បច្ចេកវិទ្យា 3 នេះ​នឹងធ្វើឱ្យប្រព័ន្ធអប់រំដំណើរការកាន់តែងាយស្រួលនៅថ្ងៃអនាគត

អត្ថបទដោយ៖
ស៊ុន លី

ចំណេះដឹងទូទៅ៖ ​បច្ចេកវិទ្យាអប់រំ Education Technology ឬ EdTech នៅក្នុងសម័យកាលកូវីដបានបង្ហាញឱ្យគ្រប់គ្នាមើលឃើញយ៉ាងច្បាស់ពីសារៈសំខាន់បំផុតសម្រាប់ពិភពលោក។ បច្ចេកវិទ្យាបែប AR, VR និង AI កំពុងបង្កើនសន្ទុះរបស់ខ្លួនដោយអនុញ្ញាតិឱ្យ​សិស្ស​-និស្សិតសិក្សាដោយស្មើភាពគ្នានិងគ្រប់ទីកន្លែង។ ស្របគ្នានេះ វត្តមាន EdTech រាប់ទាំងការសិក្សាអនឡាញ (Online) និងមិនអនឡាញ (Offline) បានជួយឱ្យដំណើរការសិក្សារបស់សិស្សកាន់តែប្រសើរឡើង។

អ្នកស្រាវជ្រាវបច្ចេកវិទ្យារកឃើញថា បច្ចេកវិទ្យាចំនួន 3 អាចជួយឱ្យប្រព័ន្ធអប់រំនៅលើលោកកាន់តែជឿនលឿន និងងាយស្រួល។ បច្ចេកវិទ្យាទាំងនោះ រួមមានបច្ចេកវិទ្យា Augmented Reality (AR) និង Virtual Reality (VR) បច្ចេកវិទ្យា Articial Intelligence (AI) និងបច្ចេកវិទ្យា Wireless Technology ។ ពួកគេជឿជាក់ថា ទោះបីការរាតត្បាតជំងឺកូវីដនឹងត្រូវបញ្ចប់ក្តី ប៉ុន្តែការសិក្សាដោយពឹងផ្អែកទៅលើបច្ចេកវិទ្យាមិនអាចបញ្ចប់ត្រឹមនេះបានឡើយ ​មានន័យថា ប្រសិនបើពិភពលោកចង់បង្កើនគុណភាពអប់រំឱ្យកាន់តែប្រសើរ ចាំបាច់ត្រូវតែបង្កើនសមត្ថភាពបន្ថែមនៅលើបច្ចេកវិទ្យា។

សម្រាប់បច្ចេកវិទ្យា Augmented Reality (AR) ជាបច្ចេកវិទ្យាដែលប្រើប្រាស់រូបភាពឌីជីថលនៅក្នុងរូបភាពពិតៗផ្ទាល់ ស្តែងតាមរយៈកាមេរ៉ាស្មាតហ្វូន ឬឧបករណ៍បច្ចេកវិទ្យាផ្សេងទៀត។ ចំណែក VR ជាបច្ចេកវិទ្យាដែលអាចផ្តល់ជារូបភាព ឬទិដ្ឋភាពជាក់ស្តែងទាំងស្រុងដូចការពិត តាមរយៈពាក់វែនតា VR ប៉ុណ្ណោះ។

ទន្ទឹមគ្នានេះ បច្ចេកវិទ្យា Artificial Intelligence (AI) ក្រៅតែពីជំនាញខាងការវិភាគទិន្នន័យធំៗនិងច្រើនខ្ទង់ហើយនោះ AI មានការគិតនិងសម្រេចចិត្តបានលឿនជាងខួរក្បាលមនុស្សយើងធម្មតា។ ដូចនេះការប្រើប្រាស់បច្ចេកវិទ្យា AI បញ្ចូលទៅក្នុងការសិក្សាពិតជាអាចជួយយ៉ាងខ្លាំងដល់សិស្ស ជាពិសេសគ្រូបង្រៀនអាចតាមដានពីកម្រិតនៃការបង្រៀននិងការយល់ដឹងរបស់សិស្ស។

មួយវិញទៀតបច្ចេកវិទ្យា Wireless Technology ឬហៅថាបច្ចេកវិទ្យាឥតខ្សែ អាចនិយាយថាសំខាន់ជាងបច្ចេកវិទ្យាទាំងពីរខាងលើ ពិសេសនៅបណ្តាប្រទេសដែលមិនទាន់មានបណ្តាញអ៊ីនធឺណេតគ្រប់គ្រាន់។ ជាក់ស្តែងបច្ចេកវិទ្យាមួយនេះ ត្រូវបានប្រើប្រាស់ដោយវេបសាយ Classcloud.zaya.in​ ។ ឧទាហរណ៍គ្រូបង្រៀនម្នាក់អាចអនុញ្ញាតឱ្យកំព្យូទ័រសិស្ស 40 គ្រឿងទៀតចូលទៅចែករំលែកនិងទាញយកឯកសារមេរៀនបានយ៉ាងងាយ ដោយមិនចាំបាច់មានការជួបជុំគ្នានៅក្នុងថ្នាក់រៀនឡើយ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner