ចាយលុយ​២ដុល្លារ ទស្សនាមេអំបៅរាប់រយប្រភេទពី Butterfly Paradise

អត្ថបទដោយ៖
AMS

ស្ថិតនៅចម្ងាយប្រមាណ៥គម ពីផ្សារចាស់ក្រុងសៀមរាប​ សួនមេអំបៅ (Butterfly Paradise) មានទីតាំងនៅក្នុងភូមិតាគង់ សង្កាត់សំបួរ ក្រុងសៀមរាប ជាកន្លែងដ៏ពិសេសមួយដែលអាចឲ្យអ្នកនៅជិតស្និទ្ធនឹងមេអំបៅជាច្រើនប្រភេទ ព្រមទាំងរុក្ខជាតិ ជាពិសេសរុក្ខជាតិផ្កាច្រើនពណ៌ ច្រើនបែប។

ទីធ្លាដ៏ធំ​ត្រូវបានរៀបចំ និងរចនាឡើងយ៉ាងស្រស់ស្អាតសម្រាប់ជាជម្រកដ៏កក់ក្តៅសម្រាប់សត្វមេអំបៅ ក៏ដូចជាសត្វមួយចំនួនទៀតផងដែរ រួមមានទឹកធ្លាក់ ស្រះទឹក ជាដើម។ ម្យ៉ាងវិញទៀត អ្នកនឹងឃើញមានប្រភេទផ្កាចម្រុះគ្នានៅតាមដងផ្លូវ មិនត្រឹមតែប្លែកភ្នែកទេ ថែមទាំងអាចរីករាយនឹងក្លិនផ្កាប្លែកជាប់នាសា ដែលសុទ្ធតែជាប្រភេទផ្កាដែលមានលក្ខណៈទាក់ទាញមេអំបៅតាមបែបផ្សេងៗគ្នា។

តម្លៃសំបុត្រពិសេសសម្រាប់ភ្ញៀវជាតិ ត្រឹមតែ 2$ សម្រាប់មនុស្សធំ និង1.5$ សម្រាប់ក្មេង និងបើកដំណើរការពីម៉ោង9:00ព្រឹក-4:30ល្ងាច ជារៀងរាល់ថ្ងៃ លើកលែងថ្ងៃសៅរ៍ អ្នកអាចចំណាយពេលថ្ងៃឈប់សម្រាករបស់អ្នកបានយ៉ាងរីករាយជាមួយនឹងធម្មជាតិ ហើយមិនបាច់ធ្វើដំណើរឆ្ងាយពីទីក្រុង។

ក្រៅពីដើរមើល និងថតរូបលេងជាមួយមេអំបៅ និងបុប្ផា អ្នកក៏អាចសិក្សាអំពីប្រភេទ ក៏ដូចជាជីវិត ជាពិសេសដំណើរជីវិតរបស់មេអំបៅទៅតាមប្រភេទ និងពូជផងដែរ តាមរយៈការពន្យល់ណែនាំពីអ្នកជំនាញស្រាវជ្រាវនៅទីនោះស្រាប់។

ចំណាយពេលសម្រាកដើរលេងជាមួយកូនតូចៗ ឬក្រុមមិត្តភក្តិ ឬក្រុមគ្រួសាររបស់អ្នកនៅទីនេះ ពិតជាផ្តល់នូវអារម្មណ៍មួយស្រស់ស្រាយ សប្បាយនឹងធម្មជាតិ និងសត្វស្អាតៗមានពណ៌ចម្រុះ។

ទីនេះក៏ជាកន្លែងដ៏ស្អាតមួយសម្រាប់ការថតរូប pre-wedding ផងដែរ។

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner