កីឡាករ សុខ លឹមហេង បង្ហាញគោលជំហរជួយឲ្យកីឡាអុកចត្រង្គកម្ពុជាល្បីនឹងឈរជើងបាននៅលើឆាកអន្តរជាតិ

អត្ថបទដោយ៖
សារ៉ាន ទីងី

កីឡាករអុកចត្រង្គ សុខ លឹមហេង ក្រោយគ្រងជើងឯក ថ្នាក់ជាតិឆ្នាំ២០២០ បានបង្ហាញគោលជំហរសម្រួចសមត្ថភាពខ្លួនបន្ថែមទៀត ឲ្យកាន់តែមានសក្តានុពល ក្នុងបំណងជួយឲ្យកីឡាអុកកម្ពុជាល្បីល្បាញលើឆាកអន្តរជាតិនៅពេលខាងមុខ។
សុខ លឹមហេង បញ្ជាក់ថា កក្តាដែលជម្រុញឲ្យខ្លួនអភិវឌ្ឍសមត្ថភាពឈានដល់ការឈ្នះជើងឯកស្ទើរតែគ្រប់ការប្រកួតនៅក្នុងប្រទេសជាបន្តបន្ទាប់នោះ ដោយសារតែប្រភេទកីឡាអត្តសញ្ញាណខ្មែរមួយនេះ ខ្លួនមានឧបនិស្ស័យតាំងពីវ័យក្មេង។ កីឡាករ អុកចត្រង្គវ័យក្មេងលេចធ្លោរូបនេះ អះអាងទៀតថា ការឈ្នះជើងឯកនៅក្នុងស្រុកវាមិនគ្រប់មហិជ្ជតា ដែលរូបគេប៉ងនោះទេ ពោលគេមានមហិជ្ជតាចង់ឈ្នះជើងឯកការប្រកួតនៅឆាកអន្តរជាតិទៀត ដើម្បីជួយឲ្យអុកចត្រង្គខ្មែរ មានភាពល្បីរន្ទឺលើឆាកអន្តរជាតិ ។ ដូច្នោះ តាមរយៈឧបនិស្ស័យ និងសមត្ថភាពដែលខ្លួនមាន សុខ លឹមហេង បានប្តេជ្ញាថា នឹងខិតខំសម្រួចដុះខិតសមត្ថភាពឲ្យកាន់តែមានសក្តានុពល ត្រៀមចូលរួមជែងដណ្តើមយកលទ្ធផលល្អ ជាមួយប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៌ ពីព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងនាមជាកីឡាករអុកចត្រង្គម្ចាស់ផ្ទះ ។

គួររំលឹកថា កីឡាករ សុខ លឹមហេង ដណ្តើមបានចំណាត់ថ្នាក់លេខ១ ពីការប្រកួតកីឡាអុកចត្រង្គជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ បន្ទាប់ពីបានយកឈ្នះនៅវគ្គផ្តាច់ព្រ័ត្រលើកីឡាករជើងខ្លាំង និងជាអតីតស្តេចអុក ឈាវ បូរ៉ា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ នៅក្លឹបសេះខៀវ រាជធានីភ្នំពេញ។ កីឡាករអុកចត្រង្គ សុខ លឹមហេង ក៏ជាម្ចាស់ជ័យលាភីចំណាត់ថ្នាក់លេខ១ នៅក្នុងការប្រកួតនានា នាពេលកន្លងមកដែរ ហើយនៅក្នុងជើងឯកថ្នាក់ជាតិ ដែលបានបិទបញ្ចប់ដោយជោគជ័យម្សិលមិញ យុវជនដ៏លេចធ្លោរូបនេះបានបង្ហាញនូវភាពខ្លាំងរបស់ខ្លួន ដោយឆ្លងកាត់១៥ប្រកួត សរុប១២ពិន្ទុ ដណ្តើមបានលេខ១ ខណៈគូប្រជែងដ៏សំខាន់នៅវគ្គផ្តាច់ព្រ័ត្រ កីឡាករ ឈាវ បូរ៉ា ឆ្លងកាត់១៥ប្រកួតដូចគ្នា ដោយមានត្រឹមតែ១០.៥ពិន្ទុ។
សូមបញ្ជាក់ថា កីឡា អុកចត្រង្គ កីឡាអត្តសញ្ញាណមួយនេះ ក៍ត្រូវបាន CAMSOC ជ្រើសរើសដាក់បញ្ជូលទៅក្នុងប្រភេទកីឡាសក្តានុពលខ្ពស់ ក្នុងការដណ្តើមមេដាយជូនជាតិ ក្នុងការប្រកួត ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ដោយកំពុងដើរតួយ៉ាងសំខាន់ ក្នុងការបញ្ចេញសមត្ថភាព និងសម្រេចតាមចក្ខុវិស័យ របស់ CAMSOC និងប្រជាជនកម្ពុជាទូទាំងប្រទេស ដែលកំពុងទន្ទឹងរង់ចាំនូវលទ្ធផលផលដ៏ល្អនេះ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner