ទស្សនកិច្ចលើការរៀបចំសម្រាំងពូជស្រូវសែនក្រអូប០១ (SKO 01) របស់សហគមន៍កសិកម្ម ដែលបានចុះកិច្ចសន្យាជាមួយអេមរុរ៉ាយស៍

លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយស៍ និងជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) បានអញ្ជើញចុះទស្សនកិច្ច ពិនិត្យមើលលើការរៀបចំទុកដាក់ពូជសែនក្រអូប០១ ដែលទើបផលិតបានដោយសហគមន៍កសិកម្មផលិតពូជមង្គលសាលាត្រាវ ស្ថិតនៅឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។

អេមរុរ៉ាយស៍ មានសេចក្តីរីករាយ និងអបអរសាទរដល់សហគមន៍កសិកម្មមង្គលសាលាត្រាវ ដែលជាសហគមន៍មួយចុះកិច្ចសន្យាកសិកម្មជាមួយនឹងក្រុមហ៊ុនអេមរុរ៉ាយស៍នាពេលកន្លងទៅ និងទទួលបានការសហការជាមួយក្រុមហ៊ុន ក្នុងការផលិតពូជសែនក្រអូប០១នេះ ដើម្បីអាចលក់ ចែកចាយជូនកសិករប្រើប្រាស់។ ពូជសែនក្រអូប០១ គឺជាពូជស្រូវស្រាល មិនប្រកាន់រដូវដែលបន្សុទ្ធ និងបញ្ចេញដោយ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (កាឌី) និងទទួលបានការគាំទ្របច្ចេកទេសពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅចុងឆ្នាំ២០១៩ ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុ ពីរដ្ឋាភិបាល ប្រទេសអូស្ត្រាលី តាមរយៈកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្ម កម្ពុជា-អូស្ត្រាលី (CAVAC) និងមានការចូលរួមបដិភាគរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា។

ដោយទទួលបានពូជគ្រឹះ ពីវិទ្យាស្ថាន ស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ក្រុមហ៊ុន អេមរ៉ុរាយស៍ បានសហការជាមួយសហគមន៍កសិកម្មផលិតពូជមង្គលសាលាត្រាវ ដោយទទួលបានការគាំទ្រ លើការបណ្តុះបណ្តាលផ្នែកបច្ចេកទេសច្រើន ពីមន្ទីរកសិកម្មខេត្តបាត់ដំបង ពីរដ្ឋាភិបាលប្រទេសអូស្ត្រាលី តាមរយៈកម្មវិធីខ្សែសង្វាក់តំលៃកសិកម្ម កម្ពុជាអូស្ត្រាលី (CAVAC) សហព័ន្ធស្រូវអង្ករកម្ពុជា និង វិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) ដោយបានសាកល្បងទទួលបានជោគជ័យក្នុងការផលិតពូជសម្រាប់ចែកចាយ និងលក់ជូនប្រជាកសិករ។ លក្ខណៈពិសេសរបស់ស្រូវសែនក្រអូប០១ គឺជាប្រភេទស្រូវស្រាលមិនប្រកាន់រដូវ ធន់នឹងអាកាសធាតុ ដែលប្រើប្រាស់រយៈពេល ចន្លោះពី ១១០ ទៅ ១១៥ថ្ងៃ។

ពូជស្រូវសែនក្រអូបជាស្រូវយុទ្ធសាស្ត្រសំរាប់ជំរុញការនាំចេញ ដែលមានតម្លៃសំរាប់ប្រភេទទីផ្សារកំរិតមធ្យម បន្ទាប់ពីស្រូវផ្ការំដួល។ សម្រាប់សហគមន៍កសិកម្មមង្គលសាលាត្រាវនេះ បានទទួលពូជគ្រឹះពីអេមរុរ៉ាយស៍ចំនួន៥០០គីឡូក្រាម និងចែកចាយជូនដល់សមាជិកក្នុងការផលិត ហើយគិតមកដល់សព្វថ្ងៃនេះ សហគមន៍បានផលិតពូជសែនក្រអូប០១នេះបានចំនួន២០តោន និងគម្រោងនៅឆ្នាំ២០២១ សហគមន៍នឹងបន្ថែមការផលិតលើផ្ទៃដី៣០ហិចតាបន្ថែមទៀត ដែលមួយហិកតា អាចទទួលបានទិន្នផលពី១.៥តោន ទៅ៣តោន។

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner