ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ជម្រុញឲ្យអាជ្ញាធរបណ្តាស្រុកដែលមានមណ្ឌលចត្តាឡីស័កទទួលពលករ គួរពិនិត្យធ្វើការផ្លាស់ប្តូរទីតាំងថ្មី ដើម្បីរៀបចំសាលា ឲ្យសិស្សបានចូលរៀនក្នុងបវេសនកាល ឆ្នាំសិក្សា២០២០-២០២១ឡើងវិញ

   ឯកឧត្តម ងួន រតនៈ  អភិបាលខេត្តបាត់ដំបងនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានជម្រុញដល់អាជ្ញាធរស្រុកដែលទទួលពលករមកពីប្រទេសថៃ និងមានមណ្ឌលចត្តាឡីស័ក ឲ្យពលករទាំងនោះសម្រាកស្នាក់នៅដើម្បីធ្វើការត្រួតពិនិត្យនូវសុខភាពនិងធ្វើតេស្តយកវត្ថុសំណាករកមេរោគកូវីដ-19 តាមមណ្ឌលចត្តាឡីស័ក ដែលភាគច្រើនត្រូវបានរដ្ឋបាលខេត្តនិងមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានរៀបចំជាមណ្ឌលចត្តាឡីស័កសូមធ្វើការពិនិត្យលទ្ធភាពឡើងវិញ ដើម្បីផ្ទេរឬធ្វើការផ្លាស់ប្តូរទីតាំងមណ្ឌលទាំងនោះ ដើម្បីយកសាលារៀនទាំងនោះ រៀបចំឲ្សសិស្សានុសិស្ស បានចូលសិក្សាឡើងវិញនូវក្នុងបវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១ នេះ។

      ការថ្លែងបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពនៃរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែធ្នូឆ្នាំ២០២០កន្លងទៅ ដែលបានធ្វើ នៅព្រឹកថ្ងៃទី១៤ ខែមករាឆ្នាំ២០២១នេះ ក្រោមវត្តមានពីឯកឧត្តមអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពនៃរដ្ឋបាលខេត្តបាង់ដំបងផ្ទាល់។

        ការដាក់ចេញនូវវិធានការណែនាំនិងជម្រុញដល់អាជ្ញាធរនៃរដ្ឋបាលស្រុកក្រុងបែបនេះ បន្ទាប់ពីឯកឧត្តមបានស្តាប់របាយការណ៍របស់លោក យីសុងគី ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបាត់ដំបង ដែលបានបង្ហាញពីការបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១ ដែលមានសាលារៀនមួយចំនួន ក្នុងខេត្តបាត់ដំបង មិនបានបើកបវេសនកាលឆ្នាំសិក្សាថ្មី ដោយសារតែសាលារៀនទាំងនោះ ត្រូវបានរដ្ឋបាលខេត្តបាត់ដំបង កំណត់យកធ្វើជាទីតាំងមណ្ឌលចត្តាឡីស័កដើម្បីទទួលបងប្អូនពលករ ដែលបានវិលត្រឡប់មកពីប្រទេសថៃ។

       តាមការគូសបញ្ជាក់ពីលោក យី សុងគី ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបាត់ដំបង បានឲ្យដឹងថា៖ការបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១ ក្នុងខេត្តបាត់ដំបង មានសាលាចំនួន១៨សាលាដែលមិនទាន៎បានបើក ដោយសារតែហេតុផលបានបញ្ជាក់ខាងលើ។លោកប្រធានមន្ទីរអប់រំក៏បានគូសបញ្ជាក់ឲ្យដឹងផងដែរថា៖ ក្នុងចំណោមសាលាទាំង១៨ ខាងលើនេះ រួមមាន៖ វិទ្យាល័យចំនួន០៧សាលា, អនុវិទ្យាល័យចំនួន ០៤សាលានិងបឋមសិក្សាចំនួន៧សាលា ក្នុងចំណោមស្រុកចំនួន១០ក្នុងខេត្ត ហើយសិស្សដែលមិនបានចូលរួមបើកបវេសនកាលឆ្នាំសិក្សាថ្មី គឺមានចំនួនសរុប១៩.០៥៥នាក់ និង គ្រូចំនួន ៧០៦នាក់។   លោកប្រធានមន្ទីរបានសង្កត់ធ្ងន់ឲ្យដឹងបន្ថែមថា៖យ៉ាងយូរដំណាច់ខែមករានេះ សាលារៀនទាំងនិងដំណើរការធម្មតាឡើងវិញ។ ហើយនៅសល់តែសាលាចំនួន៧ ប៉ុណ្ណោះ ដែលអាចពន្យាពេលយូរដោយសារសាលារៀនទាំងនោះ នៅជាប់បន្តធ្វើជាមណ្ឌលចត្តាឡីស័កសំរាប៎ពលករ។ ក្នុងចំណោមសាលាទាំង៧ ក្នុងនោះមាន៖វិទ្យាល័យចំនួន០២អនុវិទ្យាល័យចំនួន១និងបឋមសិក្សាចំនួន០៤ ដែលស្ថិតក្នុងស្រុកចំនួន៣គឺស្រុកកំរៀង ភ្នំព្រឹក និង

ស្រុកសំពៅលូន។ដោយឡែកវិទ្យាល័យចំនួន០២ទៀត គ្រោងបើកឲ្យចូលរៀននៅថ្ងៃទី១៨ ខែមករាឆាប់នេះ ក្នុងនោះមានវិទ្យាល័យព្រះមុនីវង្សក្នុងក្រុងបាត់ដំបង និងវិទ្យាល័យជ្រៃ ក្នុងស្រុកថ្មគោល។

       ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តក៏បានថ្លែងឲ្យដឹង ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដោយលើកឡើងថា៖បើទោះបីស្ថានភាពពលករមកពីថៃ ខ្លះបានធ្វើចត្តាឡីស័កគ្រប់ចំនួនថ្ងៃដែលបានកំណត់ និងបានត្រួតពិនិត្យសុខភាពនិងបានយកវត្ថុសំណាកធ្វើតេស្តជាបន្តបន្ទាប់និងអនុញ្ញាតឲ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋាននិងស្រុកកំណើតរបស់ខ្លួនហើយក្តី។ តែមកដល់ត្រឹមថ្ងៃទី១៣ខែមករានេះ ចំនួនបងប្អូនដែលកំពុងតែធ្វើចត្តាឡីស៏ក នៅតាមមណ្ឌលនានាតាមបណ្តាស្រុកមានភូមិសាស្ត្រជាប់ព្រំដែនថៃនិងកំពុងតែធ្វើចត្តាឡីស័កនៅទីនោះ មានចំនួនសរុបប្រមាណជាង១.៤០០នាក់ កំពុងតែស្នាក់នៅមណ្ឌលទាំងនោះ។

      ឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ក៏បានធ្វើការណែនាំនិងជម្រុញឲ្យអាជ្ញាធរស្រុកពាក់ព័ន្ធដែលមានមណ្ឌលចត្តាឡីស័កតាមសាលារៀន គួរធ្វើការផ្ទេរឬផ្លាស់ទីតាំងនូវមណ្ឌលចត្តាឡីស័ក ដែលបានធ្វើតាមសាលារៀនធំៗ គួរបង្វែររកសាលារៀនតូចសមល្មមធ្វើកន្លែងចត្តាឡីស័កជំនួសវិញ ដើម្បីយកសាលាទាំងនោះឲ្យសិស្សដែលមានចំនួនច្រើនបានចូលរៀនឡើងវិញ។ ហើយចំពោះបណ្តាស្រុកជាប់និងព្រំដែនខាងលើរដ្ឋបាលខេត្ត និងរិះរកលទ្ធភាពក្នុងការផ្ទេរទីតាំងមណ្ឌលចត្តាឡីស័កទាំងនោះទៅកាន់ទីតាំងសមស្រប ដើម្បីឲ្យសិស្សបានចូលរៀនឡើងវិញដូចបណ្តាសិស្សដទៃទៀតក្នុងខេត្តផងដែរ៕  ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner