យុវតី សែ មិនា ៖ “ក្តីសុបិនជំរុញឱ្យមានសកម្មភាព ហើយសកម្មភាពបង្កើតជាសមិទ្ធិផល”

អត្ថបទដោយ៖
AMS

ភ្នំពេញ៖ មនុស្សម្នាក់ៗអាចមានក្ដីសុបិនផ្សេងគ្នា ហើយអាចប្រើវិធីខុសគ្នាដើម្បីសម្រេចគោលដៅរបស់ខ្លួន ប៉ុន្តែមិនប្រាកដថាទាំងអស់គ្នាអាចសម្រេចបានតាមបំណងប្រាថ្នាទេ ប្រសិនបើមិនមានការខិតខំប្រឹងប្រែង និងគម្រោងច្បាស់លាស់។ ជាយុវតីម្នាក់ដែលមានក្ដីស្រមៃតាំងតែពីតូច កញ្ញា សែ មិនា បានប្រែក្លាយសុបិនរបស់ខ្លួន ជាកម្លាំងចិត្តក្នុងការខិតខំប្រឹងប្រែងកាន់តែខ្លាំង ដើម្បីសម្រេចអ្វីដែលខ្លួនចង់បាន។

សែ មិនា ៖ “កាលពីខ្ញុំនៅតូច ខ្ញុំតែងតែស្រមៃថា ពេលធំឡើងខ្ញុំនឹងក្លាយជាមនុស្សម្នាក់ដែលធ្វើរឿងជាច្រើនតាមក្ដីសុបិន ហើយខ្ញុំមិនដែលខ្វល់ថារឿងទាំងនោះធំឬតូច​ អាចទៅរួចឬមិនអាចទៅរួចនោះទេ។ ខ្ញុំអាចនិយាយភាសាអង់គ្លេសបានស្ទាត់ជំនាញ ខ្ញុំធ្វើដំណើរទៅកាន់ប្រទេសក្នុងក្ដីស្រមៃ និងបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា សុទ្ធតែជាអ្វីដែលខ្ញុំចង់សម្រេចឱ្យបាន”។

ធំដឹងក្ដីនៅលើទឹកដីភូមិស្រុកដែលមិនសូវមានអ្នកប្រើប្រាស់ភាសាអង់គ្លេស មិនា​ តែងតែកោតសរសើរអ្នកសម្របសម្រួល ឬបុគ្គលដែលមានវត្តមានតាមកញ្ចក់ទូរទស្សន៍ថាពួកគាត់អាចនិយាយភាសាអង់គ្លេសបានយ៉ាងល្អ។ “រាល់ពេលដែលខ្ញុំបានឃើញមនុស្សនិយាយភាសាអង់គ្លេសតាមទូរទស្សន៍ ខ្ញុំពិតជាកោតសរសើរពួកគាត់ណាស់ ហើយតែងតែសុបិនចង់ធ្វើជាមនុស្សម្នាក់ពូកែនិយាយភាសាអង់គ្លេសដូចគាត់ នៅថ្ងៃណាមួយ”។

យុវតីមានដើមកំណើតនៅខេត្តត្បូងឃ្មុំ រូបនេះ បានបន្តថា “កាលរៀនថ្នាក់ទី9 ភាពក្លាហានរបស់ខ្ញុំបានជំរុញឱ្យខ្ញុំចូលរួមនិយាយភាសាអង់គ្លេសក្នុងកម្មវិធីវិទ្យុមួយ។ នៅពេលនោះខ្ញុំគឺជាមនុស្សតែម្នាក់គត់ដែលអាចនិយាយភាសាអង់គ្លេសក្នុងចំណោមមិត្តភក្តិរបស់ខ្ញុំនៅសាលា។ ឆ្នាំ 2013 ខ្ញុំត្រូវបានជ្រើសរើសជាអ្នកដឹកនាំយុវជនចំនួន 50 នាក់មកពី 27 ភូមិក្នុងឃុំរបស់ខ្ញុំ។ ក្រោយមកនៅឆ្នាំ 2016 ខ្ញុំបានក្លាយជាគ្រូបង្រៀន ហើយក៏បានរកប្រាក់ចំណូលដើម្បីទ្រទ្រង់ជីវិតសាកលវិទ្យាល័យ ហើយក៏បញ្ចប់ថ្នាក់បរិញ្ញាបត្របានដោយជោគជ័យ”។

ក្នុងនាមជាយុវតី​ម្នាក់ដែលចង់ធ្វើឱ្យសហគមន៍ និងពិភពលោកនេះ ក្លាយជាកន្លែងមួយដែលល្អប្រសើរជាងមុន មិនា​ ចង់ក្លាយជាអ្នកដឹកនាំមួយរូបនៅថ្ងៃអនាគត។ “ខ្ញុំចង់ដឹកនាំនិងបង្ហាញពីសក្តានុពលរបស់ខ្ញុំ រួមទាំងបង្កើតទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន ដើម្បីចែករំលែកគំនិតរបស់ខ្ញុំ និងរៀនសូត្រពីពួកគាត់ផងដែរ។ បើទោះជាសកម្មភាពរបស់ខ្ញុំមិនអាចជួយបានទាំងស្រុង តែខ្ញុំជឿថា​ ខ្ញុំអាចផ្ដល់ឥទ្ធិពលវិជ្ជមានដល់សង្គមបាន”។ នេះជាការបញ្ជាក់បន្ថែមរបស់ មិនា។

ក្ដីសុបិន្តមួយទៀតនោះ គឺការធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង ដែលជាប្រទេសមួយក្នុងក្ដីស្រមៃ ហើយធ្វើដំណើរដោយមិនចាំបាច់ចំណាយប្រាក់ផ្ទាល់ខ្លួន។ មិនា​ រំភើបរាល់ពេលលឺសំឡេងយន្តហោះម្ដងៗ ព្រោះបានសន្យានឹងខ្លួនឯងទាំងវ័យនៅក្មេងថា នឹងហោះហើរយ៉ាងហោចណាស់ឱ្យបានម្តងក្នុងជីវិត។

នៅឆ្នាំ 2019 បទពិសោធន៍ស្ម័គ្រចិត្តរបស់ មិនា បានជំរុញចិត្តក្នុងការដាក់ពាក្យចូលរួមសិក្ខាសាលានៅបរទេសជាលើកដំបូង ហើយដោយការខិតខំប្រឹងប្រែង និស្សិតរូបនេះក៏ត្រូវបានជ្រើសរើសដោយស្ថាពរ។

មិនា៖ “ខ្ញុំចាំបានថាបន្ទាប់ពីបំពេញពាក្យស្នើសុំចូលរួមរួច ខ្ញុំបានបង្ហោះលើហ្វេសប៊ុកថា «ជួបគ្នាឆាប់ៗនេះក្រុងសេអ៊ូល» ទាំងដែលខ្ញុំមិនទាន់ដឹងពីលទ្ធផលនៅឡើយ ថាខ្ញុំនឹងត្រូវបានជ្រើសរើសឬអត់។ ជាលទ្ធផល ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះខ្ញុំត្រូវបានគេជ្រើសរើសក្នុងចំណោមមនុស្សរាប់ពាន់នាក់។ ពេលនោះហើយបានសុបិនក្លាយជាការពិត។ ខ្ញុំអាចធ្វើដំណើរទៅប្រទេសកូរ៉េ ដោយមិនចំណាយប្រាក់ផ្ទាល់ខ្លួន”។

ក្តីសុបិន្តក្នុងវ័យកុមារភាពរបស់ មិនា សម្រេចបានច្រើនហើយ តែក៏នៅមានខ្លះទៀតដែលមិនទាន់បានសម្រេច។

ជានិស្សិតដែលតែងផ្តល់តម្លៃដល់ការសិក្សា មិនា ប្រាថ្នាបន្តការសិក្សាកម្រិតអនុបណ្ឌិតនៅបរទេស ព្រោះខ្លួនចង់ក្លាយជាយុវជនគំរូសម្រាប់យុវជនដទៃទៀតនៅក្នុងសហគមន៍របស់ខ្លួន និងលើកទឹកចិត្តយុវជនឱ្យខិតខំសិក្សាឱ្យបានខ្ពង់ខ្ពស់។ មិនា៖ “ទោះជាយ៉ាងណាក៏ដោយ ខ្ញុំនឹកឃើញសម្រង់សម្ដីមួយបាននិយាយថា «កន្លែងណាមានឆន្ទៈ​ គឺតែងតែមានផ្លូវ» ក្តីសុបិន្តជំរុញឱ្យមានសកម្មភាព ហើយសកម្មភាពបង្កើតសមិទ្ធិផល។ ដរាបណាខ្ញុំមិនឈប់សុបិន ខ្ញុំនៅតែអាចសម្រេចវាបាននៅពេលក្រោយ។

យុវតីរូបនេះក៏បានបញ្ជាក់ដែរថា ដើរតាមក្ដីសុបិនរបស់ខ្លួន មិនមែនជារឿងងាយស្រួលទេ ត្រូវព្យាយាមនិងតាំងចិត្តខ្ពស់បំផុត។ “ដើម្បីសម្រេចក្តីសុបិននីមួយៗ ទាមទារការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត អត់ធ្មត់ រួមទាំងប្រកាន់ខ្ជាប់ការគិតនិងអាកប្បកិរិយាវិជ្ជមាន” យុវតី សែ មិនា៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner