សម្តេចតេជោចង់ធ្វើជំរឿនស្វែងរកអ្នកចង់ និងអ្នកមិនចង់ចាក់វ៉ាក់សាំងកូវីដ-19

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងកំឡុងពេលកម្ពុជាកំពុងរងការយាយីដោយជំងឺកូវីដ-19 នេះ គឺមិនអាចរង់ចាំទៀតទេ គឺត្រូវតែស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងស្ម័គ្រចិត្ត។ វ៉ាក់សាំងស៊ីណូហ្វាមរបស់ប្រទេសចិន នឹងមកដល់កម្ពុជាដំបូងនៅខែកុម្ភៈ ហើយសម្តេចនឹងចេញទៅទទួលវ៉ាក់សាំងដល់ព្រលានយន្តហោះតែម្តង ព្រោះថាវ៉ាក់សាំងជំងឺកូវីដ-19 គឺជាទំនិញយុទ្ធសាស្ត្រ។

សម្តេចតេជោ ក៏ចង់ឱ្យឯកឧត្តម ម៉ម ប៊ុនហេង ធ្វើជំរឿនដើម្បីស្វែងរកអ្នកចង់ចាក់ និងអ្នកមិនចង់ចាក់ដោយសម្តេចតេជោបានបញ្ជាក់ជាថ្មីថា ការចាក់វ៉ាក់សាំង គឺឈរលើគោលការណ៍ស្ម័គ្រ ចិត្តដូច្នេះបើនរណាចង់ចាក់ក៏ចាក់បើមិនចង់ចាក់ក៏មិនបង្ខំឡើយ។

សូមជម្រាបថាទាក់ទងវាក់សាំងជំងឺកូវីដ19 នេះកាលពីថ្ងៃទី15 ខែមករាឆ្នាំ2021 សម្តេចតេជោ ហ៊ុនសែន ក៏បានប្រកាសឱ្យដឹងថារដ្ឋាភិបាលចិនបានផ្ដល់វ៉ាក់សាំងជំងឺកូវីដ-19 ចំនួន1លានដូសដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ 50ម៉ឺននាក់ដែលវ៉ាក់សាំងប្រឆាំងជាមួយកូវីដ-19 របស់ចិននឹងផ្ដល់មកកម្ពុជានេះគឺជាវ៉ាក់សាំងស៊ីណូហ្វាម ។

បើធៀបជាមួយវ៉ាក់សាំងប្រទេសខ្លះតម្រូវឱ្យរក្សានៅក្នុងសីតុណ្ហភាព 70អង្សាក្រោមសូន្យ វ៉ាក់សាំងស៊ីណូហ្វាមរបស់ប្រទេសចិននេះ អាចរក្សាត្រឹមសីតុណ្ហភាពពី 2-8 អង្សា ហើយងាយស្រួលនឹងរក្សាទុកទៀតផង ។

សម្តេចតេជោក៏បានមានប្រសាសន៍ថា នៅពេលវ៉ាក់សាំងដឹកមកដល់កម្ពុជា សម្តេចនឹងចុះទៅទទួលផ្ទាល់ ហើយក៏ជាអ្នកចាក់ដំបូងគេ។ បន្ទាប់ពីចាក់រួច សម្តេចនឹងធ្វើសន្និសីទកាសែតនៅមន្ទីរពេទ្យកាល់ម៉ែតតែម្តង ដើម្បីជូនដំណឹងថាកម្ពុជាចាប់ផ្តើមចាក់វ៉ាក់សាំងហើយ។

ទោះជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា សម្តេចបានផ្ញើលិខិតមួយច្បាប់ទៅកាន់នាយករដ្ឋមន្ត្រីចិន និងជួបជជែកជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ដើម្បីជជែក និងរិះរកយន្តការទទួលបានវ៉ាក់សាំង ដែលតាមការជជែកនោះ កម្ពុជាទទួលជំនួយពីចិន ឬខ្ចីថវិកាចិន រួចទិញវ៉ាក់សាំងចិនទាំងពីរ គឺស៊ីណូហ្វាម និងស៊ីណូហ្វាក់។

សម្តេចតេជោ ក៏បានថ្លែងថា សម្តេចបានសរសេរលិខិតទៅនាយករដ្ឋមន្ត្រីឥណ្ឌារួចហើយ ដើម្បីស្នើសុំវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។ សម្តេចតេជោ ក៏បានពិចារណាសរសេរលិខិតស្នើសុំវ៉ាក់សាំងពីកូរ៉េខាងត្បូងផងដែរ។
លោកនាយករដ្ឋមន្ត្រីហ៊ុនសែន បានមានប្រសាសន៍បន្ថែមថា នៅមុនពេលបុណ្យចូលឆ្នាំខ្មែរ កម្ពុជានឹងចាក់វ៉ាក់សាំងការពារកូវីត-19 ឱ្យបានចំនួន 50ម៉ឺននាក់ខណៈចិនកំពុងជំរុញឱ្យបាន 60 ដូសសម្រាប់ដំណាក់កាលដំបូងដែលនឹងត្រូវបញ្ជូនមកដល់នៅក្នុងខែកុម្ភៈខាងមុខ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner