អារ៉ាប៊ីសាអូឌីតគ្រោងបោះទុន 6ទ្រីលានដុល្លារលើគម្រោងវិនិយោគថ្មីជំនួសការពឹងផ្អែកពីចំណូលប្រេងតែមួយមុខ

បរទេស៖ ជាផ្នែកមួយនៃទស្សនវិស័យដ៏វែងឆ្ងាយរបស់ព្រះអង្គម្ចាស់រាជទាយាទនៃប្រទេសអារ៉ាប៊ីសាអូឌីត Mohammed bin Salmanដែលនៅត្រឹមឆ្នាំ2030 ខាងមុខនេះ គ្រោងបោះទុនប្រមាណ 6ទ្រីលានដុល្លារដើម្បីបង្កើតគម្រោងវិនិយោគថ្មីធ្វើជាឆ្អឹងខ្នងសេដ្ឋកិច្ចប្រទេស ជំនួសឱ្យការរំពឹងតែទៅលើចំណូលដែលទទួលបានពីវិស័យផលិតប្រេងឆៅដូចពេលបច្ចុប្បន្ន។

យោងតាមការសារព័ត៌មាន Saudi Press បានសរសេរថា កញ្ចប់ទុនវិនិយោគ 6ទ្រីលានដុល្លារនេះនឹងប្រើប្រាស់ពាក់កណ្តាលទៅលើគម្រោងវិនិយោគថ្មី ហើយទំហំសាច់ប្រាក់ដែលនៅសល់នឹងត្រូវប្រើប្រាស់ជាមួយនឹងគម្រោងដែលកំពុងដំណើរការស្រាប់។ ជាមួយគ្នានេះ ក្រៅពីមានមហិច្ឆិតាក្នុងការបង្កើតគម្រោងវិនិយោគថ្មីនាពេលខាងមុខនេះ អារ៉ាប៊ីសាអូឌីតនឹងរំពឹងថាអាចបង្កើតឱ្យកាសការងាររាប់លានកន្លែងជូនដល់ពលរដ្ឋរបស់ខ្លួនផងដែរ។

Reuters

គួរឲ្យដឹងដែរថាកញ្ចប់ថវិកាសម្រាប់ធ្វើការវិនិយោគនេះ អាចនឹងដាក់ឱ្យដំណើរការតាមច្រកវិនិយោគសាធារណៈ ឬ PIF(Public Investment Fund) ប្រមាណជា 85 ភាគរយ ហើយចំនួនដែលនៅសេសសល់គ្រោងនឹងដាក់អនុវត្តតាមការចូលរួមវិនិយោគពីក្រុមហ៊ុនឯកជនក្នុងស្រុក និងក្រៅស្រុក។ នេះបើយោងតាមការបញ្ជាក់របស់ព្រះអង្គម្ចាស់ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Saudi Press។

តាមរយៈ PIF ទុនវិនិយោគភាគច្រើននឹងត្រូវប្រើប្រាស់ទៅលើគម្រោងធំៗដូចជាតំបន់សេដ្ឋកិច្ចពិសេសដែលត្រូវបានគេស្គាល់ឈ្មោះថា NEOM ដែលមានផ្ទៃដីស្ទើរតែស្មើទៅនឹងប្រទេសប៊ែលហ្ស៊ិកទាំងមូល គម្រោងសួនកំសាន្តយក្សនៅខាងក្រៅទីក្រុង Riyadh ដែលមានឈ្មោះថា Qiddiya ដែលមានទំហំធំជាង Disney World ដល់ទៅ 2.5 ដង ជាពិសេសគម្រោងរមណីយដ្ឋាននៅក្នុងសមុទ្រក្រហមដែលមានរូមបញ្ចូលគ្នាទៅដោយកោះចំនួន 50 នោះផងដែរ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner