ចង់សម្ងំលាក់ខ្លួនមើលថ្ងៃលិចម្នាក់ឯងនៅសៀមរាប​ អាចទៅកន្លែងនេះបាន!

អត្ថបទដោយ៖
AMS

មានបំណងចង់មើលថ្ងៃលិច តែក៏ចង់គេចកន្លែងមានមនុស្សច្រើនពេក? កន្លែងមួយនេះ ដឹងតែពេញចិត្តតែម្តង! ទោះបីជារាងនៅឆ្ងាយពីក្រុងសៀមរាបបន្តិច តែធានាថាអ្នកនឹងមិនខកបំណងឡើយ…

ចម្ងាយប្រមាណ១០គម ពីក្រុង តាមបណ្តោយដងស្ទឹងទៅកាន់បឹងទន្លេសាប (ចុងឃ្នាស) ភ្នំក្រោមមួយរយៈកាលក្រោយនេះ បានក្លាយជាទីតាំងគយគន់ថ្ងៃលិចដ៏ពេញនិយមមួយ ជាពិសេសសម្រាប់ប្រជាជនក្នុងខេត្ត។ លោកអ្នកអាចធ្វើដំណើរដោយមធ្យោបាយអ្វីក៏បានដែរ ឲ្យតែស្រួលសម្រាប់អ្នក ព្រោះពេលទៅដល់ជើងភ្នំ អ្នកអាចដើរឡើងតាមជណ្តើរដោយថ្មើរជើង ឬជិះ (កង់ ឡាន ម៉ូតូ រ៉ឺម៉ក់…) ឡើងតែម្តងក៏បាន។

ជាទូទៅ គួរតែលៃពេលយ៉ាងណាទៅដល់ជើងភ្នំមុនម៉ោង៥ ទើបប្រសើរ…តែបើអ្នកមានពេលច្រើន មុនឡើងភ្នំ អ្នកក៏អាចចូលថតរូបលេងនៅចម្ការឈូកក្បែរៗនោះ ដែលអាចជាប់ទាំងទេសភាពភ្នំពីចម្ងាយផងដែរ។

អ្នកអាចត្រៀមចំណីពីខេត្តទៅខ្លះក៏បាន ហើយក៏អាចទិញបន្ថែមនៅជើងភ្នំ ឬតាមផ្លូវឡើងទៅលើភ្នំផ្ទាល់ ដែលប្រជាជនក្នុងតំបន់មានដាក់លក់អាហារ និងភេសជ្ជៈច្រើនមុខគួរសមដែរដូចជា បង្គាស្រុះ បង្គាបំពងម្សៅ ស៊ុតស្ងោរ ខ្យងអាំង ពងទាកូន ប្រហិត ជាដើម។

បន្ទាប់ពីត្រៀមស្បៀងអាហាររួចរាល់ហើយ សូមបន្តដំណើរឡើងរហូតដល់ឃើញមានក្លោងទ្វារចូលវត្ត ហើយជិះចូលចតយានជំនិះនៅក្នុងនោះ រួចសឹមធ្វើដំណើរដោយថ្មើរជើងឡើងទៅកាន់ប្រាសាទ។ សូមកុំភ្លេចធ្វើការអុជធូបបន់ស្រន់នៅមុខរូបសំណាកលោកយាយដែលនៅថែរក្សាទីនោះផង។

Credit : Reddit

ឆ្លងកាត់ប្រាសាទ សូមធ្វើដំណើរបន្តទៀត រហូតដល់ឃើញមានជម្រាលភ្នំ ដែលអាចដើរចុះម្តងបន្តិចៗ រួចស្វែងរកថ្មត្រង់ណាដែលល្មមសម្រាប់អង្គុយចាំមើលទេសភាពដ៏ស្រស់ត្រកាលបានដោយស្រួល និងសុវត្ថិភាព។

ថ្ងៃលិចនៅពីលើភ្នំក្រោម គឺមានភាពស្រស់ស្អាតទៅតាមរដូវកាល បើប៉ះចំរដូវវស្សា អ្នកនឹងឃើញទាំងផ្ទៃទឹក និងថ្ងៃលិច តែបើខែខ្លះ ក៏មានទិដ្ឋភាពវាលស្រែអមជាមួយវិញ។ ហើយអ្វីដែលសំខាន់ គឺថា មិនសូវមានមនុស្សច្រើននោះទេ ដែលអាចឲ្យអ្នករីករាយតាមបែបស្ងប់ស្ងាត់ជាមួយនឹងធម្មជាតិពិតៗ…

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner