ក្រុមហ៊ុនសុខ កែវ អ៊ីមផត អិចផត នាំមុខគេក្នុងការចែកចាយអង្ករដែលមានគុណភាពខ្ពស់ ក្នុងប្រទេសកម្ពុជា

លោកជំទាវសុខ កែវ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនសុខ កែវ អ៊ីមផត អិចផត បានថ្លែងថា ក្នុងនៅឆ្នាំ២០២០នេះ ក្រុមហ៊ុនសុខ កែវ អ៊ីមផត អិចផត បានទទួលទិញស្រូវពីប្រជាកសិករប្រមាណជាង ១ម៉ឺន២ពាន់តោន ក្នុងនោះមានប្រភេទស្រូវ សែនក្រអូប អ៊ីអ៊ែ នាងមិញ ផ្កាខ្ចី ស្រូវផ្ការមៀត និងស្រូវផ្ការំដួល ។ ដោយឡែក ប្រភេទស្រូវផ្ការំដួលឆ្នាំនេះ យើងធ្វើការប្រមូលទិញបានតែជាង៤ពាន់តោនតែប៉ុណ្ណោះ បើធៀបទៅនឹងឆ្នាំ២០១៩ឃើញថា ការទិញចូលនេះ មានការថយចុះបន្តិចបន្តួច ។ ហើយការថយចុះឆ្នាំ២០២០នេះ ដោយសារកត្តាគ្រោះធម្មជាតិ បណ្តាលមកពីបញ្ហាគ្រោះជំនន់ទឹកភ្លៀង ដែលធ្វើអោយផលស្រូវពាក់កណ្តាលប្រកាន់រដូវ ប្រភេទផ្ការំដួលមានការខូចខាតច្រើន។ កន្លងមកក្រុមហ៊ុនបានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការចែកពូជស្រូវជូនប្រជាពលរដ្ឋផងដែរ។

លោកជំទាវបានបន្តថា កន្លងមកយើងមានកិច្ចសហការណ៍ជាមួយបណ្តាសហគមន៍កសិករ ដែលជាអ្នកផលិតស្រូវនៅក្នុងខេត្តតាកែវ ដើម្បីអោយពួកគាត់យកស្រូវមកលក់នៅរោងម៉ាស៊ីនយើងផ្ទាល់តែម្តង ហើយយើងបាន នឹងកំពុងធ្វើសកម្មភាពសហការណ៌ដៃគូរជាមួយសហគមន៏បន្ថែមទៀត នៅក្នុងស្រុកត្រាំកក់ និងស្រុកមួយចំនួនទៀតនៅខេត្តតាកែវផងដែរ ។ ប្រភេទអង្ករដែលយើងចរាចរលក់នៅលើទីផ្សារក្នុងស្រុករួមមាន ប្រភេទអង្ករផ្ការំដួល ផ្ការមៀត សែនក្រអូប ផ្កាខ្ចី នាងមិញ ហើយយើងចែកចាយទៅតាមបណ្តាខេត្ត ក្រុង មួយចំនួនដូចជា រាជធានី ភ្នំពេញ ខេត្តតាកែវ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តកំពត ហើយយើងក៏បានលក់ចូលនៅតាមបណ្តា ផ្សារទំនើបផងដែរ។

កន្លងមកក្រុមហ៊ុនសុខ កែវ អ៊ីមផត អិចផត បានធ្វើការនាំចេញទៅក្រៅប្រទេស ក្នុងតំបន់អាស៊ីដូចជា ចិន ម៉ាកាវ ហុងកុង ជាដើម ហើយមន្ថែមជាងនោះទៀត យើងក៏បានផលិតលក់អោយក្រុមហ៊ុនក្នុងស្រុកដើម្បីនាំចេញបន្តទៅក្រៅប្រទេសផងដែរ។ ជាទូទៅក្រុមហ៊ុន ប្រមូលទិញស្រូវសើមដោយឆ្លងកាត់ការត្រួតពិនិត្យច្បាស់លាស់ និងប្រើប្រាស់ឡសំងួត ហើយស្រូវដែលប្រមូលទិញមកភ្លាមត្រូវបញ្ចូលក្នុងឡសំងួត អោយនៅសំណើម១៤ភាគរយ ជាកត្តាសំខាន់ ទើបអាចយកទៅរក្សាទុកបាន។ ចំពោះការផលិតអង្ករយើងមានម៉ាស៊ីនទំនើបស្វ័យប្រវត្តិរបស់ប្រទេសជប៉ុន ដែលមានសមត្ថភាព អាចផលិតអង្ករបានចាប់ពី៨តោន ទៅ១០តោន ក្នុង១ម៉ោង ។ អាចផលិតអង្ករតាមស្តង់ដារ និងមានការវេចខ្ចប់តាមបច្ចេកទេសត្រឹមត្រូវប្រកបដោយគុណភាពខ្ពស់ ដើម្បីបំពេញតាមតម្រូវការលក់ទៅលើ ទីផ្សារ ក្នុងស្រុក និងបំរើអោយការនាំចេញទៅក្រៅប្រទេស។

លោកជំទាវសុខ កែវ បានថ្លែងទៀតថា ឆ្នាំ២០២០នេះ ពិភពលោកទាំងមូលទទួលរងនូវវិបត្តិកូវិដ១៩ ។ ដោយឡែក ប្រទេសកម្ពុជាយើងទទួលរងនូវវិបត្តិកូវិដ១៩ គ្រោះរាំងស្ងួត ជំនន់ទឹកភ្លៀង ដែលធ្វើអោយ មុខជំនួញលើវិស័យស្រូវអង្ករយើង ទទួលរងនូវផលប៉ះពាល់តិចតួច ដោយសារវិស័យយើងជាប្រភេទស្បៀងអារហារដែលមនុស្សគ្រប់រូបត្រូវការជាប្រចាំថ្ងៃ មិនអាចខ្វះបាន ។

លោកជំទាវ សំណូមពរដល់ប្រជាកសិករយើងធ្វើយ៉ាងណាខិតបង្កើនដាំដុះផលិតស្រូវទៅ តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ជាពិសេសសូមជ្រើសរើសពូជស្រូវអោយបានសុទ្ធល្អ ដើម្បីរក្សាបាននូវគុណភាព និងកេរ្តិ៍ឈ្មោះអង្ករកម្ពុជាយើង ដែលកន្លងមកយើងទទួលបានជ័យលាភីជាអង្ករបាយឆ្ងាញ់ចំណាត់ថ្នាក់លេខ១ បីឆ្នាំជាប់ៗគ្នា ។  នេះគឺជាមោទនភាពរបស់ប្រទេសយើង ក្រោមការដឹកនាំដ៏ត្រឹមត្រូវល្លៀសវៃ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្រោមម្លប់សន្តិភាព (អរគុណសន្តិភាព)។

សូមបញ្ជាក់ថា រោងម៉ាស៊ីនកិនស្រូវសុខកែវ មានទីតាំងស្ថិតនៅ ភូមិត្រពាំងគូរ ឃុំលាយបូរ ស្រុក ត្រាំកក់ ខេត្តតាកែវ លើផ្ទៃប្រមាណជាង7ហិចតា ក្នុងនោះរួមមានផ្ទៃដី សំណង់រោម៉ាស៊ីនកិនស្រូវ ឃ្លាំងស្តុកស្រូវ អគារការិយាល័យ អការស្នាក់នៅរបស់បុគ្គលិកកម្មករ ដែលដំណើរការតាំងពីឆ្នាំ២០១៣ មកម្ល៉េះ ៕

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner