រដ្ឋមន្រ្តីក្រសួងកសិកម្ម ស្នើដល់អាជ្ញាធរ​មាន​សមត្ថកិច្ច ជួយទប់ស្កាត់ការនាំចូលត្រីខុស​ច្បាប់ពីប្រទេសជិតខាង ហើយអំពាវនាវដល់​អ្នកនាំចូលត្រីងាកមកប្រមូលទិញត្រីរបស់វារីប្បករវិញ ដើម្បីបំពេញតម្រូវការក្នុងស្រុក

អត្ថបទដោយ៖
ជា សេឌី

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ មន្រ្តីជំនាញសំខាន់ៗ កាលពីរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ បានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រីចំនួន ០២កន្លែង ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

កសិដ្ឋានទី០១៖ របស់លោក សឿ ម៉ៅ ដែលត្រូវជាបងប្រុសលោក ហោង ទ្រី និងលោក លីម សុខហេង ត្រូវជាក្មួយលោកហោង ទ្រី ដែលស្ថិតនៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ បានឱ្យដឹងថា កសិដ្ឋានចិញ្ចឹមត្រីនេះបានដំណើរការជាង១៨ឆ្នាំហើយ បច្ចុប្បន្នកសិដ្ឋានមានស្រះចិញ្ចឹមត្រីប្រាចំនួន១៥ស្រះ ទំហំចាប់ពី ៦ ០០០-១០ ០០០ម៉ែត្រការ៉េ  សមត្ថភាពផលិតត្រីប្រាបាន ២ ០០០តោនក្នុង១ឆ្នាំ ដោយប្រើចំណីផលិតដោយខ្លួនឯងផង និងក្រុមហ៊ុនផង។

កសិដ្ឋានទី២៖  ចិញ្ចឹមត្រីប្រាដូចគ្នា ស្ថិតនៅភូមិធំខាងជើង សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកភ្នៅ។ លោក ង៉ែត ទូច អ្នកគ្រប់គ្រងទូទៅ  បានឲ្យដឹងថា កសិដ្ឋាននេះបានដំណើរការរយៈពេល៧ឆ្នាំមកហើយ បច្ចុប្បន្នមានស្រះចិញ្ចឹមត្រីប្រាធំៗចំនួន ៨ស្រះ សរុបដាក់កូនត្រីចិញ្ចឹម ១លានកូន។ ដោយអនុវត្តតាមគោលការណ៍បច្ចេកទេសចិញ្ចឹមត្រីដូចជាការផ្តល់ចំណី ការសម្អាតស្រះ ការគ្រប់គ្រង ប្រើប្រាស់ និងសម្អាតទឹក។ល។ រួមផ្សំជាមួយពូជល្អ ចំណីមានគុណភាព លក្ខខណ្ឌចិញ្ចឹមអំណោយផល ការថែទាំប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ជាពិសេសការលក់ដុំ និងលក់រាយដោយខ្លួនឯងផ្ទាល់នៅលើទីផ្សារ មិនរំពឹងឈ្មួញកណ្តាល កសិដ្ឋានអាចប្រមូលផល និងលក់បាន ៧០០តោនក្នុង១ឆ្នាំ ហើយអនាគតគ្រោងចិញ្ចឹមឲ្យបាន ១ ០០០ក្នុង១ឆ្នាំ ដើម្បីឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារក្នុងស្រុក។

ពិនិត្យឃើញទិដ្ឋភាពជារួម និងសកម្មភាពចិញ្ចឹមរបស់កសិដ្ឋានទាំងពីររួចមក ឯកឧត្ដមរដ្ឋមន្រ្តីវេង សាខុន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងប្រកាន់យករបរចិញ្ចឹមត្រី ដើម្បីចូលរួមចំណែកបំពេញសេចក្តីត្រូវការទីផ្សារក្នុងស្រុក និងកាត់បន្ថយការនាំចូល។

ក្នុងសកម្មភាពចុះពិនិត្យនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំឱ្យរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រាជធានី-ខេត្ត និងសមាគមវារីវប្បករកម្ពុជា ជួយរកទីផ្សារ ដើម្បីរក្សានិរន្តរភាពផលិតកម្មចិញ្ចឹម ហើយជួយរៀបចំផែនការផលិតកម្ម ចងក្រងបណ្តុំអ្នកចិញ្ចឹម និងបញ្ចូលបច្ចេកទេសថ្មីៗបន្ថែមទៀតទាំងការផលិតកូន ផ្តល់ចំណី និងបរិស្ថានចិញ្ចឹម ឈានឆ្ពោះទៅបំពេញខ្សែច្រវាក់ផលិតកម្ម រួមទាំងខ្សែច្រវាក់តម្លៃបន្ថែមសំដៅដល់ការកែច្នៃ។ ឯកឧត្តម បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ចជួយទប់ស្កាត់ការនាំចូលត្រីខុសច្បាប់ពីប្រទេសជិតខាង ហើយអំពាវនាវដល់អ្នកនាំចូលត្រីងាកមកប្រមូលទិញត្រីរបស់វារីប្បករវិញ ដើម្បីបំពេញតម្រូវការក្នុងស្រុក។ ទន្ទឹមនឹងនេះ ចំពោះអ្នកបរិភោគ និងអ្នកប្រើប្រាស់ កែច្នៃផលិតផលត្រី សូមបន្តជួយគាំទ្រផលិតផលក្នុងស្រុក ដើម្បីជួយជំរុញកំណើនផលិតកម្មវារីវប្បកម្មក្នុងស្រុកឱ្យកាន់តែកើនឡើងទាំងបរិមាណ គុណភាព និងតម្លៃ ជាពិសេសលោកសុំឱ្យវិនិយោគិនក្នុងស្រុកបង្កើនការវិនិយោគក្នុងវិស័យវារីវប្បកម្ម ដើម្បីចូលរួមបង្កើនផលិតកម្មស្បៀង ផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់តាមតម្រូវការក្នុងស្រុកក្នុងបរិបទនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវិដ-១៩។

សូមជម្រាបជូនថា សកម្មភាពនៃការអញ្ជើញចុះមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រីនាព្រឹកនេះ គឺជាផ្នែកមួយនៃការជួយជំរុញ និងលើកទឹកចិត្តដល់ផលិតកម្មចិញ្ចឹមត្រីក្នុងស្រុក តាមរយ:ការនាំយកតួអង្គពីរសំខាន់មកជួបគ្នា គឺរដ្ឋបាលជលផល និងសមាគមវារីវប្បករកម្ពុជា ដើម្បីសហការ សម្របសម្រួលទាំងផ្នែកទីផ្សារ និងការអនុវត្តបច្ចេកទេសឱ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពលើផលិតកម្មចិញ្ចឹមក្នុងគោលដៅរួមមួយគឺអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញផលិតកម្មស្បៀងតាមរយ:ការបង្កើនផលិតកម្មចិញ្ចឹមត្រីដូចជាត្រីអណ្តែង ត្រីប្រា ត្រីឆ្តោ ត្រីពោ និងកង្កែប៕ជា សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner