“គ្មានលុយបង់ថ្លៃសិក្សា” មិនមែនជាឧបសគ្គកាត់ផ្ដាច់ក្ដីសុបិនសិក្សារបស់យុវជននៅសាកលវិទ្យាល័យ

អត្ថបទដោយ៖
AMS

ភ្នំពេញ៖ រាជធានីភ្នំពេញជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្មដ៏ធំ និងជាបណ្តុំនៃការអប់រំពហុជំនាញ។ រៀនបន្តថ្នាក់បរិញ្ញាបត្រនៅទីក្រុងភ្នំពេញ សិស្សត្រូវចំណាយថវិកាច្រើនបង់ថ្លៃសាលា ថ្លៃសម្ភារៈសិក្សា ចំណាយស្នាក់នៅ និងថ្លៃចាយវាយប្រចាំថ្ងៃ។ នេះអាចជាមូលហេតុចម្បងបណ្ដាលឱ្យសិស្សមួយចំនួន សម្រេចចិត្តមិនបន្តការសិក្សារបស់ខ្លួនតាមក្ដីស្រមៃ។ ប៉ុន្តែបច្ចុប្បន្ននិស្សិតមួយចំនួន បានជម្នះបញ្ហាទាំងនេះ ដោយខិតខំប្រឹងប្រែងស្វែងរកអាហារូបករណ៍សិក្សា និងឆ្លៀតធ្វើការងារក្រៅម៉ោងបន្ថែម។

កញ្ញា ជ្រែ ឡៃឃី មកពីខេត្តកំពង់ចាម ជានិស្សិតកំពុងបន្តសិក្សានៅសាកលវិទ្យាល័យពុទ្ធិសាស្រ្ត បាននិយាយថា សិស្សត្រូវប្រឹងប្រែងសិក្សាឱ្យអស់ពីសមត្ថភាពដើម្បីទទួលបានអាហាររូបករណ៍។ ឡៃឃី “ប្រសិនបើពុំមានលទ្ធភាពបង់ថ្លៃសាលា មានសាកលវិទ្យាល័យនិងស្ថាប័នជាច្រើន រួមទាំងក្រសួងអបរំផងដែរ ដែលផ្ដល់អាហារូបករណ៍ដល់និស្សិតដែលមិនមានលទ្ធភាពរៀនបន្ដ… សិស្ស-និស្សិតគួរចាប់យកឱកាសទាំងអស់នោះ ដើម្បីបន្តការសិក្សារបស់ខ្លួន”។

កញ្ញា ជ្រែ ឡៃឃី

យុវតីរូបនេះបានបន្តទៀតថា កន្លែងស្នាក់នៅក្នុងពេលបន្តការសិក្សាសំខាន់សម្រាប់និស្សិតដែលមកពីខេត្ត។ ឡៃឃី បានឱ្យដឹងថា ពេលបន្តការសិក្សានៅរាជធានីភ្នំពេញ រូបគេស្នាក់នៅអន្តេវាសិកដ្ឋាន Harpswell ដោយឥតគិតថ្លៃសម្រាប់និស្សិតស្រី។ នៅទីនោះ សិស្ស-និស្សិតទទួ​ល​បានវគ្គបណ្ដុះបណ្ដាលជំនាញរឹង និងទន់បន្ថែម ដូចជាសិក្សាភាសាអង់គ្លេស និងជំនាញគិតស៊ីជម្រៅ និងឱកាសផ្សេងៗជាច្រើនទៀត​។

ថ្វីត្បិតរស់នៅទីក្រុងចំណាយប្រាក់ច្រើនបន្តិចមែន ប៉ុន្តែកន្លងទៅសិស្ស-និស្សិតមួយចំនួនមិនបានចាត់ទុកជាឧបសគ្គរារាំងការសិក្សារបស់ពួកគេឡើយ។ ក្រៅពីសិក្សា ពួកគេអាចស្វែងរកការងារក្រៅម៉ោងបន្ថែម ទទួលបានចំណូលជួយដល់ជីវភាព។

“ចំពោះខ្ញុំបញ្ហាហិរញ្ញវត្ថុមិនអាចរារាំង ឬកាត់ផ្តាច់ការសិក្សាជាក្ដីស្រមៃរបស់ខ្ញុំបានឡើយ ខ្ញុំសន្សំលុយដើម្បីបន្តការសិក្សារបស់ខ្ញុំ…”។ នេះជាការលើកឡើងរបស់កញ្ញា លី ស្រីណុច និស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បន្ទាប់ពីប្រឡងជាប់បាក់ឌុប ស្រីណុច បានចំណាយពេលមួយឆ្នាំ ដើម្បីសន្សំប្រាក់និងត្រៀមខ្លួនបន្តការសិក្សាតាមបំណងរបស់ខ្លួន។

លី ស្រីណុច

កញ្ញា យ៉ាង លាភា​ និស្សិតមកពីខេត្តបន្ទាយមានជ័យ បាននិយាយថា “ចប់បាក់ឌុបភ្លាមខ្ញុំស្ទើរតែមិនអាចរៀនបន្តបាន ដោយសារអត់លុយរៀនបន្ត… ខ្ញុំបានដាក់ពាក្យសុំអាហារូបករណ៍នៅតាមសាកលវិទ្យាល័យ និងរកកន្លែងស្នាក់នៅភ្នំពេញ។ ពេលនោះខ្ញុំបានអាហារូបករណ៍ Harpswell Foundation និងបានស្នាក់នៅអន្តេវាសិកដ្ឋាន។

ក្នុងនាមជាសិស្សចិញ្ចឹមចិត្តស្វែងរកអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស យុវជន លឹម សុភា បានបំពេញបំណងរបស់ខ្លួនតាមរយៈអាហារូបករណ៍របស់ម្ចាស់ក្សត្រីសិរិនថន សិក្សាថ្នាក់បរិញ្ញាបត្រជំនាញ Mass Communication Technology នៅប្រទេសថៃឡដ៍ បាននិយាយថា តាមរយៈកម្មវិធីអាហារូបករណ៍នេះ បានជួយយ៉ាងច្រើនរាប់ទាំងថ្លៃសាលា ស្នាក់នៅ និងការចំណាយប្រចាំខែផ្សេងៗ។ “ខ្ញុំជឿជាក់ឱ្យតែយើងខំប្រឹងប្រែងនិងមានគោលបំណងច្បាស់លាស់ យើងទទួលធ្វើបាន…” លឹម សុភា។

លឹម សុភា

ជាការកត់សម្គាល់ បច្ចុប្បន្ននៅរាជធានីភ្នំពេញមានសមាគមនិស្សិត អង្គការមនុស្សធម៌ និងអន្តេវាសិកដ្ឋានរបស់ក្រសួងអប់រំ យុវជន និងកីឡា ជួយទំនុកបម្រុងនិងផ្តល់កន្លែងស្នាក់នៅដល់សិស្សានុសិស្សមកពីតាមបណ្តាខេត្តនានា។ ប៉ុន្តែទន្ទឹមគ្នានេះ សិស្សត្រូវស្វែងរកព័ត៌មានសិក្សាឱ្យ​បានច្បាស់លាស់ មុនសម្រេចចិត្តបន្តការសិក្សា និងត្រៀមខ្លួនជានិច្ច ជម្នះឧបសគ្គទាំងឡាយក្នុងពេលសិក្សា៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner