ស្ថានទូតកម្ពុជាចូលរួមចុះហត្ថលេខាលើពិធីសារ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកអាស៊ាន ស្តីពីវិស័យទេសចរណ៍

លោក ហេង សុវណ្ណារិទ្ធ អនុព័ន្ធពាណិជ្ជកម្ម តំណាងឲ្យលោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ នៅថ្ងៃទី៦មករាឆ្នាំ២០២១ បានចូលរួមពិធីចុះហត្ថលេខាលើពិធីសារ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកអាស៊ាន (MRA) ស្តីពីវិស័យទេសចរណ៍ ដែលរៀបចំឡើងនៅក្រសួងទេសចរណ៍ និងកីឡាថៃ ក្រោមអធិបតីភាព លោករដ្ឋមន្ត្រី ភីផាត់ រ៉ាត់ចាក់គិតប្រាកន (Phiphat Ratchakitprakarn) នាទីក្រុងបាងកក ប្រទេសថៃ។

កិច្ចព្រមព្រៀងនោះ ត្រូវបានចុះហត្ថលេខាលើកដំបូងក្នុងឆ្នាំ២០១២ ដោយរដ្ឋជាសមាជិកអាស៊ាន ដើម្បីជួយសម្រួលដល់ការចល័តនៃអ្នកជំនាញទេសចរណ៍, ការផ្លាស់ប្តូរព័ត៌មានស្តីពីឧត្តរមានុវត្តន៍ខាងផ្នែកអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈផ្អែកលើសមត្ថភាព សម្រាប់អ្នកជំនាញទេសចរណ៍ ក៏ដូចជាផ្តល់ឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ និងការកសាងសមត្ថភាពទូទាំងតំបន់អាស៊ាន។

កិច្ចព្រមព្រៀងដែលបានធ្វើវិសោធនកម្មនោះ ត្រូវគេរាយការណ៍ថា នឹងបើកផ្លូវឱ្យមានការទទួលស្គាល់នូវតំណែងការងារចំនួន៣២ នៅក្នុងឧស្សាហកម្មចំនួនពីរគឺ សេវាកម្មសណ្ឋាគារ និងសេវាកម្មទេសចរណ៍។ លើសពីនោះទៀត វានឹងគ្របដណ្តប់លើផ្នែកផ្សេងទៀតដូចជា ការរៀបចំប្រជុំ, ការលើកទឹកចិត្ត, ការធ្វើសន្និបាត និងការតាំងពិព័រណ៍ (MICE) ព្រមទាំងអ្នកបង្កើតព្រឹត្តិការណ៍អាជីព និងផ្នែកផ្សេងៗទៀត ទាក់ទងឧស្សាហកម្មទេសចរណ៍ ដែលនឹងជួយបង្កើនភាពប្រកួតប្រជែងនៃអ្នកជំនាញវិស័យទេសចរណ៍ និងឧស្សាហកម្ម MICE ព្រមទាំងជំរុញការធ្វើពាណិជ្ជកម្មនៅក្នុងវិស័យទេសចរណ៍ និងសេវាកម្ម MICE នៅក្នុងតំបន់៕កឹម ទៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner