លាន និងសម្ភារពេទ្យមួយចំនួនដល់ប្រទេសឡាវ, ផ្តល់ម៉ាសចំនួនជាង២លាន និងសម្ភារៈពេទ្យមួយចំនួនទៀត ដល់ប្រទេសមីយ៉ាន់ម៉ា, ផ្តល់ជំនួយម៉ាស១លាន និងសម្ភារៈមួយចំនួនទៀត ដល់ប្រទេសទីម័រឡេស្ត និងនៅប្រទេសនេប៉ាល់ ដែលយើងបានរៀបចំរួចរាល់ដាក់ចូលយន្ដហោះនេះ ត្រៀមដឹកតាមយន្ដហោះ ដើម្បីប្រគល់ជូននៅថ្ងៃទី៤ មករា នេះ។

អំណោយសប្បុរសធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនរដ្ឋាភិបាលនៃប្រទេសនេប៉ាល់រួមមាន៖ ម៉ាសចំនួន២លាន, ម៉ាសក្រណាត់១០ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារៈបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន២០, ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូក្រាមក្នុង១ធុង (ក្លរ៉ាមីនប្រភេទB) ៥០០កេស, ស្បែកជើងក៏វែងសុវត្ថិភាព១ពាន់គូ និងសាប៊ូលាងដៃ ២ពាន់គូ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner